អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌា​៖ តំបន់​«​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»​រាប់បញ្ចូល​គ្រប់ភាគី ហើយក៏​គ្មាន​មហិច្ឆតា​ប្រឆាំង​មហាអំណាច​ចិន​ដែរ​
21, Jul 2018 , 10:39 am        
រូបភាព
(​ញូ​ដេលី​)៖ ឥណ្ឌា​អះអាងថា «​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» គឺ​រួមបញ្ចូល​គ្រប់ភាគី​ទាំងអស់​មិន​រើសអើង ហើយ​វា​ផ្តោត​សំខាន់​លើ​ការធានា​សេរីភាព ការបើកចំហ និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់ទម្លាប់​។ គោល​គំនិត​នេះ​គ្មាន​គោលដៅ​ប្រឆាំង​អ្នកណា​មួយ​ឡើយ ហើយ​ឥណ្ឌា​ក៏​គ្មាន​គោលដៅ​ណា​ប្រជែង ឬ​ប្រឆាំង​មហាអំណាច​ចិន​ដែរ​។​


​ក្នុងជំនួប​ជាមួយ​អ្នកកាសែត​អាស៊ាន ដាច់ដោយឡែក​ពី​វេទិកា​សន្ទនា​ដេលី​លើក​ទី​ដប់ (Delhi Dialogue) លោកស្រី​លោកស្រី Preeti Saran រដ្ឋលេខាធិការ​ក្រសួងការបរទេស​ឥណ្ឌា​ទទួលបន្ទុក​ភាគ​ខាងកើត (Secretary [East]) បានផ្តល់​យោបល់​ថា គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មិនមែនជា​រឿង​ថ្មី​ទេ ប៉ុន្តែ​វា​មិនត្រូវ​បាន​គេ​លើកឡើង​ញឹកញាប់​។​
 
​តំណាង​ក្រសួងការបរទេស​ឥណ្ឌា​រូបនេះ​ផ្តល់​និយមន័យ​មូលដ្ឋាន​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ថា សម្រាប់​ឥណ្ឌា ឥណ្ឌូ​ប៉ាស៊ីហ្វិក​គឺ សំដៅលើ​ភូមិសាស្ត្រ​ដែល​លាតសន្ធឹង​ចេញពី​ភាគ​ខាងកើត​ទ្វីបអាហ្វ្រិក​មកដល់​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ដែល​វា​ជា​ផ្លូវទឹក​ដ៏​សំខាន់​ភ្ជាប់​មហាសមុទ្រ​ឥណ្ឌា​ជាមួយ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។
 
«​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងមូល​ដែល​យើង​កំពុង​រស់នៅ​មិនមែនជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​អ្នក​ណាមួយ​ឡើយ​។ វា​ជា​តំបន់​រួម​ប្រកបដោយ​បរិ​យាប​ន្ន​។ ប៉ុន្តែ​អ្វីដែល​យើង​ចង់បាន​នោះ​គឺ ស្ថិរភាព និង​សន្តិភាព​តំបន់ ដែល​គ្រប់​ភាគ​អាចអនុវត្ត​សេរីភាព​នាវាចរណ៍ និង​អាច​ធានា​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែក​សំខាន់​លើ​ច្បាប់​អន្តរជាតិ​ត្រូវ​ភាគី​ទាំងអស់​គោរព​ប្រតិបត្តិ​»​។ លោកស្រី Preeti បាន​អះអាង​ដូច្នេះ​។​
 
​បើតាម​មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​រូបនេះ ខណៈដែល​អាស៊ាន​ជា​បេះដូង​នៃ​«​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» ឥណ្ឌា​បន្ត​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព​, គាំទ្រ​សាមគ្គី និង​រួបរួមគ្នា​របស់​អាស៊ាន ហើយ​ឥណ្ឌា​នៅតែ​រក្សា​ជំហរ​ឥត​ងាករេ​ក្នុង​ការបន្ត​គាំទ្រ​តួនាទី​ស្នូល​របស់​អាស៊ាន (ASEAN Centrality) ក្នុងការ​កសាង​និង​ដឹកនាំ​និម្មាបនកម្ម​តំបន់ (Regional Architecture)​ដែរ​។ លោកស្រី​ក៏​សង្កត់ធ្ងន់​ដែរ​ថា អនាគត​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក គឺ​អាស្រ័យ​លើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​នេះ​ជាពិសេស​តាមផ្លូវ​សមុទ្រ​រវាង​ឥណ្ឌា​និង​អាស៊ាន​តែម្តង​។


 
​ដោយសារ​ហេតុនេះហើយ រដ្ឋាភិបាល​ឥណ្ឌា​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី​យកចិត្ត​ដាក់​ខ្លាំង​លើ​តំបន់​អាស៊ាន​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ការបរទេស «​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងកើត​» (Act East Policy) ចាប់ពី​ឆ្នាំ ២០១៤​។ លោក ម៉ូ​ឌី ព្យាយាម​ប្តូរ​ទស្សនវិស័យ​ដែលមាន​ទៅជា​សកម្មភាព​ជាក់ស្តែង ដោយ​បន្ត​លើកស្ទួយ​ចំណងមិត្តភាព​ជាមួយ​អាស៊ាន​ឲ្យ​រឹងមាំ​និង​ស៊ីជម្រៅ​ទាំង​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​វិស័យ​ផ្សេងទៀត​ដែរ​។​
 
