ជាតិ
បទសម្ភាសន៍
វីដេអូ
ក្រូចថ្លុង​កោះ​ទ្រង់​តែ​១២៥​ដើម ផ្តល់​ចំណូល​ឲ្យ​ម្ចាស់​៥០០០​ដុល្លារ​ក្នុង​មួយ​រដូវ​
19, Oct 2018 , 9:25 am        
រូបភាព
​ក្រចេះ​៖ អ្នកស្រី សាត់ ចាន់​រី ជា​ម្ចាស់​ចម្ការ​ក្រូចថ្លុង នៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ខេត្តក្រចេះ ដែល​ល្បីល្បាញ​ពី​រសជាតិ​ឆ្ងាញ់ និង​មានតម្លៃ​ថ្លៃ​ជាង​ក្រូចថ្លុង​នៅ​តំបន់​ផ្សេង​។ តាម​អ្នកស្រី ចាន់​រី ក្រូចថ្លុង​កោះ​ទ្រង់ អាច​លក់បាន​ថ្លៃ ពី​៨​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល ក្នុង​មួយ​ផ្លែ​។ គ្រាន់តែ​ចម្ការ​ក្រូចថ្លុង​របស់​អ្នកស្រី ចាន់​រី តែមួយ ដែលមាន​ក្រូចថ្លុង​ចំនួន​១២៥​ដើម ផ្តល់​ចំណូល​ប្រមាណ ៥០០០​ដុល្លារ​ឯណោះ​ក្នុង​មួយ​រដូវ​។​



​កោះ​ទ្រង់ ជា​តំបន់​មួយ​ដែលមាន​សក្ដានុពល​ទេសចរណ៍ធម្មជាតិ និង​មាន​អំណោយផល​សម្រាប់​ដំណាំ​ក្រូចថ្លុង​។ ក្រូចថ្លុង​កោះ​ទ្រង់ មានតម្លៃ​ថ្លៃ ព្រោះតែ​ភាពល្បីល្បាញ​ថា​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ពី​តំបន់​ដទៃ​ក្នុងប្រទេស​កម្ពុជា ហើយ​កាលពី​ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅ ក្រសួងពាណិជ្ជកម្ម​បាន​ផ្តល់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ក្រូចថ្លុង​កោះ​ទ្រង់​»​នេះ​ផងដែរ​។ អ្នកស្រី សាត់ ចាន់​រី ម្ចាស់​ចម្ការ​ក្រូចថ្លុង​នៅ​ភូមិ​ក្បាលកោះ សង្កាត់​កោះ​ទ្រង់ បាន​ប្រាប់​ឲ្យ​ដឹងថា ពូជ​ក្រូចថ្លុង​នៅទីនេះ មាន​តាំងពី​ដូនតា​មក ហើយ​វា​មាន​សាច់​ពណ៌​ផ្កាឈូក​។  ក្នុង​ចម្ការ​របស់​ស្ត្រី​រូបនេះ មាន​ក្រូចថ្លុង ចំនួន​១២៥​ដើម ហើយ​ក្នុង​មួយ​ដើម​ក្រូចថ្លុង ផ្តល់​ផល​ពី ៣០ ទៅ ១០០​ផ្លែ​។ អ្នកស្រី សាត់ ចាន់​រី អះអាងថា ក្រូចថ្លុង​នេះ តែង​ផ្តល់​ចំណូល​ដល់​គាត់​ប្រមាណ ៥០០០​ដុល្លារ​ក្នុង​មួយ​រដូវ​។  អ្នកស្រី ចាន់​រី បញ្ជាក់​ដូច្នេះ​៖«​ក្នុង​មួយឆ្នាំ អាច​រកចំណូលបាន ៥០០០​ដុល្លារ ពី​ដំណាំ​ក្រូចថ្លុង​នេះ​»​។

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកស្រី ចាន់​រី ម្ចាស់​ចម្ការ​ក្រូចថ្លុង នៅ​កោះ​ទ្រង់ ខេត្តក្រចេះ​ដូចតទៅ​៖



អត្ថបទទាក់ទង




Tag:
 ​ក្រចេះ​
 ​កោះ​ទ្រង់​
 ​ក្រូចថ្លុង​
© រក្សាសិទ្ធិដោយ thmeythmey.com