ជាតិ
បទវិភាគ
ការ​រួមភេទ​មិនមែនជា​បុព្វ​សិទ្ធិរបស់​បុរស​តែ​ម្ខាង​នោះទេ​
18, Jun 2018 , 2:38 pm        
រូបភាព
​ទស្សនៈ​របស់​ បុណ្យ រចនា និង​ឃួន ច័ន្ទ​ទេវី
​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​

នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ស្ថានភាព​នៅ​សង្គម​របស់​យើង​ហាក់ដូចជា​បាន​រំជើបរំជួល​ដោយសារតែ​រឿងអាស្រូវ​ផ្លូវភេទ​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​។ ជាក់ស្តែង​យើងឃើញ​មានរឿង​អាស្រូវ​ដែល​អតីត​ព្រះសង្ឃ​មួយអង្គ​ត្រូវបាន​ចោទប្រកាន់ថា​បាន​រំលោភ​សេព​សន្ធ​វៈ​ទៅលើ​ស្ត្រី​វ័យក្មេងដែលជាអតីតគូស្នេហ៍ម្នាក់ ហើយក៏មានរឿងរ៉ាវ របស់ជនបរទេស​ដែលមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ខ្មែរ​មួយរូប ខណៈ​គាត់​កំពុងស្ថិត​នៅក្នុង​ចំណង​អា​ពា​ហ៍​ពិ​ពាហ៍ ហើយ​មានរឿង​រ៉ាវ​រប​ស់បុរ​ស​ដែលមាន​ដៃគូ​ស្នេហា​ច្រើន​នាក់ រឿង​រ៉ាវគូស្នេហ៍​វ័យក្មេង​ដែល​បាន​ព្រមព្រៀង​រួមភេទ​ជាមួយគ្នា​មុនពេល​រៀបការ​។​ល​។​



​បទ​អធិប្បាយ​ភាគច្រើន​ហាក់​បង្ហាញ​ភាព​ភ្ញាក់ផ្អើល ភាព​ខ្មាសអៀន ការខឹង​សម្បារ ដោយ​ផ្តោត​ការរិះគន់​និង​វិនិច្ឆ័យ​ទៅលើ​ភាគី​ជា​ស្ត្រី​ដែល​បាន​ព្រមព្រៀង​រួមភេទ​ជាមួយ​ដៃគូ​របស់ខ្លួន​។ បុគ្គល​ខ្លះ​ហាក់​បាន​ដើរតួ​ជា​អ្នកការពារ​ដ៏​មុតមាំ និង​ប្តូរផ្តាច់​ដើម្បី​ថែរ​រក្សា​ប្រពៃណី ​និង​វប្ប​ធ​ម៌​ដ៏​ផូរផង់​។  ការតាមដាន​ស្តាប់​កិច្ចសន្ទនា និង​បទ​អធិប្បាយ​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ពេលខ្លះ​បង្កអោយមាន​ភាព​ស្មុ​គ្រ​ស្មាញ និង​តានតឹង​អារម្មណ៍​យ៉ាងខ្លាំង ពីព្រោះថា បុគ្គល​ខ្លះ​ហាក់​មិន​ញញើត​កោតក្រែង​ក្នុងការ ជះ​កំហឹង និង​ជេរ​តិះដៀល ដល់​បុគ្គល​ដែល​បង្ហាញ​មតិផ្ទុយ​ពី​ខ្លួន​ឡើយ​។ ស្ថានភាព​នេះ​បង្កអោយមាន​ការពិបាក​ក្នុងការ​សន្ទនា​អោយ​មានន័យ​ពេញលេញ និង​មាន​ការគោរព​គ្នា​ទៅវិញទៅមក​នៅពេល​សន្ទនា​អំពី​ប្រធានបទ​ដ៏​រសើប​នេះ​។ ជា​លទ្ធផល​យើង​តែងតែមាន​សំណួរ​ច្រើនជាង​ចំលើយ​នៅក្នុង​ខួរក្បាល​របស់​យើង​។ តួយ៉ាង យើង​តែងតែ​មិន​យល់ថា​ហេតុអ្វី​បានជា​មនុស្ស​មួយចំនួន​គិតថា​ការរួម​ភេទ​គឺជា​បុព្វសិទ្ធិ​របស់​បុរស​ដោយ​មិន​ចោទ​សួរថា​តើ​ផ្នត់គំនិត​បែបនេះ​មាន​ប្រភព​មកពីណា​? ហេតុអ្វី​បានជា​មនុស្ស​មួយចំនួន​នៅតែ​បន្ត​គាំទ្រ​ការ​រឹតត្បិត​ទៅលើ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ស្ត្រី​ក្នុងការ​រួមភេទ​?

