បទវិភាគ
មនុស្ស​ត្រូវ​ប្តូរ​ឥរិយាបថ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​កម្ពុជា​
02, Jul 2016 , 10:19 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ រហូតមកដល់​ឆ្នាំ​២០១៦​នេះ ចំនួន​ប្រជាជន​កម្ពុជា​សរុប មាន​ប្រមាណ ជាង​១៥​លាន​នាក់​។ ដោយឡែក ប្រជាជន​សរុប​នៅ​រា​ធានី​ភ្នំពេញ មាន​ចំនួន​ជាង ២​លាន​នាក់​។ ចំនួន​ទាំងនេះ គេ​មិនទាន់​គិត​បញ្ចូល​ជនអន្តោប្រវេសន៍​និង​ទេសចរ ដែល​មក​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​កម្ពុជា​នៅឡើយ​ទេ​។ ទន្ទឹមនឹង​កំណើនប្រជាជន​នេះ ចំនួន​យានយន្ត និង មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ ក៏បាន​កើនឡើង​ដែរ​។ ជាមួយគ្នានេះ ការកកស្ទះ​និង​គ្រោះថ្នាក់​ចរ​ចរណ៍ និង ភាពអនាធិបតេយ្យ​ក្នុងការ​ប្រើប្រាស់​ផ្លូវ​សាធារណៈ កំពុងតែ​ចោទ​ជា​ញ្ហា​ក្ដៅគគុក​និង​គួរឱ្យ​ព្រួយបារម្ភ​ដែរ​។ តើ​គេ​ត្រូវធ្វើ​អ្វីខ្លះ​ជា​អាទិភាព ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​?


​ក្រៅពី​កំណើន​ចំនួន​ប្រជាជន​និង​ចំនួន​យានយន្ត ដែលជា​មូលហេតុ​ចម្បង​ក្នុង​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍ គេ​ក៏​សង្កេតឃើញថា នៅមាន​កត្តា​ជាច្រើន​ទៀត ដូចជា កត្តា​ផ្លូវ ស្ពាន ស្លាក​សញ្ញា​ចរាណ​រណ៍ សុវត្ថិភាព​យានយន្ត សមត្ថភាព​របស់​នគ​របាល​ចរាចរណ៍ និង បរិស្ថាន​ផ្លូវ​ធ្វើ​ចរាចរណ៍ ជាដើម ក៏​រួមចំណែក​ធ្វើឱ្យ​ចរាចរណ៍​នៅ​កម្ពុជា ជួប​បញ្ហា​ស្មុគស្មាញ​ដែរ​។

​ជាការ​ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រីនគរបាល​ចរាច​រណ៍ ស្ថាប័ន​ទទួលបន្ទុក​ច​រាច​រណ៍ និង ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត បាន​កែលម្អ​ផ្លូវ ជួសជុល​ផ្លូវ សាងសង់​ផ្លូវ​ថ្មី កសាង​ស្ពាន​អាកាស​និង​ស្ពាន​ដទៃទៀត កែលម្អ​និង​បំពាក់​ប្រព័ន្ធ​ភ្លើង​សញ្ញា​ចរាចរណ៍ ជាដើម​។ លើសពីនេះ​ទៀត រដ្ឋាភិបាល​ក៏បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក បង្កើន​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង ការពិនិត្យ​សុវត្ថិភាព​យានយន្ត ផងដែរ​។​

​បើទោះជា​យ៉ាងណាក៏ដោយ ក៏​ដំណោះស្រាយ​ខាងលើនេះ មិនទាន់​អាចឆ្លើយតប​នឹង​បញ្ហា​ចរាចរណ៍​ដែល​កំពុង​តែមាន​ភាពស្មុគស្មាញ​នាពេល​បច្ចុប្បន្ននេះ​បាន​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ ពីមួយថ្ងៃ​ទៅមួយថ្ងៃ បញ្ហា​ចរាចរណ៍​ហាក់ដូចជា​កាន់តែ​ស្មុគស្មាញ ឯ​អ្នករងរបួស អ្នកស្លាប់ និង ទ្រព្យសម្បត្តិ​ខូចខាត ដែល​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាន់តែ​កើនឡើងៗ ដែលនាំឱ្យ​គេ​គិតថា ប្រាកដ​ជាមាន​មូលហេតុ​សំខាន់​ផ្សេងទៀត​ក្រៅពី​មូលហេតុ​ខាងលើ ដែលនាំឱ្យ​បញ្ហា​ចា​រាច​រណ៍​នៅ​កម្ពុជា មាន​ភាពស្មុគស្មាញ​។ បើ​គេ​ពិចារណា​ឱ្យ​ស៊ីជម្រៅ​ទៅ គេ​នឹង​មើលឃើញថា មូលហេតុ​ចម្បង​មួយទៀត​ដែលនាំឱ្យ​មានការ​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​នោះ គឺ​កត្តា​មនុស្ស​។​

​កត្តា​មនុស្ស គឺជា​កត្តា​សំខាន់​ក្នុង​វិស័យ​ចរាចរណ៍​។ នៅពេលដែល​គេ​និយាយ​ពី​កត្តា​មនុស្ស គឺ​គេ​និយាយ​ដល់​អាយុ​, ចំណេះដឹង​ក្នុងការ​បើកបរ​, ឥរិយាបថ​ក្នុងការ​បើកបរ​(​ប្រុងប្រយ័ត្ន ឬ មិន​ប្រុងប្រយ័ត្ន​), សីលធម៌​ក្នុងការ​បើកបរ​, ស្ថានភាព​ស្មារតី​និង​សុខភាព​ក្នុងពេល​បើកបរ​, គុណធម៌​ក្នុងការ​បើកបរ​, ផ្នត់គំនិត​និង​ទម្លាប់​ក្នុងការ​បើកបរ​។​ល​។​

