ជាតិ
បទវិភាគ
​បើ​អ្នកនយោបាយ​ខ្មែរ​មាន​ភាពចាស់ទុំ​តែ​បន្តិចទៀត​នោះ កម្ពុជា​កាន់តែ​ប្រសើរ​ ​
30, Jun 2016 , 8:19 am        
រូបភាព
ដោយ:
 
​គ្រាន់តែ​ក្នុង​អាណត្តិ​ទី ៥ ដែល​បាន​កន្លងទៅ អស់​រយៈពេល​ជិត ៣ ឆ្នាំ អ្នកនយោបាយ​ខ្មែរ​ឈ្លោះ​គ្នា​ស្ទើរតែ​ជាង​ពីរ​ឆ្នាំ​ទៅហើយ​។ ការឈ្លោះគ្នា​នេះ ត្រូវគេ​មើលឃើញថា ដោយសារតែ​អ្នកនយោបាយ​ខ្វះ​ភាពចាស់ទុំ ចូលចិត្ត​ជេរប្រមាថ​គ្នា ហើយ​យក​រឿង​ផ្ទាល់ខ្លួន​ឬ​រឿង​របស់​បក្ស​សំខាន់​ជាង​រឿង​របស់​ជាតិ និង​ប្រជាជន​។ អ្នកនយោបាយ​រវល់​តែ​ឈ្លោះ​គ្នា មិនសូវមាន​ពេល​គិតពី​យុទ្ធសាស្ត្រ ដើម្បី​នាំ​កម្ពុជា​ឲ្យ​ជឿនលឿន​ទេ បើទោះបីជា​ប្រទេស​ក្រីក្រ​មួយ​នេះ សម្បូរ​ដោយ​ធនធានធម្មជាតិ​ច្រើនយ៉ាង​ក្តី​។ បើ​កម្ពុជា មាន​ធនធានធម្មជាតិ​ច្រើន​ហើយ មាន​អ្នកនយោបាយ​ល្អ មាន​ភាពចាស់ទុំ​ទៀត កម្ពុជា​នឹង​កាន់តែ​មានឱកាស​ស្គាល់​ភាពជឿនលឿន​ឆាប់រហ័ស​។


​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ និង​សម្បូរ​ដោយ​សក្តានុពល​ទេសចរណ៍​។ តែ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មើលឃើញថា រដ្ឋាភិបាល ហាក់​នៅ​មិនទាន់​អាច​ទាញយក​ផលប្រយោជន៍​ពី​ធនធាន និង​សក្កា​នុព​ល​ទាំងអស់នោះ ដើម្បី​ធ្វើ​ឲ្យ​ជា​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន ប៉ុន្មាន​ឡើយ ដោយសារតែ​អ្នកនយោបាយ​នៃ​ប្រទេស​តូច​មួយ​នេះ ភាគច្រើន​ចំណាយពេល​បង្កើត​អរិភាព​ជាមួយគ្នា ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​សឹង​មិន​លុះ​ពេល​។ រវល់​តែ​ជប់​ចិត្ត ជាប់ចិត្ត វក់​នឹង​ជម្លោះ​គ្នាឯង​នេះ ធ្វើ​ឲ្យ​អ្នកនយោបាយ ឬ​ថ្នាក់ដឹកនាំ​ប្រទេស​មិនសូវមាន​ពេល​គិតគូរ​រក​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​កម្ពុជា​ជឿនលឿន អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​។​
 
​ក្រោយពី​ប្រទេស​កម្ពុជា ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា អ្នកនយោបាយ​ខ្មែរ នៅតែ​មិន​បោះបង់ចោល​ឥរិយាបទ​នយោបាយ​ចាត់ទុក​គ្នា​ជាស​ត្រូវ ហើយ​ឈ្លោះ​គ្នា​រាល់​អាណត្តិ ធ្វើ​ឲ្យ​កម្ពុជា ដើរទៅ​មុខ​បាន​ដោយ​យឺត​។ បើ​និយាយ​ពី​សាវតារ​នៃ​ការឈ្លោះគ្នា ការ​ជេរប្រទេច​គ្នា របស់​អ្នកនយោបាយ​ខ្មែរ ដោយ​គិត​ត្រឹមតែ​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ ដល់​បច្ចុប្បន្ន​ក៏​ខ្ជិល​នឹង​រៀបរាប់​ដែរ ព្រោះ​ពួកគេ​ឈ្លោះ​គ្នា​ច្រើនលើក​ពេក​។ ហើយ​ឥឡូវនេះ ពោលគឺ​ក្នុង​អណ​ត្តិ​ទី ៥ នេះ អ្នកនយោបាយ​ខ្មែរ ក៏​នៅតែ​បន្ត​ឈ្លោះ​គ្នា ជេរប្រទេច​គ្នា ហើយ​អ្នកនយោបាយ​ខ្លះ​កំពុង​ជាប់ពន្ធនាគារ និង​រួបរឹត​ដោយ​បណ្តឹង​តុលាការ​ផងដែរ​។​
 