​យើង​ត្រូវតែ​និយាយ​អំពី​ការរួម​ភេទ​ដោយមាន​ការព្រមព្រៀង និង សិទ្ធិ​ស្វ័យ​សម្រេច​របស់​ស្ត្រី​ក្នុងការ​រួមភេទ​។ ការ​ស្វ័យ​សម្រេច​របស់​ស្ត្រី​ក្នុងការ​រួមភេទ មិនមែន​គ្រាន់តែ​ជា​សិទ្ធិ​ដើម្បី​រួចផុត​អំពី​ហិង្សា​ផ្លូវភេទ​នោះទេ  ប៉ុន្តែ​គឺជា​សិទ្ធិ​ធ្វើការ​សម្រេចចិត្ត​អំពី កាល​វេលា ភាព​ញឹកញាប់ និង ការកំណត់​អត្តសញ្ញាណ​របស់​បុគ្គល​ដែល​យើង​ចង់​​រួមភេទ​ជាមួយ​។ សិទ្ធិ​ស្វ័យ​សម្រេច​របស់​ស្ត្រី​ក្នុងការ​រួមភេទ គឺ​ផ្អែកទៅលើ​ទស្សនៈ​ថា វា​ជា​រឿង​ធម្មតា​សម្រាប់​ស្ត្រី​​ក្នុង​ការចង់​មានការ​រួមភេទ ហើយ​វា​ជា​រឿង​ធម្មតា​ដែល​ស្ត្រី​ត្រូវ​ទទួលបាន​ការរីករាយ​ក្នុងពេល​រួមភេទ​!    យើង​នឹង​មិនអាច​បង្កើតអោយមាន​សង្គម​មួយ​ដែលមាន​សមភាព និង​សុខដុមរមនា​បានទេ    ដរាបណា​យើង​នៅតែ​ទទួលយក ទោះបី​ដោយ​បើកចំហរ​ឬ​ដោយ​ស្ងៀមស្ងាត់​ក្តី ថា​ការ​រួមភេទ​គឺជា​បុព្វសិទ្ធិ​របស់​បុរស ហើយ​ព្រមព្រៀង​អោយ​បុរស​មានអំណាច​គ្រប់គ្រង​ស្ថានភាព​នៅក្នុង​បន្ទប់​គេង​។ អាកប្បកិរិយា​បែបនេះ​ជំ​រុញអោយ​ស្ត្រី​នៅតែ​ជា​ភាគី ដែល​មិន​អាចធ្វើ​សេចក្តីសម្រេច​ចិត្តបាន​។ ចំណុច​ចម្បង​នោះ​គឺថា យើង​ត្រូវគោរព​សិទ្ធិ និង​សេរីភាព​ក្នុងការ​​ជ្រើសរើស​របស់​ស្ត្រី​។​

​ជាដំបូង​យើង​ត្រូវគោរព​សិទ្ធិ​របស់​ស្ត្រី​ក្នុងការ​ជ្រើសរើស និង​ធ្វើ​សេចក្តីសម្រេចចិត្ត​។  ប្រសិនបើ​ស្ត្រី​ណា​ម្នាក់​ចង់​រួមភេទ​ដោយមាន​ការព្រមព្រៀង​ជាមួយ​ដៃគូ​របស់​នាង ទោះជា​ដៃគូ​នោះ​ជា​បុរស ឬ​ជា​ស្ត្រី​ក៏ដោយ វា​គឺជា​ការសម្រេចចិត្ត​រប​ស់​នាង​។ នាង​មិនត្រូវ​ការអោយ​អ្នកណា​សម្រេចចិត្ត​ជំនួស​នាង​នោះទេ​។  រដ្ឋធម្មនុញ្ញ​របស់​យើង​ធានា​និង​ការពារ​សិទ្ធិ​ស្មើគ្នា​រវាង​បុគ្គល​គ្រប់រូប នេះ​មានន័យថា ស្ត្រី មាន​សិទ្ធិ និង​កាតព្វកិច្ច​ស្មើគ្នា​ដូចនឹង​បុរស​ដែរ​នៅ​ចំពោះមុខ​ច្បាប់​។