​រហូតមកដល់​បច្ចុប្បន្ន​នេះ គេ​បាន​មើលឃើញថា កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​វិស័យ​ចរាចរណ៍ កត្តា​សុវត្ថិភាព​យានយន្ត​...​រួមទាំង​ច្បាប់​ចរាចរណ៍ ហាក់ដូច​ជាមាន​លក្ខណៈ​ល្អប្រសើរ​ច្រើន ដែល​អាចរួមចំណែក​កាត់បន្ថយ​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍​បាន​ហើយ​។ ប៉ុន្តែ អ្វីដែល​ស្ទើរតែ​មិនបាន​កែប្រែ​សោះ​នោះ គឺ​កត្តា​មនុស្ស​។ ពោលគឺ អ្នកបើករ​ភាគច្រើន បើក​របរ​តាម​ទម្លាប់​អាក្រក់ និង បើកបរ​តាម​ទំនើងចិត្ត ដោយ​មិ​គោរព​សីលធម៌​និង​ច្បាប់​ចរាចរណ៍ និង មិន​ខ្វល់​ថា អ្នកណា​កកស្ទះ ឬ រងគ្រោះ​ដោយសារ​ខ្លួន​ឡើយ​។​

​ជា​ការណ៍​ពិតណាស់ ឥរិយាបថ​អ្នកបើកបរ​ភាគច្រើន​គួរឱ្យខ្លាច ពួកគេ​មិន​អធ្យាស្រ័យ​ដល់​អ្នក​ឆ្លងផ្លូវ ពួកគេ​បើកបរ​មិន​គោរព​ចំណែក​ផ្លូវ​របស់ខ្លួន មិន​គោរព​សញ្ញា​ចរាចរណ៍ ភ្លើងស្តុប ឬ ការបញ្ជា​របស់​នគរ​បាល​ចរាចរណ៍​ឡើយ​។ លើសពីនេះ​ទៀត អ្នកបើកបរ​ខ្លះ​គ្មាន​ការអត់ធ្មត់​សូម្បីតែ​បន្តិច​ក្នុង​ការរង់ចាំ​ភ្លើងស្តុប ឬ ការស្ទះ​ដោយ​ប្រការ​ណាមួយ​, ពួកគេ​ចេះតែ​រំកិល ឬ ប្រជ្រៀត​និង​រុលទៅមុខ​រហូត​ទាល់តែ​ទៅ​លែងរួច​ទើប​ឈប់​។ ក្នុង​ករណីខ្លះ ពេល​មានការ​ប៉ះពារ ឬ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ក៏​ពួកគេ​មិន​ទទួលខុសត្រូវ​ដែរ ពួកគេ​បែរជា​ព្យាយាម​រក​អន្តគ​មន៍ គំរាមកំហែង​ឬ​ប្រើ​អំពើហិង្សា​ដាក់​អ្នកពាក់ព័ន្ធ ឬក៏​រត់ចោល​បញ្ហា ប្រសិនបើ​ពួកគេ​អាច​រត់​រួច​។​

​លើសពីនេះ​ទៀត អ្នក​មិន​គ្រប់​អាយុ​ដែល​ច្បាប់​អនុញ្ញាតឱ្យ​បើកបរ អ្នក​ស្រវឹងស្រា អ្នក​គ្មាន​បណ្ណ​បើកបរ ឬ អ្នក​មិនបាន​ឆ្លងកាត់​ការរៀន​បើកបរ ក៏​នៅតែ​បន្ត​បើកបរ​នៅលើ​ផ្លូវ​សាធារណៈ​ដែរ ដែល​ធ្វើឱ្យ​បញ្ហា​ចរាចរណ៍​មិនអាច​ដោះស្រាយបាន​។ ក្រៅពីនេះ អ្នកបើកបរ​រថយន្ត​ធំៗ រថយន្ត​ទំនើបៗ និង រថយន្ត​ដែលមាន​ស្លាក​លេខ ខេមរភូមិន្ទ ឬ នគរបាលជាតិ មួយចំនួន បានបង្ហាញ​ឱ្យឃើញ​ឥរិយាបថ មិន​គោរព​អ្នកបើកបរ​រថយន្ត​តូចៗ អ្នកបើកបរ​រថយន្ត​ចាស់ៗ និង អ្នកបើកបរ​រថយន្ត​ស៊ីវិល ជាដើម​។​

​ហេតុនេះ ក្រៅពី​ការកែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​និង​ច្បាប់​ក្នុង​វិស័យ​ចរាចរណ៍ អ្នកបើកបរ​ទាំងអស់ ត្រូវតែ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​និង​ឥរិយាបថ​ក្នុងការ​បើកបរ ដើម្បី​រួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍ ពោលគឺ​ពួកគេ​ត្រូវតែ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់ ត្រូវ​យល់ថា​ផ្លូវ​សាធារណៈ​គឺជា​ផ្លូវ​រួម​ដែល​ត្រូវធ្វើ​ចរាចរណ៍​រួមគ្នា ត្រូវ​កែ​ពី​ការបើកបរ​តាម​ទម្លាប់​អាក្រក់​និង​បើកបរ​តាម​ទំនើងចិត្ត មកជា​ការបើកបរ​ដោយ​គោរព​ច្បាប់​និង​សីលធម៌ ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ការអត់ធ្មត់ ការ​អធ្យាស្រ័យ និង ការគោរព​អ្នកដទៃ​។ បើ​មិន​ដូច្នេះ​ទេ បញ្ហា​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍ មិនអាច​ដោះស្រាយបាន​រលូន​ឡើយ​៕
   

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com