ជាតិ
ត្រី៦៨តោនងាប់ និងឆេះព្រៃលិចទឹកជាង២០០ហិចតានៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ រូបពីហ្វេសប៊ុក
× ត្រីរាប់តោននៅតំបន់អភិរក្សរ៉ាមសារបឹងទន្លេឆ្មារ បានពុលងាប់ ដោយសារអាកាសធាតុក្តៅខ្លាំង ខណៈព្រៃលិចទឹក ក្នុងបណ្តាខេត្តនានាជុំវិញបឹងទន្លេសាបបានរងការឆាបឆេះ ជាច្រើនហិចតា។ ក្រសួងបរិស្ថាន និងអាជ្ញាធរទន្លេសាប បានហាមប្រាមប្រជាពលរដ្ឋកុំឲ្យដុតព្រៃដើម្បីចាប់សត្វ និងគ្រប់គ្រងភ្លើងដែលខ្លួនបង្កើតឡើងឲ្យបានល្អ ចៀសវាសឆេះរាលដាល ខណៈអាកាសធាតុកំពុងក្តៅ ព្រមទាំងចូលរួមពន្លត់ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដើម្បី ការពារធានធានធម្មជាតិ នៅកម្ពុជា។
ត្រីសរុបជាង៦៨តោននៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានងាប់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២២ខែមេសា។ ភាគច្រើនត្រីដែលងាប់ គឹ ប្រភេទត្រីមានរំអិល(ត្រីរៀល ត្រីច្រកែង ត្រីកញ្ចុះ ត្រីតាអោនជាដើម)។ នេះបើផ្អែកសេចក្តីប្រកាសព័ត៌មានរួមរវាង ក្រសួងបរិស្ថាន និងអាជ្ញាធរទន្លេសាប។
បើតាមស្ថាប័នទាំងពីរត្រីងាប់ដ៏ច្រើននេះ គឺមកពីអាកាសធាតុក្តៅហួតហែងខ្លាំង(ចន្លោះខែមេសា និងឧសភា) និងពុំមានភ្លៀងធ្លាក់ ដែលធ្វើឲ្យផ្ទៃទឹក និងទឹកឡើងកម្តៅដែលធ្វើឲ្យបរិមាណអុកស៊ីសែននៅក្នុងទឹកថយចុះ រួមផ្សំនឹងបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ចំតំបន់នោះ ដែលធ្វើឲ្យភក់ឡើងបង្កឲ្យស្ទះស្រកីដកដង្ហើម។
ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប សហការជាមួយស្ថាប័នពាក់ព័ន្ធដាក់ចេញនូវវិធានការបឋម ដែលរួមមានការបង្កើតទីជម្រកដោយពង្រាយកំប្លោក និងបូមទឹកបញ្ចូលក្នុងបឹងទន្លេឆ្មារ ដើម្បីបរិមាណអុកស៊ីសែនទឹក ដើម្បីសង្គ្រោះជីវចម្រុះនៅតំបន់នេះ។
សូមបញ្ជាក់ថា ករណីត្រីងាប់ដ៏ច្រើននេះ មិនមែនជាលើកទី១នោះទេ កាលពីខែមិថុនា ឆ្នាំ២០១៤ មានត្រីងាប់សរុប៨៩តោន និងនៅខែឧសភា ឆ្នាំ២០១៥ មានត្រីងាប់ចមនួន១៧៦តោន ដោយសារខ្យល់ព្យុះដែលតែងកើតឡើងនៅចុងរដូវប្រាំងចន្លោះខែមេសា និងមិថុនា។
នៅឆ្នាំ២០១៦នេះ អាកាសធាតុមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល ពិសេសនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ។ ជាមួយគ្នានៅតំបន់នេះ ក៏មានករណីឆេះព្រៃលិចទឹកចំនួន៥ចំណុច ដោយបំផ្លាញព្រៃលិចទឹកអស់ជាង២២៨ហិចតា។ មន្ត្រីបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បាន និងកំពុងចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់នេះ។
បើតាមសេចក្តីប្រកាសព័ត៌ដដែល ភ្លើងឆេះព្រៃលិចទឹក នៅបឹងទន្លេសាប ក៏បានកើតឡើងនៅតំបន់ជុំវិញបឹងទន្លេសាបដែរ ដោយសារអាកាសធាតុក្តៅខ្លាំង។ តំបន់ព្រៃលិចទឹកមួយចំនួនទៀតក៏កំពុងឆេះ ដែលរួមទាំងព្រៃលិចទឹកក្នុងតំបន់អភិរក្សជលផលអតីតឡូតិ៍លេខ២ ខេត្តបាត់ដំបង ឬតំបន់ស្នួលព្រែកទាល់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។ មូលហេតុគឺដោយសារប្រជាជនដុតដើម្បីចាប់សត្វ ការធ្វេសប្រហែលរបស់ប្រជាជនដែលដាំស្លរួចមិនពន្លត់ភ្លើង និងការរាលដាលពីដុតរានព្រៃធ្វើកសិកម្មនៅខាងក្រៅតំបន់អភរក្ស។
ក្រសួងបរិស្ថាន និងអាជ្ញាធរទន្លេសាប សូមអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យដុតព្រៃដើម្បីចាប់សត្វ និងត្រូវគ្រប់គ្រងដែលភ្លើងដែលខ្លួនបង្កើតឡើងឲ្យបានល្អ ចៀសវាងការឆេះរាលដាល ខណៈអាកាសធាតុកំពុងក្តៅ ងាយបង្កការឆាបឆេះទៀតនោះ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធត្រូវសហការពន្លត់ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក៏ដូចជាការពារធានធានធម្មជាតិរបស់ទាំងអស់គ្នា៕
Tag:
អាកាសធាតុ
ត្រី
ឆេះព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com