ពីនេះ ពីនោះ
ទស្សនៈ​ខ្មែរ​៖ «​កុំ​ធ្វើជា​វែក​នៅក្នុង​ឆ្នាំង មិន​ស្គាល់​សម្ល​» មានន័យ​បែបណា​?
02, Jul 2022 , 11:53 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទស្សនៈ​ខ្មែរ ទោះបីជា​មិន​ល្បី​ដូច​ទស្សនៈ​របស់​ពួក​ប​ស្ចឹ​ម​ប្រទេស ប៉ុន្តែ​គឺជា​ទស្សនៈ​មួយ​ដែល​លើកឡើង​ពី​បរិបទ​នៃ​សង្គម​ខ្មែរ​ផ្ទាល់​។  បើជា​ទស្សនៈ​លើកឡើង​ពី​បរិបទ​នៃ​សង្គម​ខ្មែរ​គឺ​មានន័យថា គំនិត​ទាំងនោះ​គឺ​ត្រឹមត្រូវ​ចំពោះ​ស្ថានភាព​សង្គម​នេះ​ក្នុងពេល និង​បរិបទ កំណត់​ណាមួយ​។ ដោយឡែក​ពាក្យ​មួយ​ឃ្លា ដែល​អាច​ហៅថា ជា​ទស្សនៈ​ផង​នោះបាន​លើកឡើងថា «​កុំ​ធ្វើជា​វែក​នៅក្នុង​ឆ្នាំង មិន​ស្គាល់​សម្ល​» តើ​មាន​អត្ថន័យ​បែបណា​?



​ពាក្យ​មួយ​ឃ្លា​ថា «​កុំ​ធ្វើជា​វែក​នៅក្នុង​ឆ្នាំង មិន​ស្គាល់​សម្ល​» ដ្បិត​មិនអាច​ដឹងថា អ្នកណា​ជា​អ្នក​លើកឡើង​នូវ​ពាក្យ​នេះ ក្នុង​សម័យកាល​ណាមួយ​ក៏ពិតមែន ប៉ុន្តែ​គឺជា​ឃ្លា​អប់រំ ជាប្រយោគ​ទស្សនៈ​ដ៏​ស៊ីជម្រៅ​មួយ  ដែល​អាច​យកមក​ធ្វើការ​ពិចារណា ដើម្បី​ជាទាន​ក្នុងការ​បណ្ដុះ​បញ្ញា និង ពុទ្ធិ​ផងដែរ​។​

​គំនិត​មួយ​នេះ ប្រសិនបើ​គេ​បកស្រាយ​ពី​ឃ្លា​ជា​លក្ខណៈ​ចំៗ គឺ​វា​មានន័យថា ធម្មជាតិ​នៃ​វែក ដែលជា​ប្រដាប់​មាន​ដង​មាន​ផ្លែ សម្រាប់​​ដួស​ភោជនាហារ​ទោះបីជា​វា នៅ​ជាមួយ​ឆ្នាំងសម្ល​រាល់ថ្ងៃ​ក្ដី ក៏​វែក​នោះ​មិនមាន​សមត្ថភាព​អាច​យល់បាន​ថា សម្ល​គឺជា​សម្ល​អ្វី មាន​រសជាតិ​បែបណា​ឡើយ​។ ព្រោះ​វា​គ្រាន់តែ​ជាវ​ត្ថុ​អ​ញាណ ដែល​មិនអាច​ដឹង​អ្វី​បាន​។ ប៉ុន្តែ​បើសិនជា​គេ​ជេរ​ថា អា​វែក នោះគេ​មានន័យថា អា​ល្ងង់​។ អា​វែក​, គេ​ស៊ីក្រោមភ្នែក អា​វែក​មិនដឹង​! អា​ល្ងង់​, គេ​លួច​ប្រពន្ធ អាឯង​គ្មាន​ដឹង​!​។

​ក៏ប៉ុន្តែ សង្គម​វិវឌ្ឍន ការគិត របៀប​រស់ របត់​នៃ​ជីវិត​ក៏​ខុសប្លែក​ពីមុន​ផងដែរ​។ ហេតុនេះហើយ​ចំពោះ​គំនិត​ទស្សនៈ​មួយចំនួន ក្នុង​សម័យមុន អាច​នឹង​លែងមាន​តម្លៃ មកដល់​បច្ចុប្បន្នភាព​។ ក៏ប៉ុន្តែ​សម្ដី​មួយ​ឃ្លា​«​កុំ​ធ្វើជា​វែក​នៅក្នុង​ឆ្នាំង មិន​ស្គាល់​សម្ល​» នេះ​វិញ​ជា​អត្ថន័យ នៅក្នុង​សង្គម ឬ​សម័យ​ណា ក៏​នៅតែមាន​ភាពត្រឹមត្រូវ​ដ​ដែល​។ ជាពិសេស​ទៅទៀត​គឺ​អាចមាន​វិសាលភាព​អប់រំ​ជាទូទៅ​ផងដែរ​។​

