បទវិភាគ
អន្តរជាតិ
ហេតុអ្វីបានជា គីម ជុងអ៊ុន សុខៗចង់ចរចាហើយលះបង់អាវុធនុយក្លេអ៊ែរ?
× មតិអ្នកអាន ៖ ណុប វឌ្ឍនា ជានិស្សិតបញ្ចប់ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ។
ដើមសប្តាហ៍កន្លងមកនេះ មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បង្ហាញឆន្ទៈចង់ចរចាជាមួយអាមេរិក និងអាចឈានទៅបោះបង់អាវុធនុយក្លេអ៊ែរផង។ វាជាដំណឹងល្អសម្រាប់សហគមន៍អន្តរជាតិ ប៉ុន្តែវាក៏ជាមន្ទិលសង្ស័យសម្រាប់បណ្តាប្រទេសមួយចំនួនជាពិសេសអាមេរិកដែរ។ ទោះបីជាប្រទេសខ្លះមានមន្ទិលសង្ស័យចំពោះចេតនារបស់កូរ៉េខាងជើងក៏ដោយ វាក៏អាចមានហេតុផលមួយចំនួនដែលជំរុញឲ្យកូរ៉េខាងជើងបន្ទន់ជំហរ និងចរចាលះបង់អាវុធដែរ។
អាចថា វាមិនមែនជារឿងចម្លែកឬគួរឲ្យភ្ងាក់ផ្អើលប៉ុន្មានឡើយដែលកូរ៉េខាងជើងប្រកាសចរចាជាមួយអាមេរិក និងអះអាងថាខ្លួនហ៊ានលះបង់អាវុធនុយក្លេអ៊ែរ ព្រោះកន្លងមកក្នុងជំនាន់លោក គីម ជុងអ៊ីល កូរ៉េខាងជើងក៏ធ្លាប់កុហកអាមេរិកបែបនេះដែរ។ ប៉ុន្តែកូរ៉េខាងជើងនិយាយបាតដៃខ្នងដៃ ហើយចុងក្រោយក៏ប្តូរចិត្តរបស់ខ្លួនទៀត។
ដូច្នេះហើយបានជា ក្រោយទីប្រឹក្សាសន្តិជាតិកូរ៉េខាងត្បូង Chung Eui-yong ដែលជាប្រេសិតពិសេសតំណាងរដ្ឋាភិបាលលោក មូន ចេអ៊ីន ប្រកាសថា កូរ៉េខាងជើងចង់ចរចា និងបោះចោលអាវុធនុយក្លេអ៊ែរ ដូណាល់ ត្រាំ នៅវ៉ាស៊ីនតោនមិនសូវជាចាប់អារម្មណ៍ ហើយត្រឹមនិយាយស្វាគមន៍ទាំងសោះកក្រោះប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ការប្រកាសរបស់ក្រុងព្យាយ៉ាងចូលចរចាដោះស្រាយបញ្ហាប្រឈមនេះ អាចជាការពិតចេញពីចិត្តមេដឹកនាំកូរ៉េខាង និងមិនមែនជាល្បិចបោកប្រាសដូចមុនឡើយ។ ប៉ុន្តែសំណួរមួយផុសចេញមកថា ហេតុអ្វីកូរ៉េខាងជើងទន់ភ្លន់នៅពេលនេះទៅវិញ?
