ជាតិ
សេដ្ឋកិច្ច
កសិដ្ឋានមួយកន្លែងនៅខេត្តកណ្តាល គ្រោងនាំចេញត្រីនាគតម្លៃ១០០០ដុល្លារក្នុងមួយក្បាល ទៅចិន ត្រីនាគក្នុងហាងទូមួយកន្លែងរបស់កសិដ្ឋានFirst Aquatic Indutrial Co., Ltd នៅខេត្តកណ្តាល។ រូបថត៖ គណនីហ្វេសប៊ុក Veng Sakhon
× ភ្នំពេញ៖ កសិដ្ឋានFirst Aquatic Indutrial ដែលចិញ្ចឹមត្រីលម្អ នៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល គ្រោងនាំចេញត្រីនាគ និងបបែល ទៅទីផ្សារប្រទេសចិន។ បើតាមលោក Li Xuequn អ្នកគ្រប់គ្រងទូទៅនៃកសិដ្ឋានចិញ្ចឹមលម្អនេះ ត្រីនាគដែលនាំទៅចិន គឺមានតម្លៃ១០០០ដុល្លារក្នុងមួយក្បាល និងត្រីបបែល មានតម្លៃ២០០ដុល្លារក្នុងមួយក្បាល។
លោក Li Xuequn បានបញ្ជាក់ប្រាប់លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណើរពិនិត្យកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd នារសៀលថ្ងៃទី២១មករា ថា កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង១០០០ក្បាល និងត្រីបបែលជាង ៥០០០ក្បាល នៅឆ្នាំ២០២១ ដែលជាឆ្នាំដំបូង។
យោងតាមគណនីហ្វេសប៊ុករបស់លោកវេង សាខុន កសិដ្ឋាននេះ បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ក្នុងទំហំទុនវិនិយោគ៤លានដុល្លារ (មិនរួមបញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗ)។ បច្ចុប្បន្នកសិដ្ឋាននេះ ចិញ្ចឹមត្រីលម្អ ប្រភេទត្រីនាគ ដែលនាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជា ជាច្រើនប្រភេទទៀត។
រដ្ឋមន្ត្រីកសិកម្ម បានណែនាំឱ្យក្រុមហ៊ុនត្រៀមរៀបចំឯកសារបច្ចេកទេសពាក់ព័ន្ធដល់ការចិញ្ចឹមត្រី សម្រាប់ឈានទៅដល់ការរៀបចំពិធីសារនាំចេញត្រីលម្អទៅកាន់ប្រទេសចិន ដោយត្រូវសហការជាមួយរដ្ឋបាលជលផលកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិន ស្នើសុំបែបបទ ឬលក្ខខណ្ឌតម្រូវចាំបាច់នានាពីភាគីចិនជាជំហានបឋម ដើម្បីឱ្យដំណើរការនាំចេញនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន ចៀសវាងការកកស្ទះផលិតផលដែលកសិដ្ឋានចិញ្ចឹមបាន៕
Tag:
កសិកម្ម
ត្រីនាគ
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com