​ត្រឡប់មកវិញ គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ត្រូវបាន​គេ​លើកឡើង​ដំបូង​និង​កាន់តែ​ញឹកញាប់​នៅ​ចុងឆ្នាំ ២០១៧ ដោយ​រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ​។ បើតាម​អ្នកជំនាញ គ្មាន​និយមន័យ​ផ្លូវការ​ណាមួយ​នៃ​គោល​គំនិត​ដ៏​ល្បីល្បាញ​នេះ​ត្រូវបាន​គេ​កំណត់​នោះឡើយ​នៅពេល​បច្ចុប្បន្ន​។ មាន​មិ​ត​ខ្លះ​យល់ថា ការលើកឡើង​ពី​គោល​គំនិត​នេះ​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ជំរុញ​ការហ៊ុមព័ទ្ធ​ឬ​ទប់ស្កាត់​ការ​រះ​ត្រដែត​របស់​ចិន​។​
 
 ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៃ​វិទ្យាស្ថាន​សិង្ហ​បុរី ISEAS-Yusof Ishak លោក​បណ្ឌិត Tang Siew Mun បាន​អះអាងថា បើទោះជា​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ​ត្រូវបាន​គេ​លើក​យកមក​និយាយ​ជា​ហូរហែរ​រហូតដល់​កម្រិត​គោលនយោបាយ​ការបរទេស​ក្តី និយមន័យ និង​គោលដៅ​នៃ​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅតែ​ស្រពេចស្រពិល​។ ចំណែក​ប្រទេស​នីមួយៗ​តែងតែ​ផ្តល់​និយមន័យ និង​បកស្រាយ​ផ្សេងៗ​គ្នា​កន្លង​មកទៀត​។​
 
​លោក​បណ្ឌិត​យល់ឃើញ​ដែរ​ថា មាន​ប្រជាជន ១,៣ ពាន់​លាន​នាក់ ឥណ្ឌា​ពិត​មាន​តួនាទី​ស្នូល​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដោយសារ​ឥណ្ឌា​ជា​មហាអំណាច​សេដ្ឋកិច្ច​ផង និង​ជា​មហាអំណាច​ដែនសមុទ្រ​ផង​។ ប៉ុន្តែ​លោក​ជឿជាក់ថា បើសិនជា​គោល​គំនិត​នេះ​បង្កើតឡើង​ក្នុងន័យ​ប្រឆាំង ឬ​ហ៊ុមព័ទ្ធ​តួអង្គ​ណាមួយ​ក្នុង​តំបន់​ជាពិសេស​ចិន​ដូច​ការពិភាក្សា​មែន​នោះ វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​បំផុត​។
 
ឥណ្ឌា​គ្មាន​មហិច្ឆតា​ប្រជែង​ចិន​?
​រដ្ឋាភិបាល​ឥណ្ឌា​យល់ថា វា​គ្មាន​ហេតុផល​ដែល​ឥណ្ឌា និង​ចិន​ដែល​សុទ្ធតែជា​មហាអំណាច​គីឡូ​ធ្ងន់​ដែលមាន​ប្រជាជន​ជាង​មួយ​ពាន់​លាន​នាក់​ត្រូវ​ប្រជែង​ឬ​ប្រឆាំង​គ្នា​ឡើយ​។ ទាំង ឥណ្ឌា និង ចិន​សុទ្ធតែជា​មហាអំណាច​គីឡូ​ធ្ងន់​ដែល​ធ្លាប់មាន​អរិយធម៌​រុងរឿង និង​ធ្លាប់​គ្រប់គ្រង​ពិភពលោក​មុន​សម័យ​អាណានិគម​ចាប់ផ្តើម​។
 
​លោកស្រី Preeti និយាយថា​៖«​ប៉ុន្តែ​គ្រប់យ៉ាង​ផ្លាស់ប្តូរ​ពេល​បណ្តា​ប្រទេស​ចក្រ​ព័​ត្តិ​ដាក់​អាណានិគម​។ ប៉ុន្តែ​បច្ចុប្បន្ន​ឥណ្ឌា និង​ចិន​ស្ថិតនៅ​លើផ្លូវ​រួមគ្នា​ទៅរក​ការអភិវឌ្ឍ​។ យើង​ត្រូវ​ឈរ​ដោយ​ខ្លួនឯង យើង​មាន​ចំណង​វប្បធម៌​អរិយធម៌​រឹងមាំ ហើយ​យើង​មិន​ប្រឆាំង​អ្នកណា​មួយ​ឡើយ​។ តំបន់​អាស៊ី​ជា​អនាគត​យើងទាំងអស់គ្នា​។ សតវត្ស​ទី​២១ ជា​សតវត្ស​របស់​អាស៊ី​»​។
 
​តំណាង​ក្រសួងការបរទេស​ឥណ្ឌា​រូបនេះ​បាន​សង្កត់ធ្ងន់ថា ទំនាក់ទំនង​រវាង ចិន​និង​ឥណ្ឌា​មិនមែនជា​កិច្ចប្រតិបត្តិការ​ចាញ់​-​ឈ្នះ​ទេ ប៉ុន្តែ​ឈ្នះ​ទាំងសងខាង​។ ចិន​នៅ​ជា​ដៃគូ​ដ៏​សំខាន់​របស់​ចិន​ទាំង​សេដ្ឋកិច្ច នយោបាយ និង​ការទូត​ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត​៕


Tag:
 ឥណ្ឌា
  Delhi Dialogue
  ឥណ្ឌូប៉ាស៊ីហ្វិក
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com