ជាតិ
លោក​សាស្ត្រាចារ្យ នាង បូ ប្រាប់​ពីរ​បៀ​បរៀន​ឲ្យ​បាន​ពិន្ទុ​ខ្ពស់ ពេល​ប្រឡង​បាក់​ឌុប​
30, Jun 2016 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅមុន​ការប្រឡង​បាក់​ឌុប​មកដល់  លោក នាង បូ សាស្ត្រាចារ្យ​គណិតវិទ្យា​នៅ​សាលា​ជ័យ​ថា​វី បាន​បង្ហើប​ពី​គន្លឹះ​សិក្សា​មួយចំនួន​ដល់​សិស្ស ដើម្បី​ឲ្យ​ពួកគេ​ដណ្តើមបាន​និទ្ទេស​ល្អ​។ គន្លឹះ​ទាំងនោះ​មានដូចជា​រម្លឹក​មេរៀន​គ្រប់មុខ​វិជ្ជា ស្រាវជ្រាវ​វិញ្ញាសា​ឆ្នាំមុនៗ​មក​រៀន និង​ធ្វើ​លំ​ហាត់ និង​ការរៀន​បន្ថែម​ជាមួយ​គ្រូ​ជំនាញ​ជាដើម​។​



​នៅសល់តែ​ជិត​២​ខែ​ទៀត​ប៉ុណ្ណោះ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​សម្រាប់​ឆ្នាំ​២០១៦ នឹង​មកដល់​។  ទន្ទឹមនឹង​ការ​ជិត​ឈាន​មកដល់​នៃ​ការប្រឡង​នេះ លោក នាង បូ សាស្ត្រាចារ្យ​គណិតវិទ្យា​នៅ​សាលា​ជ័យ​ថា​វី បាន​បង្ហើប​ពី​គន្លឹះ​សិក្សា​មួយចំនួន​ដល់​សិស្ស ដើម្បី​ឲ្យ​ពួកគេ​ដណ្តើមបាន​និទ្ទេស​ល្អ​។

​រម្លឹក​មេរៀន​គ្រប់​មុខវិជ្ជា ស្រាវជ្រាវ​វិញ្ញាសា​ឆ្នាំមុនៗ​មក​រៀន និង​ធ្វើ​លំ​ហាត់ និង​ការរៀន​បន្ថែម​ជាមួយ​គ្រូ​ជំនាញ​ជាដើម គឺជា​អ្វីដែល លោក​សាស្ត្រាចារ្យ នាង បូ ប្រាប់​ទៅ​សិស្ស​ត្រៀមប្រឡង​បាក់​ឌុប​ទាំងអស់ តាមរយៈ​សារព័ត៌មាន​ថ្មីៗ​នៅថ្ងៃនេះ​។ លោក​សាស្ត្រាចារ្យ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« សិស្ស​ត្រូវយក​វិញ្ញាសា​ធ្លាប់​ចេញ​នៅ​ឆ្នាំ​២០១៤  ឆ្នាំ​២០១៥ និង​វិញ្ញាសា​ឆ្នាំ​ចាស់ៗ មក​រៀន​វិភាគ​»​។ សាស្ត្រាចារ្យ​គណិតវិទ្យា​រូបនេះ​បន្ថែមថា​៖«​សិស្ស​គួរ​មើល​ចរិត​នៃ​ការចេញ​វិញ្ញាសា ដោយ​រៀន​ឲ្យ​ចំ​ទិសដៅ  ព្រោះ​អ្នកចេញ​វិញ្ញាសា គេ​ដឹងថា​ចេញ​កម្រិតណា ដើម្បី​ឲ្យ​សិស្ស​ជាប់​ប៉ុន្មាន​ភាគរយ​។ ដូច្នេះ​ការធ្វើ​បែបនេះ គឺ​ធ្វើ​ដើម្បី​រៀន​ឲ្យ​ចំ​ចំណុច និង​មិន​ខាត​ពេល​ច្រើន​»​។ 

​សម្រាប់​មុខវិជ្ជា​វិទ្យាសាស្ត្រ​វិញ លោក នាង បូ ណែនាំ​ឲ្យ​សិស្ស​ទន្ទេញ​រូបមន្ត​ឲ្យ​ស្ទាត់ ព្រោះ​ពេល​ប្រឡង​ត្រូវ​ប្រើ​រូបមន្ត​ប្រហែល​៦០​ភាគរយ ព្រមទាំង​ធ្វើ​លំ​ហាត់​ឲ្យ​បាន​ច្រើនដង ដើម្បី​កុំ​ឲ្យ​ភ័យ​ពេល​ប្រឡង​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​សិស្ស​មួយចំនួន តែងតែ​ភ័យ​ពេល​ប្រឡង ពីព្រោះ​ពួកគេ​មិនដែល​រៀន​ធ្វើ​លំ​ហាត់​ដោយ​ខ្លួនឯង​។ ដូច្នេះ​ការធ្វើ​លំ​ហាត់​ច្រើនដង​នេះ គឺជា​វិធី​ធ្វើ​ឲ្យ​សិស្ស លែង​ភ័យ​ក្នុងពេល​ប្រឡង​»​។  

​ទន្ទឹមនឹង​ណែនាំ​ពី​គន្លឹះ​រៀន​ឲ្យ​បាន​ពិន្ទុ​ខ្ពស់ លោក​សាស្ត្រាចារ្យ​គណិតវិទ្យា​រូបនេះ បាន​ផ្តាំ​ទៅ​សិស្ស​ដែល​ត្រៀម​ប្រឡង​បាក់​ឌុប ​ត្រូវបែងចែក​ម៉ោង ពេល​រៀន​ឲ្យ​បាន​ច្បាស់​ដែរ ចៀសវាង​រៀន​ច្រើន​ម៉ោង​ពេក នាំឲ្យមាន​បញ្ហា​សុខភាព​នៅពេល​ប្រឡង​។​

​សូមបញ្ជាក់ថា សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០១៦ មាន​១៥៧ មណ្ឌល និង​៣,៧៨១​បន្ទប់​ប្រឡង នៅ​ទូទាំង​រាជធានី ខេត្ត​៕


Tag:
 នាង បូ​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com