ដើម្បីទប់ទល់នឹងការបះពាល់ផ្នែកខ្លះនៃសេដ្ឋកិច្ចកម្ពុជា ដោយសារសហភាពអឺរ៉ុប ផ្តាច់២០ភាគរយនៃប្រព័ន្ធអនុគ្រោះពន្ធ EBA និងដោយសារជះឥទ្ធីពលអាក្រក់នៃវីរុស COVID-19 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំចំណុចសំខាន់បីយ៉ាងពីភាគីចិន។
ទីមួយ សុំមេដឹកនាំចិន ណែនាំវិនិយោគិនចិន ជាពិសេសម្ចាស់ថៅកែរោងចក្រ កុំឲ្យចាកចេញពីកម្ពុជា ខណៈបច្ចុប្បន្ន ក្នុងចំណោមរោងចក្រទាំងអស់នៅកម្ពុជា មានរោងចក្រចិនដល់ទៅ៧០ភាគរយឯណោះ។ ជាមួយគ្នានេះ សម្តេច បានស្នើឲ្យចិនជួយផ្គត់ផ្គង់វត្ថុធាតុដើម មកកកម្ពុជាឲ្យទាន់ពេលវេលា ដើម្បីឲ្យចង្វាក់ផលិតកម្មនៅកម្ពុជា អាចបន្តដំណើរការ។
ស្របជាមួយនឹងការសុំឲ្យចិនជួយបែបនេះ សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសលើកលែងពន្ធចន្លោះពី៦ខែទៅ១ឆ្នាំ សម្រាប់រោងចក្រសហគ្រាសណា ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ការលើកលែងពន្ធនេះ ទំនងជារដ្ឋាភិបាលកម្ពុជា មានបំណងទប់ស្កាត់កុំឲ្យរោងចក្រទាំងនោះបិទទ្វារ។
ទីពីរ មិនត្រឹមតែមិនឲ្យរត់ចោលកម្ពុជាទេ តែក៏សុំមេដឹកនាំចិន ឲ្យលើកទឹកចិត្តវិនិយោគិន មករកស៊ីនៅកម្ពុជាថែមទៀត។
ទីបី សុំឲ្យចិនពង្រីកនិងបើកចំហទីផ្សារឲ្យកាន់តែធំ ដើម្បីកម្ពុជា អាចនាំទំនិញទៅចិនបានកាត់តែច្រើន ដោយទំនិញទាំងនោះ មិនមែនមានតែសម្លៀកបំពាក់នោះទេ គឺមានប្រភេទទំនិញផ្សេងទៀត ដូចជា សម្ភារផ្នែកវេជ្ជសាស្ត្រជាដើម។
នាពិធីថ្លែងសារជូនប្រជាជនកម្ពុជាអំពីស្ថានការណ៍ចុងក្រោយពាក់ព័ន្ធនឹងវីរុស COVID-19 និង EBA ដែលរៀបចំឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ឆ្លើយតបនឹងការកាត់ EBA ២០ភាគរយថា៖«មិនអាចសម្លាប់កម្ពុជា តាមមធ្យោបាយណាមួយទេ»។ បន្ទាប់មកមេដឹកនាំកម្ពុជា ក៏មានប្រសាសន៍ថា៖«ខ្ញុំ សង្ឃឹមថា មិត្តចិន នឹងបន្តខិតខំជួយយើង ទោះបីជាជួយមិនបានទាំងអស់ តែក៏អាចសម្រាលការលំបាក និងជួយពន្លឿនសេដ្ឋកិច្ចរបស់កម្ពុជា»។
គេ បារម្ភថា រោងចក្រមួយចំនួន នឹងត្រូវបិទទ្វារមួយរយៈ ចាប់ចុងខែកុម្ភៈឬឈានចូលខែមីនា ឆ្នាំ២០២០នេះ ដោយសារតែអស់វត្ថុធាតុដើមដែលនាំចូលពីចិន ហើយកម្មករ-កម្មការិនីខ្មែរ មិនតិចជាងខ្ទង់ម៉ឺននាក់នោះទេ ដែលនឹងត្រូវព្យួរការងារ។ ដោយសារតែការរាលដាលខ្លាំងនៃវីរុស COVID-19 ទើបរោងចក្រនិងក្រុមហ៊ុនជាច្រើននៅចិន ត្រូវបិទទ្វារនិងផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើមទៅបណ្តាប្រទេសនានា ដោយរួមទាំងកម្ពុជាផងដែរ។
យ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី ប្រកាសថា បើត្រូវព្យួរការងារ កម្មករ-កម្មការនី នឹងទទួលបានប្រាក់៦០ភាគរយនៃប្រាក់ខែគោល១៩០ដុល្លារ។
ពេលវីរុស COVID-19 ចាប់ផ្តើមផ្ទុះថ្មីៗ មេដឹកនាំកម្ពុជា បានធ្វើផ្ទុយពីមេដឹកនាំនៃបណ្តាប្រទេសនានា ដោយមិនព្រមជម្លៀសនិស្សិតខ្មែរ ចេញពីទីក្រុងវូហាន ដែលជាតំនប់ផ្ទុះវីរុសនេះទេ។ មេដឹកនាំកម្ពុជា ប្រកាន់យកពាក្យស្លោកខ្មែរថា មិត្តល្អមិនរត់ចោលគ្នាក្នុងគ្រាលំបាក។ ម្យ៉ាងទៀត កម្ពុជា ក៏មិនបានបិទជើងហោះហើរពីចិនដែរ ដោយខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងខ្លាចប៉ះពាល់ទំនាក់ទំនងជាមួយចិន៕