ខ្ញុំសូមលើកយកហេតុផលមួយចំនួននៅពីក្រោយការប្រកាសចរចារបស់ គីម ជុងអ៊ុននេះ ហើយហេតុផលនេះទំនងអាចទាក់ចិត្តមិត្តអ្នកអានខ្លះឲ្យយល់ស្រប ហើយខ្លះទៀតប្រហែលជាមិនឯកភាពទេ។ ប៉ុន្តែហេតុផលទាំងអស់ មិនទាក់ទង ឬជំពាក់ជំពិនទាល់តែសោះជាមួយសម្តីគ្រោតគ្រាត ក៏ដូចជាគំរាមប្រើប្រាស់កម្លាំងបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឡើយ។
ហេតុផលទីមួយ គឺ របបដឹកនាំកូរ៉េខាងត្បូង។របបដឹកនាំនេះគឺសំដៅលើការផ្លាស់ប្តូរពីរដ្ឋាភិបាលដែលដឹកនាំដោយអ្នកនយោបាយគណបក្សអភិរក្សលោកស្រី ប៉ាក ហ្គឺហេ ដែលមានជំហរមាំទាំចំពោះកូរ៉េខាងជើង មករដ្ឋាភិបាលលោក មូន ចេអ៊ីនដែលមានសមានចិត្តចំពោះកូរ៉េខាងជើង។ លោកប្រកាសតាំងពីពេលឈ្នះឆ្នោតឆ្នាំ ២០១៧ថា លោកចង់ទៅកូរ៉េខាងជើងផ្ទាល់ដើម្បីចរចា កែប្រែទំនាក់ទំនងដ៏អាក្រក់នេះ។ តិចឬច្រើនកូរ៉េខាងត្បូងមានចំណែកសំខាន់ក្នុងការត្រួសត្រាយវែកផ្លូវ និងធ្វើឲ្យរបបដឹកនាំ គីម ជុងអ៊ុន ផ្លាស់ប្តូរជំហររបស់ខ្លួនដូចគ្នា។
ហេតុផលទីពីរគឺពាក់ព័ន្ធរបបដឹកនាំកូរ៉េខាងជើងខ្លួនឯង។ ការសម្រេចចិត្តប្រកាសចរចា និងបង្ហាញឆន្ទៈបោះបង់អាវុធចោល មិនមែនជារឿងសាមញ្ញាទេ ប៉ុន្តែជាការសម្រេចចិត្តយុទ្ធសាស្ត្រដែលធានាបានប្រយោជន៍យូរអង្វែងចំពោះរបបដឹកនាំបច្ចុប្បន្ន។ គីម ជុងអ៊ុន និងមន្ត្រីជំនិតក្នុងក្បាលម៉ាស៊ីនដឹកនាំដឹងច្បាស់ថា វាជាពេលសមស្របមួយសម្រាប់ការចរចារកដំណោះស្រាយពេញលេញ និងអចិន្ត្រៃយ៍ផង។ ហេតុអ្វីបានជាគេហ៊ានថា វាជាពេលសមស្រប?
នោះគឺថា កូរ៉េខាងជើងបច្ចុប្បន្នមិនដូចកូរ៉េខាងជើងកាលពីជាង ១០ឆ្នាំមុនឡើយ។ កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរពិតប្រាកដ ហើយថែមទាំងអាចហោះឆ្លងទ្វីបបាញ់ដល់គ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិកទៀត។ បើយកនុយក្លេអ៊ែរដាក់លើតុចរចា កូរ៉េខាងជើងកាន់តែមានទឹកមាត់ប្រៃ និងអាចដាក់សម្ពាធលើគូភាគីចរចាបានច្រើនដែរ។
ម្យ៉ាងទៀត សំណុំរឿងអ៊ីរ៉ង់ប្រហែលជាមេរៀនសំខាន់មួយដែរសម្រាប់របបដឹកនាំក្រុងព្យុង។ អ៊ីរ៉ង់មានត្រឹមកម្មវិធីនុយក្លេអ៊ែរ តែអាចបង្ខំឲ្យសហគមន៍អន្តរជាតិទទួលយកខ្លួន និងដកទណ្ឌកម្មប្រឆាំងខ្លួនស្ទើរទាំងស្រុងផង ចុះទម្រាំខ្លួនមានដល់អាវុធ រឿងអីមិនអាចទាមទារបានច្រើនជាងអ៊ីរ៉ង់។
