ជាតិ
សុខភាព
ក្រសួងសុខាភិបាល នឹងដាក់ឱ្យដំណើរការចុះបញ្ជិកាឱសថតាមប្រព័ន្ធអេឡិចត្រូនិក រូបភាពពីហ្វេសប៊ុក លោក យ៉ង ដារាវុធ
× ភ្នំពេញ៖ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងសុខាភិបាល នឹងដាក់ឱ្យដំណើរការចុះបញ្ជិកាឱសថតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីសម្រួលក្នុងការចុះបញ្ជិឱសថឱ្យបាលលឿនជាងមុន ហើយក៏ដើម្បីនិងទប់ស្កាត់ឱសថក្លែងក្លាយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
ការចុះបញ្ជិកាឱសថតាមប្រព័ន្ធអេឡិចត្រូនិក នឹងជួយឱ្យម្ចាស់ក្រុមហ៊ុនឱសថចំណេញពេលវេលា ក៏ដូចជាថវិកា ដោយពុំចាំបាច់ធ្វើដំណើរមកកាន់ក្រសួងសុខាភិបាលឡើយ គ្រាន់តែចូលទៅក្នុងគេហទំព័ររបស់ក្រសួង និងបំពេញទៅតាមបែបបទដែលក្រសួងបានកំណត់។ នេះជាការលើករបស់លោក យ៉ង ដារាវុធ អនុប្រធាននាយកដ្ឋានឱសថនិងចំណីអាហារ នៃក្រសួងសុខាភិបាល ដែលAKP ស្រង់សម្ដី។
AKP បានស្រង់សម្ដីរបស់ លោក យ៉ង ដារាវុធ ទៀតថា ការចុះបញ្ជិកាតាមប្រព័ន្ធអេឡិចត្រូនិក មិនត្រឹមតែជួយឱ្យដំណើរការចុះបញ្ជិកាបានលឿនប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយ អំពើពុករលួយបានផងដែរ។ លោក យ៉ង ដារាវុធ ឱ្យដឹងថា គម្រោងចុះបញ្ជិកាឱសថតាមប្រព័ន្ធអេឡេចត្រូនិកនេះ ក្រសួងកំពុងសហការជាមួយអង្គការសុខភាពពិភពលោក។ អនុប្រធាននាយកដ្ឋានឱសថនិងចំណីអាហារបាន បន្ថែមថា បច្ចុប្បន្ន ការចុះបញ្ជីកាឱសថ ត្រូវការពេលវេលាប្រមាណ៦ខែ តាមរយៈច្រកចេញចូលតែមួយ។
គូសបញ្ជាក់ថា ការលើកឡើងរបស់ លោក យ៉ង ដារ៉ាវុធ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន មុនឈានទៅរៀបចំពិព័រណ៍ឱសថកម្ពុជាឆ្នាំ២០១៨ និងសន្និសីទអន្តរជាតិលើកទី៤ ស្តីពីឧស្សាហកម្មឱសថវេជ្ជសាស្ត្រមន្ទីរពិសោធន៍ និងសុខភាពធ្មេញ នៅកម្ពុជា នៅដើមខែកញ្ញាខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា៕
Tag:
ឱសថ
បញ្ជិកា
ប្រព័ន្ធអេឡិចត្រូនិក
យ៉ង ដារាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com