កីឡាជាតិ
ជាតិ
លី​គ​៖ វិសាខា​, ស្វាយរៀង ប៉ះ​ក្រុម​ដែល​យកឈ្នះ​ខ្លួន​ក្នុង​ជើង​ទី​១ រីឯ​បឹងកេត​តតាំង​ជាមួយ​សូល​ទី​ឡូ​អង្គរ​
21, Jul 2018 , 2:52 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​លី​គ​កំពូល បាន​ឈានដល់​ការប្រកួត​សប្តាហ៍​ទី​១៥ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែកក្កដា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​ក្រុម​វិសាខា តទល់​ជាមួយ​អាស៊ី​អឺរ៉ុប រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង​ប្រជែង​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ មុន​បឹងកេត ប៉ះ​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ​។



​វិសាខា ប៉ះ អាស៊ី​អឺរ៉ុប​ម៉ោង​៣​រសៀល​នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​

​វិសាខា​ជា​ក្រុម​ចំណូល​ថ្មី​កំពុង​ឡើង​ជើង​ស្ថិតនៅ​លេខ​រៀង​ទី​២​ក្នុង​តារាង​មាន​៣២​ពិន្ទុ​ក្នុង​ដៃ​។ ក្រុម​នេះ​ពុំទាន់​ស្គាល់​បរាជ័យ​នោះទេ សម្រាប់​៤​ប្រកួត​កន្លងមកនេះ​។ នា​ជំនួប​សប្តាហ៍​មុន វិសាខា​បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​ក្នុង​លទ្ធផល ៣-១​។ ចំណែក​អាស៊ី​អឺរ៉ុប ស្ថិតនៅ​លេខ​រៀង​ទី​៨​ក្នុង​តារាង មាន​១៨​ពិន្ទុ​។ ៤​ប្រកួត​កន្លងមក អាស៊ី​អឺរ៉ុប​ឈ្នះ​១​លើក និង​ចាញ់​៣​លើក​ជាប់​គ្នា​ចុងក្រោយ​។ កាលពី​សប្តាហ៍​មុន​ក្រុម​នេះ ចាញ់​ក្រុម​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ៣-១​។ ការវិល​មក​គ្នា​រវាង​ក្រុម​ទាំង​ពីរលើក​នេះ វា​ជា​ឱកាស​សងសឹក​សម្រាប់​វិសាខា ដែល​បាន​ចាញ់​អាស៊ី​អឺរ៉ុប​ក្នុង​ជើង​ទី​១​។ សម្រាប់​ការប្រកួត​ជើង​ទី​១ ក្រុម​អាស៊ី​អឺរ៉ុប​បាន​យកឈ្នះ​វិសាខា ក្នុង​លទ្ធផល ២-០​។

​ព្រះខ័ន​រាជ​ស្វាយរៀង​ជួប​អង្គ​រថា​យ​ហ្គឺ​រ​ម៉ោង​៣:៣០​នាទី​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​

​ព្រះខ័ន​រាជ​ស្វាយរៀង​ស្ថិតនៅ​លេខ​រៀង​ទី​៦​ក្នុង​តារាង​មាន​២០​ពិន្ទុ​ក្នុង​ដៃ​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ ហាក់​ទទួលលទ្ធផល​ល្អ​សម្រាប់​៤​ប្រកួត​កន្លងមកនេះ ដោយ​ឈ្នះ​៣​និង​ចាញ់​១​។ នា​ជំនួប​សប្តាហ៍​មុន ក្រុម​នេះ យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-២​។ ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ស្ថិតនៅ​លេខ​១០​ក្នុង​តារាង ក្រោយ​១៤​ប្រកួត​ឈ្នះ​៣ ស្មើ​៣ និង​ចាញ់​៨​។ ក្រុម​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប​ជា​មូលដ្ឋាន​មួយ​នេះ មាន​១២​ពិន្ទុ​ក្នុង​ដៃ​។ មួយរយៈ​ចុងក្រោយ ក្រុម​នេះ ទទួលលទ្ធផល​មិនសូវ​ល្អ​នោះឡើយ ដោយ​៥​ប្រកួត​ចាញ់​៤​និង​ស្មើ​១​។ ប៉ុន្តែ​កាលពី​សប្តាហ៍​មុន អង្គ​រថា​យ​ហ្គឺ​រ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​ណាហ្គា​វើ​ល​។ នា​ជំនួប​ជើង​ទី​១​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​បាន​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៣-១​។

​បឹងកេត តទល់​ជាមួយ សូល​ទី​ឡូ​អង្គរ ម៉ោង​៦​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

​បឹងកេត​ជា​ក្រុម​មិនដែល​ស្គាល់​ចាញ់​ស្ថិតនៅ​កំពូល​តារាង​មាន​៣៦​ពិន្ទុ​។ បន្ទាប់ពី​ស្មើ ១-១ ជាមួយ​វិសាខា នា​ជំនួប​សប្តាហ៍​ទី​១០ បឹងកេត​មិនដែល​ស្គាល់​ចាញ់​នោះឡើយ ពោលគឺ​ឈ្នះ​ទាំង​៤​ប្រកួត ខណៈ​កាលពី​សប្តាហ៍​មុន ក្រុម​នេះ​យកឈ្នះ​អគ្គស្នងការ​នគរបាល​ជាតិ ១-០​។ បឹងកេត​ត្រូវការ​ឈ្នះ​ក្នុងជំនួប​នេះ ដើម្បី​បន្ត​គ្រង​កំពូល​តារាង ជាមួយ​កំណត់ត្រា​មិន​ស្គាល់​មិន​ចាញ់​។ ចំណែក​សូល​ទី​ឡូ​អង្គរ ក៏ត្រូវ​ការ​ឈ្នះ​ផងដែរ​ក្នុងការ​រក្សា​គ​ន្លាត​ឲ្យ​កាន់តែ​ឆ្ងាយ​ពី​តំបន់​គ្រោះថ្នាក់​។ បច្ចុប្បន្ន​ក្រុម​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប​ជា​មូលដ្ឋាន​មួយ​នេះ ស្ថិតនៅ​លេខ​រៀង​ទី​៩​មាន​១៤​ពិន្ទុ​។ កាលពី​ជើង​ទី​១ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១៕​

Tag:
 បាល់ទាត់​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com