ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមុទ្រ​ចិន​ខាងត្បូង​៖ សម្ដេច ហ៊ុន សែន ថា ប្រទេសក្រៅ​តំបន់​ទាញ​សមាជិក​អាស៊ាន​ឃុបឃិត​នយោបាយ​អាក្រក់​
28, Jun 2016 , 11:30 am        
រូបភាព
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យល់ថា ប្រទេសក្រៅ​តំបន់​ខ្លះ​បានធ្វើ​សកម្មភាព​អូសទាញ និង​គាបសង្កត់​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន គាំទ្រ​មុន​តុលា​ការចេញ​សាលដីកា​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ការឃុបឃិត​ន​យោ​បាយ​អាក្រក់​បំផុត ក្នុង​ក្របខណ្ឌ​នៃ​នយោបាយ​អន្តរជាតិ​។


​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច ហ៊ុន សែន នៅតែ​រក្សា​ជំហ​មិន​គាំទ្រ និង​ប្រឆាំង​រាល់​សេចក្ដីថ្លែងការណ៍​ណាមួយ​របស់​អាស៊ាន​គាំទ្រ ដល់​សាលដីកា​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ថា បញ្ហា​ជម្លោះ​នេះ ត្រូវបាន​ប្រទេសក្រៅ​តំបន់​ខ្លះ បានធ្វើ​សកម្មភាព​អូសទាញ និង​គាបសង្កត់​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន គាំទ្រ​មុនពេល​តុលា​ការចេញ​សាលដីកា​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​ការខិតខំ​របស់​ប្រទេសក្រៅ​តំបន់​នេះ គឺ​ដើម្បី​ប្រមូល​កម្លាំង​ប្រឆាំង​ចិន ដែល​វា​នឹង​ផ្ដល់នូវ​ផល​អវិជ្ជមាន​សម្រាប់​អាស៊ាន និង​ផ្ដល់​ផល​អាក្រក់​ដល់​សន្តិភាព​ក្នុង​តំបន់​។​
 
​ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន ចាត់ទុកថា ការអូសទាញ​នេះ​ជាការ​ឃុបឃិត​ខាង​នយោបាយ​ដ៏​អាក្រក់​បំផុត​ក្នុង​ក្របខណ្ឌ​នៃ​នយោបាយ​អន្តរជាតិ ដែល​អាច​ផ្ដល់​លទ្ធផល​ទៅដល់​ការបែកបាក់​រវាង​អាស៊ាន​ផង និង​រវាង​អាស៊ាន​-​ចិន​ផង​។ 
 
​ថ្លែង​នៅក្នុង​អង្គ​មី​ទ្ទី​ញ​រំឭក​ខួប​បង្កើត​គណបក្ស​លើក​ទី​៦៥​ព្រឹក​នេះ ប្រមុខ​បក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ដូច្នេះ​ថា​៖«​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​បញ្ហា​រវាង​បណ្ដា​ប្រទេស​ដែលមាន​ការពាក់ព័ន្ធ​ជាមួយគ្នា លើ​បញ្ហា​អធិបតេយ្យ ហើយ​មិនមែនជា​បញ្ហា​រវាង​អាស៊ាន និង​ចិន​នោះទេ​…​។ មានតែ​ប្រទេស​ពាក់ព័ន្ធ​តែប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​នេះ អាស៊ាន​គ្មាន​លទ្ធភាព​នឹងធ្វើ​ជំនួស​ឲ្យ​ប្រទេស​ដែល​ពាក់ព័ន្ធ​នោះឡើយ​»​។​
 
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អំពាវនាវ​ឲ្យ​ប្រទេស​នៅក្រៅ​តំបន​អាស៊ាន បញ្ឈប់​ការជ្រៀតជ្រែក​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​។ ហើយ​បណ្ដា​ប្រទេស​ដែល​ពាក់ព័ន្ធ គួរតែ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដោយ​អនុវត្ត​នូវ​ស្មារតី​នៃ​សេចក្ដីថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​បណ្ដា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ដើម្បី​ឈានទៅ​សម្រេច​ក្រម​ប្រតិបត្តិ​(COC)  ចៀសវាង​ការប្រើប្រាស់​សមុទ្រ​ចិន​ខាងត្បូង ធ្វើជា​ឧបករណ៍​តថ្លៃ ឬ​ជា​ចំណាប់ខ្មាំង​នៃ​សម័យប្រជុំ​ថ្នាក់​តំបន់ និង​អន្តរជាតិ ដែល​លទ្ធផល​របស់​វា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គឺ​ការបែកបាក់​គ្នា​។ 
 
​កន្លងមក​នាយករដ្ឋមន្ត្រី ក៏បាន​បង្គាប់​ឲ្យ​រដ្ឋមន្ត្រី​ក្រ​សូង​ការបរទេស និង​ឧ​ត្ត​ម​មន្ត្រី​កម្ពុជា ប្រកាន់​ជំហ​តែមួយ នៅក្នុង​ការបកស្រាយ​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ ដោយ​សម្ដេច​ព្រលយ​ពាក្យ​ថា បើ​មាន​មន្ត្រី​ណា​ម្នាក់ ដែល​បកស្រាយ​ខុសពី​ជំហ​របស់លោក​នោះ ពួកគេ​នឹងត្រូវ​ដកចេញ​ពី​តំណែង​ភ្លាម​។​
 
​តែ​យ៉ាងណា​ការបដិសេធ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​មិន​ចូលរួម​គាំទ្រ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ ត្រូវបាន​អ្នកវិភាគ​មួយចំនួន​រិះគន់ថា រដ្ឋាភិបាល​កំពុងមាន​គោលនយោបាយ​ទោរទន់​ងាក​ទៅរក​ចិន​ខ្លាំង​។ ឆ្លើយតប​ការរិះគន់​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​កន្លងមក​ថា កម្ពុជា​មិនដែល​ខ្លាច​ចិន​នោះទេ ហើយ​ចិន​ក៏​មិនដែល​មក​ចាប់បង្ខំ​កម្ពុជា​ឲ្យ​ធ្វើតាម​ខ្លួន​នោះដែរ​៕

Tag:
 ហ៊ុន សែន​
 ​អាស៊ាន​
 ​សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com