​តាមពិត​អ្នក​ន​យោ​បាយ​ខ្មែរ ដែល​ជាប់​ចិត្តនឹង​បង្កជម្លោះ​ជាមួយគ្នា​នោះ ពួកគេ​សុទ្ធតែ​ដឹង​ច្បាស់​ថា ការឈ្លោះគ្នា​នោះ វា​មិនមាន​​ផលប្រយោជន៍​អ្វី​ទាល់តែសោះ​សម្រាប់​ខ្លួន ជាពិសេស​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​។ តែ​ផ្ទុយទៅវិញ ការឈ្លោះគ្នា​នោះ នឹងធ្វើ​ឲ្យ​ពលរដ្ឋ​កើតទុក្ខ បាត់បង់​ជីវិត ហើយ​នាំ​ឲ្យ​ខាត​ពេល ខាត​ជំនួយ ខូច​កិត្តិយស​ប្រទេស និង​បាត់បង់​ធនធាន ដើម្បី​អភិវឌ្ឍ​កម្ពុជា​។ ម្លោះ​ហើយ ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ មាន​ភាពចាស់ទុំ​តែ​បន្តិចទៀត ពលរដ្ឋ​កម្ពុជា​នឹង​ទទួលបាន​សំណាង និង​ពរជ័យ ហើយ​ប្រទេស​ក្រីក្រ​មួយ​នេះ នឹង​អាច​ជឿនលឿន​ដូច​ប្រទេស​ដទៃ​បាន​។ ភាពចាស់ទុំ​មួយចំនួន ដែល​អ្នកនយោបាយ​ចាស់ៗ និង​អ្នកនយោបាយ​ជំនាន់​ក្រោយ​ត្រូវធ្វើ​នោះ មាន​ដូចខាងក្រោម​៖
 
​ទី ១ អ្នកនយោបាយ ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ កុំ​ខឹង​ច្រើន កុំ​ឆាប់​ប្រតិកម្ម​ច្រើន​។ ចំណុច​នេះ អ្នកនយោបាយ​ត្រូវ​បើក​ចិត្ត​ទទួលយក​នូវ​មតិ​រិះគន់ ចំពោះ​ពាក្យសម្តី សកម្មភាព និង​គោលនយោបាយ​របស់ខ្លួន ដើម្បី​យកមក​ពិចារណា​ថា តើ​ការរិះគន់​នោះ​ត្រឹមត្រូវ​ឬទេ​? ហើយ​ថា តើ​គួរ​ប្រតិកម្ម ឬ​មិនគួរ​ប្រតិកម្ម​នឹង​ការរិះគន់​នោះ​? បើ​ប្រតិកម្ម​វា​ចំណេញ​អ្វី​សម្រាប់​ជាតិ​? តើ​គួរ​កែប្រែ ឬ​មិនគួរ​កែប្រែ​?
 
​ទី ២ អ្នកនយោបាយ ត្រូវ​បោះបង់ចោល​នូវ​គំនិត​ចងគំនុំ​គ្នា ជេរប្រទេច​គ្នា និង​យក​រឿង​ផ្ទាល់ខ្លួន បង្កើតជា​ជម្លោះ ហើយ​ធ្វើ​ឲ្យ​ប្រទេសជាតិ​ទាំងមូល​ច្រួលច្របល់ សេដ្ឋកិច្ចជាតិ​ធ្លាក់ចុះ ដោយសារតែ​រឿង​អ្នកនយោបាយ​ពីរ​នាក់ ឬ​បីនាក់​។​
 
​ទី ៣ អ្នកនយោបាយ​ខ្មែរ គួរតែ​កុំ​តម្កល់​ផលប្រយោជន៍​បក្ស ផលប្រយោជន៍​ផ្ទាល់ខ្លួន ខ្លាំង​ជាង​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​។ ក្នុងន័យនេះ កន្លងមក​អ្នកនយោបាយ​ខ្មែរ​ភាគច្រើន មាន​អត្តចរិត និង​ធ្វើ​គ្រប់បែបយ៉ាង ដើម្បី​តែ​ប្រយោជន៍​បក្ស​របស់ខ្លួន និង​បក្ស តែ​មិន​ខ្វល់​ថា ជាតិ​ត្រូវ​ខាត់​បង់ និង​ពលរដ្ឋ​បាត់បង់​ជីវិត​នោះទេ​។ 
 
​ទី ៤ អ្នកនយោបាយ ត្រូវ​ប្រកួត​ប្រ​ជែក​គ្នា​ផ្នែក​គំនិត​ឲ្យ​បាន​ច្រើន ជាពិសេស​នៅពេលដែល​ពួកគេ​និយាយ​ទៅកាន់​អ្នកគាំទ្រ ឬ​នៅក្នុង​វេទិកាសាធារណៈ គួរតែ​និយាយ​ពី​គោលនយោបាយ ឬ​យុទ្ធសាស្ត្រ​របស់​ពួកគេ និង​គណបក្ស ដើម្បី​ជួយប្រទេស​កម្ពុជា​ឲ្យ​ដើរទៅ​មុខ ហើយ​ប្រជាជនមាន​ការងារ​ធ្វើ មាន​ជីវភាព​ធូរធា ជាជាង​ជេរប្រមាថ​គ្នា​។​
 
​ទី ៥ អ្នកនយោបាយ ត្រូវ​បង្កើន​ចំណេះដឹង​ជាប្រចាំ មាន​ទស្សនៈវិស័យ និង​មើលឃើញ​ពី​ដំណើរ​ការវិវត្ត​របស់​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ដើម្បី​មានគំនិត​ច្រើន ហើយ​ចម្រាញ់​យកគំនិត​ល្អ ដើម្បី​ដាក់​ជា​គោលនយោបាយ​អភិវឌ្ឍន៍​ប្រទេស​៕
 
 
 

Tag:
 អ្នកនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com