ជាតិ
អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្វែងយល់​ពី​ទំនាក់ទំនង​ស្អិតល្មួត​រវាង​ខ្មែរ​និង​ចិន​
04, Feb 2019 , 9:20 am        
រូបភាព
 
​ទំនាក់ទំនង​រវាង​រាជវង្ស​ខ្មែរ​និង​រដ្ឋាភិបាល​ចិន មាន​ភាពស្អិតល្មួត​ល្អ​ណាស់ បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​រាជវង្ស​ប្រទេស​ដទៃទៀត​។ ទំនាក់ទំនង​ល្អ​នេះ​បាន​លេច​ជា​រូបរាង​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៥០​មកម្ល៉េះ​ពោល គឺ​នៅក្នុង​រជ្ជកាល​ទី​១ នៃ​អតីតព្រះមហាក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ​។ ចាប់តាំងពី​ពេលនោះ​មក ទោះបីជា​មានការ​ផ្លាស់ប្ដូ​រ​របប​នយោបាយ​ឬ​មេដឹកនាំ​យ៉ាងណាក្ដី ទំនាក់ទំនង​នេះ​នៅតែ​បន្ត​ពូន​ជ្រំ​រហូតមក​ដល់ពេល​ស​ព្វ​ថ្ងៃនេះ​។  






 


​គ្រា​ដំបូង​ដែល​នាំ​ដល់​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​រាជវង្ស​ខ្មែរ​និង​ចិន គឺ​នៅពេលដែល​អតីតព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ ទ្រង់​ជួប​ផ្ទាល់​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន​លោក ជូ អេ​ន​ឡាយ នៅឯ​សន្និសីទ​ទីក្រុង បាន​ឌុ​ង ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ​១៩៥៥ ។ ជំនួប​នោះ​ហើយ​ដែល​ឈានដល់​ការបង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​១៩៥៨ ដែល​ពេលនេះ​មាន​រយៈពេល​៥៨​ឆ្នាំ​មកហើយ​។ 
 
​ជំនួប​នៅ​ទីក្រុង​បាន​ឌុ​ង​ត្រូវបាន​គេ​ចាត់ទុកជា​ចំណុច​ចាប់ផ្ដើម​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន​កុម្មុយនីស្ត តែ​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ វា​ក៏​ជា​ដំណាក់កាល​ជិតស្និទ្ធ​រវាង​រាជវង្ស​ខ្មែរ​និង​ចិន​ដែរ​។ រយៈ​ដប់​ខែក្រោយ​ជំនួប​នៅបាន​ឌុ​ង សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​ទៅកាន់​ប្រទេស​ចិន​ជា​លើកដំបូង ហើយ​មួយខែ​ក្រោយ​ដំណើរ​នោះ នាយករដ្ឋមន្ត្រី​ចិន ជូ អេ​ន​ឡាយ ក៏​ធ្វើដំណើរ​មកកាន់​កម្ពុជា​វិញ​។​
 
​លើសពីនេះទៅទៀត ក្នុង​កាលៈទេសៈ​ដែល​សម្ដេចព្រះ​នរោត្តម សីហនុ បាន​បាត់បង់​តំណែង​ដោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ក៏ដោយ ក៏​ថ្នាក់ដឹកនាំ​ចិន​នៅតែ​បន្ត​ទំនាក់ទំនង​ជាមួយ​រាជវង្ស​ខ្មែរ​ដដែល​។ ចិន​បន្ត​ជួយ​ផ្គត់ផ្គង់​គាំទ្រ ហើយ​ថែមទាំង​សង់​ដំណាក់​ល្អ​ប្រណិត​មួយ​នៅ​ទីក្រុង​ប៉េកាំង​ថ្វាយ​សម្ដេចឪ​នៃ​កម្ពុជា​ទៀតផង​។ ហើយ​ចិន​នៅតែ​ទទួល​ព្រះអង្គ ដូចដែល​ធ្លាប់ធ្វើ​នៅពេល​ព្រះអង្គ នៅ​ជា​ព្រះប្រមុខរដ្ឋ​ដូច្នោះ​ដែរ​។ 
 
​ក្នុង​ឆ្នាំ​១៩៧៦ ប្រធាន ម៉ៅ​សេទុង និង​នាយករដ្ឋមន្ត្រី ជូ អេ​ន​ឡាយ ទទួលមរណភាព ប៉ុន្តែ​ថ្នាក់ដឹកនាំ​ចិន ដែល​ឡើងកាន់​អំណាច​ក្រោយៗ​នៅតែ​បន្ត​រឹតបន្តឹង​ទំនាក់ទំនង​នេះ​ដដែល​។ នៅពេល​មាន​ព្រះរោគ​ម្ដងៗ សម្ដេចព្រះ នរោត្តម សីហនុ តែងតែ​យាង​ទៅពិនិត្យ​និង​ព្យាបាល​នៅ​ទីក្រុង​ប៉េកាំង ដែល​នេះ​សបញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ចិន​មកលើ​រាជវង្ស​ខ្មែរ​។ 
 
​ទំនាក់ទំនង​នេះ​ក៏​ចេះតែ​បន្ត​រហូតមកដល់​ឆ្នាំ​២០១២ នៅពេល​ស្ថាបនិក​ចុងក្រោយ​នៃ​ទំនាក់ទំនង​រាជវង្ស​ខ្មែរ​និង​ចិន គឺ​សម្ដេចព្រះ​នរោត្តម សីហនុ ចូល​ព្រះ​ទិវង្គត​។ រដ្ឋាភិបាល​ចិនប្រជាមានិត​ក៏​ប្រកាស​បន្ត​ទំនាក់ទំនង​នេះ​ជាមួយនឹង​ការបន្ត​ទំនុកបម្រុង​លើ​ការពិនិត្យ​និង​ព្យាបាល​ដល់​ព្រះមហាក្សត្រ​ខ្មែរ ក៏ដូចជា​សមាជិក​រាជ​វង្ស​ខ្មែរ​ដទៃទៀត​ដែរ​នៅក្នុង​ពេលអនាគត​។   
 
 
 
 

Tag:
 ទំនាក់ទំនងចិន-ខ្មែរ
  នរោត្តម សីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com