ជាតិ
អភិបាលខេត្ត​ស្ទឹងត្រែង​៖ ពលរដ្ឋ​ជិត​៥០០០​គ្រួសារ​រងគ្រោះ​ទឹកជំនន់ ខណៈ​អាជ្ញាធរ​កំពុង​ជម្លៀសចេញ​
25, Jul 2018 , 5:51 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
រូបពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
​ស្ទឹងត្រែង​៖ ស្ថានភាព​កម្ពស់​ទឹក ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ បានធ្វើ​ឲ្យ​ឃុំ ៤ នៅ​ខេត្តស្ទឹងត្រែង ដែលមាន​ប្រជាពលរដ្ឋ​ជិត​៥០០០​គ្រួសារ កំពុង​រង​ផលប៉ះពាល់​។ នេះ​ជាការ​បញ្ជា​ក់លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២៥ កក្កដា ។​



​មកដល់ពេលនេះ អាជ្ញាធរ និង​សមត្ថកិច្ច កំពុង​ជម្លៀស​ពលរដ្ឋ ទៅកាន់​ទីទួល​មាន​សុវត្ថិ​ភាពជា​បន្តបន្ទាប់​។ ប៉ុន្តែ​អភិបាលខេត្ត​ស្ទឹងត្រែង មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​ប្រជាពលរដ្ឋ​ពិតប្រាកដ ដែល​អាជ្ញាធរ​ជម្លៀស​បាន​នៅឡើយ​ទេ​។​

​បើតាម​សេចក្តីប្រកាស​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ថានភាព​កម្ពស់​ទឹកទន្លេ​សេកុង នៅពេល​រសៀល​នេះ បាន​កើន​ឡើងដល់​កម្ពស់ ១១,៤២ ម៉ែត្រ​ហើយ ដែល​ជិត​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន នៅ​កម្ពស់​១១,៥០​ម៉ែត្រ​។​

​សូមបញ្ជាក់ថា ឃុំ​ចំនួន​៤ ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង មាន ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ ដែល​បាន​រងគ្រោះ ដោយសារ​ការបាក់​ទំ​បន់​វា​រី​អគ្គិសនី​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ​៕


Tag:
 ទឹកជំនន់​
  ស្ទឹងត្រែង​
© រក្សាសិទ្ធិដោយ thmeythmey.com