ហេតុផលទីបី គឺ កូរ៉េខាងជើងត្រូវការផ្លូវដើរថ្មី ដែលអាចរក្សារបបដឹកនាំត្រកូល គីម និងអាចអភិវឌ្ឍប្រទេសបាន។ អ្វីមិនអាចប្រកែកបាននោះ គឺ អាវុធនុយក្លេអ៊ែរមិនមែនជាជម្រើសល្អផុតលេខរបស់កូរ៉េខាងជើងឡើយ។ រាប់ទសវត្សរ៍មកនោះ អ្វីដែលក្រុងព្យុងយ៉ាងបារម្ភជាងគេ គឺអាយុជីវិតនៃរបបដឹកនាំដែលស្ថិតក្រោមក្រុមគ្រួសារត្រកូលគីមប៉ុណ្ណោះ ខណៈដែលសហគមន៍អន្តរជាតិជាពិសេសអាមេរិកចង់ឃើញរបបនេះដួលរលំ។ ដូច្នេះហើយចង់មិនចង់ កូរ៉េខាងជើងប្រឹងពង្រឹងអំណាចយោធា និងផលិតអាវុធនុយក្លេអ៊ែរទុកគ្រាន់កំញើញពិភពលោកផង។
កាលណាបើកូរ៉េខាងជើងអាចរកផ្លូវមួយដែលសមស្របអាចធានាបានថា អាមេរិកឬមហាអំណាចដទៃលែងប៉ះពាល់ឬគំរាមកំហែងសន្តិសុខនៃរបបដឹកនាំខ្លួន និងអធិបតេយ្យរបស់ខ្លួនទៀតហើយនោះ វាគ្មានហេតុផលអ្វីដែលក្រុមគ្រួសារត្រកូល គីម ត្រូវឱបអាវុធនុយក្លេអ៊ែរ តែរស់នៅក្រលំបាករហេមរហាមឡើយ។ ក្នុងស្ថានភាពនេះ គ្រាន់តែយូរ និងឆាប់ប៉ុណ្ណោះ របបដឹកនាំនោះអាចនឹងដួលរលំដូចគ្នា បើគ្មានការផ្លាស់ប្តូរយុទ្ធសាស្ត្រទេ។
ចំពោះផ្លូវដើរថ្មី កូរ៉េខាងជើងរៀនសូត្រច្រើនពីចិន និងជាប់ចិត្តប្រតិព័ទ្ធរបបដឹកនាំដូចចិនដែរ។ ភាពជោគជ័យរបស់ចិនក្នុងការបើកចំហសេដ្ឋកិច្ច និងរក្សាទុករបបដឹកនាំសង្គមនិយមដឹកនាំតាមបក្សតែមួយជាទឡ្ហីករណ៍ដ៏សំខាន់ដែលធ្វើឲ្យកូរ៉េខាងជើងរសាយចិត្ត និង កាន់តែមានសុទិដ្ឋនិយមចំពោះផ្លូវដែលខ្លួនត្រូវដើរពេលអស់អាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងអាចដកស្រង់បទពិសោធន៍ពីចិនសម្រាប់ខ្លួនផងទៅថ្ងៃអនាគត។ ដូចឃើញស្រាប់ ចិនក្លាយជាមហាអំណាចសេដ្ឋកិច្ច និងយោធាពិភពលោក ហើយបក្សកុម្មុយនីស្តចិននោះបានក្លាយជាតួអង្គស្នូលនៃការរីកចម្រើនរបស់មហាអំណាចមួយនេះដែរ។ ចំណែកលោក ស៊ី ជិនភីង ដែលបច្ចុប្បន្នជាអគ្គលេខាធិការបក្ស ឯណោះវិញ ក៏ត្រៀមបន្តកាន់អំណាចយូរបំផុតតាមដែលអាចធ្វើបានដោយការកែរដ្ឋធម្មនុញ្ញដកការកំណត់អាណត្តិប្រធានាធិបតីផងដែរ។
ហេតុផលមួយចុងក្រោយ គឺ កូរ៉េខាងជើងមានខ្នងបង្អែកផ្នែកសន្តិសុខថ្មី ហើយខ្នងបង្អែកថ្មីនោះអាចជា លោក វ្ល៉ាឌីមៀ ពូទីន។ មូលហេតុដែលខ្ញុំអះអាងបែបនេះគឺដោយសារ៖