​ចំណុច​បន្ទាប់​នោះ​គឺថា​យើង​ត្រូវ​លុបបំបាត់​រាល់​គ្រប់​ទម្រង់​នៃ​ភាពមិន​ស្មើភាព​រវាង ស្ត្រី​និង​បុរស ប្រសិនបើ​យើង​ពិតជា​ចង់ឃើញ​សមភាព​យេនឌ័រ​ប្រាកដ​នៅក្នុង​សង្គម​។ មនុស្ស​ជំនាន់​យើង​មានសំណាង​ណាស់​ដែលមាន​បងៗ​ស្ត្រី​ជំនាន់​មុនៗ ទាមទារ​សិទ្ធិ​និង​សេរីភាព​សម្រាប់​យើងទាំងអស់គ្នា​ដែល​ពួកយើង​កំពុងតែ​ប្រើប្រាស់​សិទ្ធិ​ដោយ​រួមទាំង សមភាព​ក្នុង​ការទទួល​បានការ​រ​អប់រំ និង​សេវាសាធារណៈ​។ ប៉ុន្តែ​សមភាព​យេនឌ័រ​ដ៏​ប្រាកដ​មួយ​នៅ​មិនទាន់មាន​នៅឡើយ​ទេ​។ ពួកយើង​ត្រូវតែ​បន្ត​បេសកកម្ម​នេះ​ដើម្បី​បង្កើន​លំហ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ពីព្រោះថា ពួកគេ​គួរ​ទទួលបាន​ស្ថានភាព​សង្គម​មួយ​ដែល​ប្រសើរ​ជាង​ពួកយើង ដូចជា​ការទទួលបាន​នូវ​ព័ត៌មាន​ពិតប្រាកដ និង​ស្មោះត្រង់ ពាក់ព័ន្ធ​និង​ជម្រើស​នៃ​វិធីសាស្ត្រ​ក្នុងការ​ពន្យា​កំណើត និង​ការអប់រំ​អំពី​ការ​រួមភេទ​។ យើង​ត្រូវ​ផ្តល់ព័ត៌មាន​និង​មធ្យោបាយ​ដល់​យុវជន​ជំនាន់​ក្រោយ​ដើម្បី​ពួកគេ​អាច​ការពារ​ខ្លួនគេ និង​អាចបង្កើត​ជម្រើស​នានា​ដែល​ពួកគេ​ពេញចិត្ត និង​ប្រកបដោយ​សេចក្តីក្លាហាន​។

​ការព្យាយាម រារាំង ត្រួតត្រា​លើ​រាងកាយ​របស់​ស្ត្រី និង​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ស្ត្រី​ក្នុងការ​រួមភេទ គឺជា​ទង្វើ​ខុសឆ្គង​។ ការរារាំង​ស្ត្រី​មិនអោយ​ទទួល​ការអប់រំ​អំពី​ការ​រួមភេទ និង​មិន​ផ្តល់ព័ត៌មាន​ដែលមាន​គុណភាព​អំពី​របៀប​ការពារ​ខ្លួន​ក្នុងពេល​រួមភេទ និង​ការថែទាំ​សុខភាព​បន្ត​ពូជ ឬ ការបង្រៀន​ស្ត្រី​មិនអោយ​រួមភេទ​មុន​ការ​រៀបការ​តែ​ម្យ៉ាង​នោះ គឺជា​ការខ្វះ​ការទទួលខុសត្រូវ​រប​ស់​សង្គម​។ ការអប់រំ​ស្ត្រី​មិនអោយ​រួមភេទ​មុន​រៀបការ​ជាទូទៅ​តែងតែ​ផ្តល់ព័ត៌មាន​មិន​ពិត ដូចជា ការ​បំផ្លើស​អំពី​ភាព​អ​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ស្រោមអនាម័យ ការ​តិះដៀល​ដល់​ស្ត្រី​ដែល​សកម្ម​ក្នុងការ​ស្វ័យ​សម្រេច​អំពី​ការ​រួមភេទ និង​តែងតែ​ពង្រឹង​អំពី​រឿងរ៉ាវ​មិន​ពិត​នៃ​តួនាទី​យេនឌ័រ​ហើយ​មិន​ទទួលយក​យុវជន​យុវនារី​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​។​

