ជាតិ
សេដ្ឋកិច្ច
GCG Asia ចុះបញ្ជី​ត្រឹមត្រូវ តែ​ជនបរទេស​យក​ក្រុមហ៊ុន​មួយទៀត​ដែល​ឈ្មោះ​ដូចគ្នា​ទៅ​បង្កបញ្ហា​
18, May 2019 , 8:58 pm        
រូបភាព
ក្រសួងពាណិជ្ជកម្មអះអាងថា​បុគ្គល​បរទេស​បាន​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន GCG ASIA CO,. LTD. ផ្សេង​ដែល​មិនមែនជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅកម្ពុជា បង្កបញ្ហា
ក្រសួងពាណិជ្ជកម្មអះអាងថា​បុគ្គល​បរទេស​បាន​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន GCG ASIA CO,. LTD. ផ្សេង​ដែល​មិនមែនជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅកម្ពុជា បង្កបញ្ហា
ដោយ: ថ្មីៗ
​ក្រសួងពាណិជ្ជកម្ម​តាមរយៈ​សេចក្តីជូនដំណឹង​មួយនា​ថ្ងៃទី​១៧ ខែឧសភា បាន​អះអាងថា ក្រុមហ៊ុន GCG ASIA Co., LTD. បាន​ចុះបញ្ជី​ត្រឹមត្រូវ​កាលពី​ឆ្នាំ​២០១៦​ដែលមាន​ម្ចាស់​ភាគហ៊ុន​ជា​ជនជាតិខ្មែរ ហើយ​ក្រុមហ៊ុន​នេះ មិន​ពាក់ព័ន្ធ​ទៅនឹង​ករណី​យកឈ្មោះ និង​រូបភាព​សម្តេច ហ៊ុន សែន ក៏ដូចជា​ធនាគារជាតិ ទៅ​បង្ហោះ​នៅលើ​គេហទំព័រ​នោះឡើយ​។ ក្រសួង​បាន​បញ្ជាក់ថា ករណី​ដែល​បានកើត​ឡើង​គឺ​បង្កដោយ​ជនបរទេស​ដែល​បាន​ប្រើ​ឈ្មោះ GCG ASIA Co., LTD. ដូចគ្នា តែ​មិនមែនជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​។​



អត្ថបទទាក់ទង

«​ក្រសួង​បាន​ចុះបញ្ជី​ក្រុមហ៊ុន​ឈ្មោះ ជី​ស៊ីជី អេ​ស៊ា ឯ​.​ក GCG ASIA CO,. LTD. អត្តលេខ​ចុះបញ្ជី ០០០១៨២០៥ ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ ដែលមាន​អាសយដ្ឋាន​ទីស្នាក់ការ​នៅ​អគារ Intelligent Office Center (IOC) លេខ R០១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម​។​

​ក្រសួង​លើកឡើង​បន្ថែមថា ក្រុមហ៊ុន​នេះ មាន​ម្ចាស់​ភាគហ៊ុន​តែ​ម្នាក់ និង​ជា​អភិបាល​ក្រុមហ៊ុន​ដែលមាន​សញ្ជាតិ​ខ្មែរ ដោយ​រកស៊ី​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ សំណង់ នាំចេញ​នាំចូល សណ្ឋាគារ សេវា​អប់រំ និង​ភោជនីយដ្ឋាន​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល ក្រសួងពាណិជ្ជកម្ម បាន​អះអាងថា ក្រុមហ៊ុន​នោះ​មិន​ពាក់ព័ន្ធ​នឹង​ករណី យកឈ្មោះ និង​រូបភាព​សម្តេច ហ៊ុន សែន ក៏ដូចជា​ធនាគារជាតិ ទៅ​បង្ហោះ​នៅលើ​គេហទំព័រ​នោះឡើយ គឺ​បុគ្គល​បរទេស​ទេ​ដែល​បាន​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន GCG ASIA CO,. LTD. ផ្សេង​ដែល​មិនមែនជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com