សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុន គាំទ្រ​ថៃ​ឲ្យ​ចូល​ជា​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​
21, Jul 2018 , 7:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​ពេញ​ចិត្តនឹង​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ក្នុង​ការសុំ​ជា​សមាជិក នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​អភិវឌ្ឍ​អន្តរ​ប៉ាស៊ីហ្វិក ឬ​ហៅថា CPTPP​។ ក្រុង​តូ​ក្យូ ក៏បាន​សន្យា​ជួយ​ព​ន្លឿ​ន​ក្រុង​បាងកក​ឲ្យ​បានក្លាយ​ជា​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ​ផងដែរ ។​



​នា​ជំនួប​ទ្វេភាគី​ក្នុង​ក្រុង​តូ​ក្យូ​នៅ​ថ្ងៃទី​១៨ ខែកក្កដា រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​ថៃ បាន​ព្រមព្រៀងគ្នា​ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​ប្រទេស​អាស៊ីអាគ្នេយ៍​ថៃ​ឲ្យ​ក្លាយជា​សមាជិក នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក (CPTPP = Comprehensive and Progressive Agreement for Trans-Pacific Partnership ) ខណៈ​ប្រទេស​ទាំងពីរ ក៏បាន​បង្ហាញ​ពី​គោលដៅ​រួមគ្នា​ក្នុងការ​លើកកម្ពស់​ពាណិជ្ជកម្ម​សេរី​។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ Bangkok Post ក្រោយ​បញ្ចប់​រវាង​ឧបនាយករដ្ឋមន្ត្រី​ថៃ និង​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន ភាគី​ទាំងពីរ បានចេញ​សេចក្តីថ្លែងការណ៍​រួមមាន​ដោយបាន​បញ្ជាក់ថា ជប៉ុន អះអាង​ជាថ្មី​អំពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ទៅកាន់​ថៃ​ក្នុង​ការចូល​ជា​សមាជិក​របស់ CPTPP ក៏ដូចជា​ប្តេជ្ញា​ជួយ​ជ្រោមជ្រែង​និង​ព​ន្លឿ​ន​នីតិវិធី​ចរចា និង​ពិគ្រោះ​យោបល់ ខណៈ​ថៃ នឹងដាក់​សំណើសុំ​ចូល​ជា​សមាជិក​នៅ​ចុង​ឆ្នាំនេះ​ផងដែរ​។​

​ជុំវិញ​នៃ​ការ​ដំណើរការ​នេះ តំណាង​ថៃ​លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak បាន​អះអាងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម CPTPP នឹង​ជួយ​ធ្វើ​ឲ្យ​សហគ្រិនភាព​របស់​ថៃ​កាន់តែ​ល្អប្រសើរ ខណៈដែល​មតិ​មួយចំនួន​យល់ឃើញថា​នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក ពិបាក​ក្នុងការ​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ធំៗ តាមរយៈ​គោលការណ៍​នៃ​ពាណិជ្ជកម្ម​សេរី​។

​គួរ​ជម្រាប​ផងដែរ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម CPTPP គឺជា​កិច្ចព្រមព្រៀង​មួយ ដែល​កើតចេញ​បន្ទាប់ពី​អាមេរិក បាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​អន្តរ​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា TPP​។ ដោយ​មិន​រាប់​អាមេរិក កិច្ចព្រមព្រៀង CPTPP មាន​សមាជិក​ដើម​រួមមាន អូស្ត្រាលី ព្រុយ​ណេ កាណាដា ស៊ី​លី ជប៉ុន ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង វៀតណាម​។

​បើ​សមាជិក​ទាំងអស់​របស់ CPTPP រួមគ្នា​ជា​បណ្តុំ​មួយ នោះ​ទំហំ​ពាណិជ្ជកម្ម​របស់ CPTPP សើ្ម​នឹង​១០.២ ទ្រី​លាន​ដុល្លារ នៃ​ផលិត​សរុប (GDP) ប្រមាណ ១៣.៥ ភាគរយ​ក្នុង​ទំហំ​សកល​៕


Tag:
 ថៃ​
  ជប៉ុន​
  CPTPP
© រក្សាសិទ្ធិដោយ thmeythmey.com