​ខណៈ​ដែលមាន​ក្រុម​អ្នកសារព័ត៌មាន​ព្រមទាំង​អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិ​ស្ត្រី​ជាច្រើន​បាននិងកំពុង​ធ្វើកា​រយ៉ា​ង​សកម្ម​ដើម្បី​បង្កើន​ការយល់ដឹង​ចំពោះ​បញ្ហា សិទ្ធិ​ស្វ័យភាព​របស់​ស្ត្រី​ក្នុងការ​រួមភេទ (​សិទ្ធិ​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​អំពី កាល​វេលា ភាព​ញឹកញាប់ និង​ការកំណត់​អត្តសញ្ញាណ​របស់​បុគ្គល​ដែល​យើង​ចង់​រួមភេទ​ជាមួយ​) វា​គួរតែ​ដល់ពេល​ដែល​យើងទាំងអស់គ្នា​ត្រូវ​និយាយ​អំពី​រឿងនេះ​។ យើង​ត្រូវ​និយាយ​អំពី​ការរួម​ភេទ​ដោយមាន​ការព្រមព្រៀង ការរួម​ភេទ​ដោយមាន​ការពារ  និង​ភាព​ស្វ័យ​សម្រេច​របស់​ស្ត្រី​ក្នុងការ​រួមភេទ  ដើម្បីអោយ​ស្ត្រី​និង​បុរស​វ័យក្មេង​បាន​យល់ដឹង​អំពី​វិធីសាស្ត្រ​ក្នុងការ​ការពារ​ខ្លួន​អំពី​ជំងឺ​កាមរោគ ជំងឺអេដស៍ និង​ទប់​ស្តា​ត់​អំពើហិង្សា​ផ្លូវភេទ​ពី​សំណាក់​ដៃគូ​ស្និទ្ធស្នាល​។ ការលើក​កំពស់​សិ​ទ្វិ​ស្វ័យ​សម្រេច​របស់​ស្ត្រី​ក្នុងការ​រួមភេទ​រួមបញ្ចូល​ទាំង​ការផ្លាស់ប្តូរ​អំណាច​ផ្នត់គំនិត​បែប​បិតា​ធិបតេយ្យ​ទាំង​ក្នុង​បន្ទប់​គេង និង​ក្នុង​សង្គមជាតិ​ទាំងមូល​។

​ជា​ចុងក្រោយ​យើង​ស្នើអោយ​មានការ​យោគយល់ និង​ការចូលរួម​និយាយ​អំពី​បញ្ហា​នេះ​។ ប្រសិនបើ​អ្នក​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​និយាយ​អំពី​បញ្ហា​នេះ​ទេ សូមកុំ​រារាំង និង​តិះដៀល​បុគ្គល​ទាំងឡាយ​ដែល​កំពុងតែធ្វើការ​យ៉ាង​សកម្ម​ក្នុងការ​បញ្ហា​នេះ​។ យើង​គប្បី​ដឹងថា  ការអប់រំ​ដោយ​ប្រើ​វិធីសាស្ត្រ​ឃាំង​មិនអោយ​យុវវ័យ​រួមភេទ​តែ​ម្យ៉ាង​នោះ គឺ​មិនសូវមាន​ប្រសិទ្ធិភាព​ឡើយ​នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​។ ល្មម​ដល់​ពេលដែល​ស្ត្រី​វ័យក្មេង​របស់​យើង​ទទួលបាន​ព័ត៌មាន​ពិត​អំពី​ការអប់រំ​ផ្លូវភេទ​ហើយ​ល្មម​ដល់​ពេលដែល​យើង​គ្រប់គ្នា​បង្កើត​នូវ​បរិយាកាស​សង្គម​មួយ​ដែល​ស្ត្រី​អាច​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា និង​អាច​ប្រើប្រាស់​រាងកាយ​របស់គេ​តាមតែ​ការពេញចិត្ត​របស់​ពួកគេ​។ ការ​រួមភេទ​មិនមែនជា​បុព្វសិទ្ធិ​របស់​បុរស ប៉ុន្តែ​ជា​បុព្វសិទ្ធិ​របស់​យើងទាំងអស់គ្នា​។​

© រក្សាសិទ្ធិដោយ thmeythmey.com