ភ្នំពេញ៖ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង ១៧៤គីឡូម៉ែត្រ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ផ្លូវនេះ បានតភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលចំណាយថវិកាជាង១៧១លានដុល្លារ។
ពីពិធីសម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិមួយខ្សែនេះ បានសាងសង់តាមស្តង់ដារនៃផ្លូវថ្នល់កម្រិត៣ តាមរយៈបទដ្ឋានបច្ចេកទេសរបស់ចិន ដោយក្នុងនោះ ទទឹងតួផ្លូវមានប្រវែងសរុប ១២ម៉ែត្រ និងក្រាលកៅស៊ូពីរស្រទាប់ (DBST) នៃទទឹង ១០ម៉ែត្រ ។
បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ ផ្លូវមួយខ្សែនេះចំណាយថវិកាសរុបជាង១២២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ជាង៥១លានដុល្លារ (ប៉ុន្តែប្រើប្រាស់មិនអស់នោះទេ) សម្រាប់ការដោះស្រាយផលប៉ះពាល់ រួមទាំងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករជាដើម។
«ផ្លូវជាតិលេខ៥៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រសម្រាប់ការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ ស្ថិតនៅស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយតភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត»។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ។
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការកសាងផ្លូវថ្នល់ដែលមានគុណភាពរឹងមាំ គឺជាការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ឱ្យដូចជាសរសៃឈាមប្រទាក់ក្រឡាគ្នាប្រកបដោយសក្តានុពល និងប្រែក្លាយតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ឱ្យទៅជាតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងខិតជិតតំបន់ទីក្រុង។
បើតាមប្រមុខរដ្ឋាភិបាល ផ្លូវជាតិលេខ៥៨នេះ គឺជាផ្លូវយុទ្ធសាស្ត្រមួយ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារអធិបតេយ្យភាពជាតិ ជាពិសេសជួយទ្រទ្រង់នូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងប្រទេសថៃទៀតផង។
ផ្លូវជាតិលេខ៥៨ មានប្រវែងសរុប ១៧៤.១៦គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងនោះផ្លូវមេមានប្រវែង ១៦៥.១៨គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់ខេត្តបន្ទាយមានជ័យ ប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យ ប្រវែង ៧៣.១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ មានប្រវែងសរុប ៨.៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់ បឹងត្រកួន ជប់គរគី និងថ្មដូន។
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រដ្ឋមន្ត្រីសាធារណការ បាននិយាយដូច្នេះថា៖«តាមរយៈខ្សែផ្លូវនេះ នឹងធ្វើឱ្យការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្មរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ច ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត អូរស្មាច់ អូរបីជាន់ បឹងត្រកួន ជប់គរគី និងថ្មដូន កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយពេលតិច»។
សម្រាប់លោក ស៊ុន ចាន់ថុល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញប្រព័ន្ធភស្តុភារកម្ពុជាឱ្យកាន់តែប្រសើរឡើង ដោយសំដៅទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥៨នេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយប្រើរយៈពេលសាងសង់ជិត៤ឆ្នាំ បើគិតចាប់ពីខែមិថុនា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៩។ នេះបើតាមលោក ស៊ុន ចាន់ថុល៕
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន