ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​ជំនួយ​ដល់​ការ​ផ្ចង់អារម្មណ៍​និង​ប៉ូវ​ខួរក្បាល​
23, Feb 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការយល់ដឹង​អំពី​អាហារ និង​ថ្នាំ​បំប៉ន អ្នកនឹង​ជឿថា អាចធ្វើ​អ្វីៗ​បាន​ទាំងអស់​ដោយសារតែ​វា​ជួយ​ពង្រឹង​ដល់​ការចងចាំ និង​មាន​មុខងារ​ខួរក្បាល​យ៉ាង​ល្អ​នៅពេល​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ​។ ប៉ុន្តែ​តើ​វា​ពិត​ជាមាន​ប្រសិទ្ធភាព​ដែរ​ទេ​? អ្នក​មិនបាច់​ខ្វល់​ថា​អាយុ​ច្រើន​ឬ​តិច​ឡើយ ព្រោះ​វា​គ្រាន់តែ​ជា​តួរ​លេខ​ប៉ុណ្ណោះ​។ អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា អ្នក​អាច​ពង្រឹង​ដល់​ឱកាស​ថែរក្សា​សុខភាព​ខួរក្បាល​បាន​យ៉ាង​ល្អ បើសិនជា​បញ្ចូល​អាហារ និង​ភេសជ្ជៈ​ខាងក្រោម​នេះ​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​



​ជាតិ​កាហ្វេ​អ៊ី​ន​
​វា​មិនមាន​គ្រាប់កាំភ្លើង​វេទមន្ត​ណាមួយ​ដែល​អាច​បង្កើន​ភាព​ឆ្លាត​វៃ​របស់​អ្នក​ទ្វេដង​បានឡើយ ប៉ុន្តែ​សារធាតុ​ជាច្រើន​ដូចជា ជាតិ​កាហ្វេ​អ៊ី​ន​អាច​ផ្តល់​ថាមពល និង​ជួយ​ដល់​ការ​ផ្ចង់អារម្មណ៍​។ សារធាតុ​នេះ​មាននៅ​ក្នុង​កាហ្វេ សូកូឡា ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ថ្នាំ​មួយចំនួន​។ យក​ល្អ​គួរតែ​កុំ​ព្យាយាម​ប្រើប្រាស់​វា​ច្រើនពេក​ព្រោះ​វា​អាច​រំខាន​ដល់​ការ​គេង​បាន​។

​ជាតិ​ផ្អែម​
​ស្ករ​គឺជា​ប្រភព​ថាមពល​របស់​ខួរក្បាល ដែល​រាងកាយ​អា​ចប​ម្លែ​ង​វា​ចេញពី​ជាតិ​ផ្អែម​ដែល​យើង​ញ៉ាំ​ពី​ចំណីអាហារ​។ ហេតុដូច្នេះ​ហើយ​ទើប​ទឹក​ផ្លែឈើ​អាច​ផ្តល់នូវ​ការពង្រឹង​ការចងចាំ ការគិត និង​សមត្ថភាព​ផ្លូវចិត្ត​រយៈពេល​ខ្លី​បាន​។ ប៉ុន្តែ​ចូរ​កុំ​ញ៉ាំ​ច្រើនពេក ព្រោះថា​ជាតិ​ស្ករ​មាន​ជាប់ទាក់ទង​នឹង​ជំងឺ​បេះដូង និង​ជំងឺ​ផ្សេងៗ​ទៀត​ដែរ​។

​ញ៉ាំ​អាហារ​ពេលព្រឹក​
​ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ប្រហែលជា​ជួយ​ពង្រឹង​ដល់​ការចងចាំ​រយៈពេល​ខ្លី​បាន​។ សិស្ស​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក​គឺមាន​ការរៀនសូត្រ​ល្អ​ជាង​អ្នក​ដែល​មិនបាន​ញ៉ាំ​។ អាហារ​ដែល​ត្រូវបាន​អ្នកស្រាវជ្រាវ​ចាត់ទុកថា​ជា​អាហារ​ជំនួយ​ដល់​ខួរក្បាល​នោះ​ជា​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ បន្លែ ផ្លែឈើ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​។ ប៉ុន្តែ​មិនត្រូវ​ញ៉ាំ​ច្រើនៗ​ពេក​ទេ ព្រោះ​វា​អាច​រំខាន​ដល់​ការ​ផ្ចង់អារម្មណ៍​បាន​។

​ត្រី​
​ប្រភព​ប្រូតេអ៊ីន​ដែល​ជាប់ទាក់ទង​នឹង​ការបង្កើន​មុខងារ​ខួរក្បាល​កាន់តែ​ល្អ​នោះ​គឺ​ត្រី ជាពិសេស​ត្រី​ដែល​សម្បូរ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​តែម្តង​។ ខ្លាញ់​ល្អ​នេះ​នឹង​ជួយ​បន្ថយ​ភាព​ភ្លេចភ្លាំង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ព្រមទាំង​បង្កើន​ការចងចាំ​លើ​មនុស្ស​ចាស់​ថែម​ទៀតផង​។ ដើម្បី​សុខភាព​ខួរក្បាល និង​បេះដូង ចូរ​ញ៉ាំ​ត្រី​ពីរដង​ក្នុង​មួយ​សប្តាហ៍​។

​ផ្លែ​ប័​រ និង​គ្រាប់​ធញ្ញជាតិ​
​សរីរាង្គ​នីមួយៗ​ក្នុង​រាងកាយ​អាស្រ័យទៅលើ​លំហូរ​ឈាម ជាពិសេស​ខួរក្បាល និង​បេះដូង​តែម្តង​។ របប​អាហារ​ដែលមាន​គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​ខ្ពស់​ដូចជា ផ្លែ​ប័​រ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​។ រឿងនេះ​នឹង​បន្ថយ​ការ​ប្រឈម​ការ​កើតជា​កំណក​ក្នុង​សរសៃឈាម តែ​នឹង​បង្កើន​សមត្ថភាព​កោសិកា​ក្នុង​ខួរក្បាល​ថែម​ទៅវិញ​។ ពោត​លីង​ក៏​អាច​ផ្តល់​ជា​ជាតិ​សរសៃ និង​វីតាមីន E ដែរ​។

​ផ្លែ​បឺ​រី​ពណ៌​ខៀវ​
​ការស្រាវជ្រាវ​ទៅលើ​សត្វ​បាន​បង្ហាញថា ផ្លែ​បឺ​រី​ពណ៌​ខៀវ​ប្រហែលជា​ជួយ​ការពារ​ខួរក្បាល​កុំ​ឲ្យ​ខូចខាត​ដែល​បង្កឡើង​ដោយ​រ៉ាឌីកាល​សេរី​បាន ហើយក៏​ប្រហែលជា​បន្ថយឥទ្ធិពល​នៃ​ជំងឺ​ចាស់​ទៅតាម​អាយុ​ដូចជា ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ដែរ​។ ការសិក្សា​ក៏បាន​បង្ហាញថា របប​អាហារ​សម្បូរ​ផ្លែឈើ​ប្រភេទ​នេះ​ជួយ​ដល់​ការរៀនសូត្រ និង​មុខងារ​របស់​សាច់ដុំ​សត្វ​កណ្តុរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com