ជាច្រើនឆ្នាំមកហើយ រុស្ស៊ីធ្លាប់ស្នើគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នឆ្លងកាត់តាមទឹកដីកូរ៉េខាងជើង ដើម្បីផ្គត់ផ្គង់ទៅឲ្យកូរ៉េខាងត្បូង ហើយភាគីទាំងពីររុស្ស៊ី និងកូរ៉េខាងត្បូងបានឯកភាពគម្រោងជំហានដំបូងក្នុងការផ្គត់ផ្គង់ឧស្ម័ននេះកាលពីឆ្នាំ ២០០៨។ នៅឆ្នាំ ២០១១ រុស្ស៊ីចាប់ផ្តើមចរចាជាមួយកូរ៉េខាងជើងពាក់ព័ន្ធការសងសង់បំពង់ឧស្ម័ននេះផង ដោយបំពង់ឧស្ម័នសរុបមានរហូតដល់ ១១០០ គីឡូម៉ែត្រ ក្នុងនោះយ៉ាងហោចណាស់ ៧០០ គីឡូម៉ែត្រត្រូវឆ្លងកាត់កូរ៉េខាងជើងផង។
យ៉ាងណាមិញ គម្រោងរបស់ក្រុមហ៊ុន Gazprom នេះហាក់ដូចជាមិនដំណើរការទៅមុខសោះ ដោយសារកូរ៉េខាងជើងរងទណ្ឌកម្មច្រើនសន្ធឹកពីសហគមន៍អន្តរជាតិ ហើយអាមេរិកក៏ជំទាស់គម្រោងនេះខ្លាំងផង។
ក្នុងករណីនេះ បើសិនជាមានការចរចារវាងអាមេរិក និងកូរ៉េខាងជើងដែលនាំឲ្យមានការលើកទណ្ឌកម្មមែន គម្រោងនេះនឹងចាប់ផ្តើមឡើងវិញបានជាធម្មតា ហើយកូរ៉េខាងជើងក្លាយជាផ្លូវយុទ្ធសាស្ត្រសម្រាប់ប្រយោជន៍សេដ្ឋកិច្ចរុស្ស៊ី។ ចាប់ពីពេលនោះ រាល់ការគំរាមកំហែងទាំងអម្បាលម៉ានលើកូរ៉េខាងជើងមិនអាចសង្ឃឹមថា នឹងអាចកើតមានឡើងឡើយព្រោះរុស្ស៊ីក្លាយជាខ្នងបង្អែកសន្តិសុខថ្មីសម្រាប់របបដឹកនាំកូរ៉េខាងជើងនេះ។
យ៉ាងណាក៏ដោយចុះ នេះគ្រាន់តែជាហេតុផលខ្លះដែលគាំទ្រអំណះអំណាងថា កូរ៉េខាងជើងចង់ចរចាមែន និងមិនមែនជាល្បិចឡើយ។ ប៉ុន្តែផ្លែផ្កានៃការចរចាគ្នាមានកម្រិតណានោះ វាអាស្រ័យលើភាគីពាក់ព័ន្ធក្នុងជម្លោះនេះប៉ុណ្ណោះ។
មកដល់ត្រឹមនេះ គេច្បាស់ជាមើលឃើញថា ភាគីដែលស្ទាក់ស្ទើរជាងគេ និងមិនសូវចង់ឲ្យការប្រឈមមុខគ្នានៅឧបទ្វីបកូរ៉េដល់ទីបញ្ចប់នោះ គឺសហរដ្ឋអាមេរិក។ នេះក៏ព្រោះថា កាលណាបើកូរ៉េទាំងពីរត្រូវរ៉ូវគ្នា ទោះជាមិនដល់ករណីបង្រួបបង្រួមគ្នាក៏ដោយ ក៏អាមេរិកអស់លេសរក្សាកងទ័ពជាង ពីរម៉ឺននាក់នៅលើទឹកដីកូរ៉េខាងត្បូងដែលជាយុទ្ធសាស្ត្រពង្រឹងសាច់ដុំយោធារបស់ខ្លួននៅអាស៊ីបូព៌ាដែរ។
ដោយឡែក កាលណាបើអស់វត្តមានយោធាអាមេរិកនៅកូរ៉េខាងត្បូងមែន អ្នកដែលសប្បាយចិត្តជាងគេ គឺចិន និងរុស្ស៊ី ដែលជាមិត្តជិតខាងកូរ៉េទាំងពីរឯណោះ។ គ្រាន់តែលឺថា គីម ជុងអ៊ុន ត្រៀមជួបជាមួយមេដឹកនាំកូរ៉េខាងត្បូង និងចង់ចរចាលើការរំសាយអាវុធនុយក្លេអ៊ែរ ក្រុងប៉េកាំងចេញមុខមុនគេដើម្បីសាទរ និងទទូចឲ្យកូរ៉េខាងជើង និងខាងត្បូងឆក់ឱកាសនេះដើម្បីស្វែងរកដំណោះស្រាយពេញលេញមួយផង៕
ចង់បញ្ចេញគំនិតលោកអ្នកលើបញ្ហាអន្តរជាតិមែនទេ? អាចផ្ញើអត្ថបទរបស់លោកអ្នកមកសារព័ត៌មានថ្មីៗបាន
© រក្សាសិទ្ធិដោយ thmeythmey.com