​ជា​ទស្សនៈ​របស់​ចា​ស់បុ​រាណ​ខ្មែរ ពាក្យ​មួយ​ឃ្លា​ខ្លី «​កុំ​ធ្វើជា​វែក​នៅក្នុង​ឆ្នាំង មិន​ស្គាល់​សម្ល​»​នេះ ទោះបីជា​ខ្លី​ក៏ពិតមែន ប៉ុន្តែ​ជា​គោលបំណង ប្រហែលជា​លោក​ចង់​អប់រំ​មនុស្ស​ឲ្យ​មាន​មូលដ្ឋាន​អ្វីមួយ​ឲ្យ​ពិតប្រាកដ​។ ចំណេះដឹង​នោះ​ទៀតសោត មិនអាច​គ្រាន់តែ​ដឹងៗ​នោះទេ ប៉ុន្តែ​ជា​ចំណេះដឹង​មួយ​ដែល​អាច​យកទៅ​បង្រៀន ឬ​បង្ហាញ​ឲ្យ​អ្នកផ្សេង​អាច​យល់បាន​ផងដែរ​។ ឧទាហរណ៍ៈ ប្រជាជន​ខ្មែរ​អ្នកណា​ក៏​ដឹងថា ប្រាសាទ​អង្គ​វត្ត​ជា​ទ្រព្យសម្បត្តិ​ខ្មែរ ជា​កេរ​មរតក របស់​ដូនតា​ខ្មែរ ប៉ុន្តែ​ការដឹង​នោះ​វា​មិន​គ្រប់គ្រាន់​នោះទេ​។ ចំណុច​នេះ គឺ​ប្រជាជន​ខ្មែរ ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា ប្រាសាទ​នោះ​សាងសង​ក្នុង​ឆ្នាំ​ណា​? រជ្ជកាល​ស្ដេច​អង្គណា​? សង​ពីអ្វី​? រយៈពេល​ប៉ុន្មាន​ឆ្នាំ​? ស្ថិតក្នុង​ទីតាំង​ភូមិសាស្ត្រ​បែបណា​? ហើយ​ប្រាសាទ​នេះ​គេ​សង​ឡើង​ក្នុង​បុព្វ​ហេតុអ្វី​? ជាដើម​។​

​ប្រសិនបើ​គេ​មើល​អត្ថន័យ​នៃ​ឃ្លា​គំនិត​នេះ ទៅក្នុង​ការប្រតិបត្តិ​ជាក់ស្ដែង  ចំពោះ​និស្សិត​បញ្ញវន្ត ពាក្យ​មួយ​ឃ្លា​នេះ​បាន​ចូលរួម​ក្នុងការ​ឆ្លុះបញ្ចាំង​យ៉ាងសំខាន់ ទៅលើ​ឥរិយាបថ​របស់​សិស្ស​និស្សិត​ទាំងឡាយ​។ ការពិត​ណាស់ ក្នុងពេល​បច្ចុប្បន្ននេះ មាន​និស្សិត​មួយចំនួន គឺ​ប្រៀបដូចជា​វែក​នៅក្នុង​ឆ្នាំ ប៉ុន្តែ​មិន​ស្គាល់​សម្ល ដូច្នេះ​ដែរ​។ នោះ​គឺ​មានន័យថា ក្នុងនាម​ខ្លួន​ជា​និស្សិត​រៀន​តាម​មុខវិជ្ជា​អ្វីមួយ ប៉ុន្តែ​មិនចេះ មិន​ចាំ មិន​ស្គាល់ នូវ​ជំនាញ​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់​។ រៀន​ចប់​ហើយ បានត្រឹមតែ​ដឹងថា​ខ្លួន​បាន​រៀន​នូវ​ជំនាញ​នោះ ប៉ុន្តែ​មិនបាន​ច្បាស់ មិន​ប្រាកដ​អាច​ប្រើប្រាស់​បាន អាច​យកទៅ​បង្រៀន​អ្នកផ្សេង​ឲ្យ​បាន​យល់ដឹងបាន​។

​ដោយឡែក​បើ​និយាយ​ឲ្យ​កាន់តែ​ជ្រៅ គឺ​ប្រៀបបាន​ទៅនឹង​ប្រជាជាតិ​មួយ ដែល​ប្រជាពលរដ្ឋ​នៃ​ជាតិ​នោះ កើត និង រស់នៅក្នុង​ប្រទេស​ខ្លួន ប៉ុន្តែ​មិនសូវ​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្លួន ប្រភព​ខ្លួន វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​អារ្យធម៌ របស់​ប្រទេស​ខ្លួន​ដូច្នេះ​ដែរ​។ ការណ៍​នេះ មិន​ខុស​អ្វី​ពី​វែក ដែល​នៅ​ជាមួយ​ឆ្នាំ​រាល់ថ្ងៃ គេ​ប្រើ​សម្រាប់​ដួសសម្ល​រាល់ថ្ងៃ ប៉ុន្តែ​មិនដឹងថា អ្វី​ទៅជា​សម្ល ហើយ​ជាស​ម្ល​អ្វី​ដូច្នេះ​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com