ជាតិ
ឥណ្ឌា គ្រោងបង្កើតភូមិឌីជីថលគំរូមួយ នៅស្រុកទ្រាំង ខេត្តតាកែវ រូបពីហ្វេសប៊ុក៖ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោកស្រី Manika Jain
× ភ្នំពេញ៖ ឥណ្ឌា គ្រោងបង្កើតភូមិឌីជីថលគំរូមួយ នៅក្នុងស្រុកទាំង ខេត្តតាកែវ ដើម្បីជួយដោះស្រាយបញ្ហាកសិកម្មរបស់ប្រជាពលរដ្ឋ។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោកស្រី Manika Jain បានលើកយកគម្រោងភូមិឌីជីថលនេះ ពិភាក្សាជាមួយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
អ្នកជំនាញឥណ្ឌា បានចុះសិក្សាចំនួន៣ចំណុច លើប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន (ICT) នៅតាមជនបទ ,ការបង្កើតធនធានមនុស្សលើផ្នែកបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងគម្រោងបង្កើតភូមិឌីជីថលនៅកម្ពុជា ។ ក្រោយសិក្សារួច ឥណ្ឌាក៏មានគំនិត ចង់បង្កើតភូមិឌីជីថលគំរូមួយ នៅក្នុងស្រុកទ្រាំង ដោយផ្ដោតលើកិច្ចការងារកសិកម្ម។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក អ៊ឹម វត្ថា បាននិយាយថា គម្រោងឥណ្ឌានេះ នឹងជួយបង្កើនលទ្ធភាពកសិករ ក្នុងការផលិត និងទទួលបានទិន្នផលច្រើនល្អជាងមុន ក្នុងការបំពេញតម្រូវការ។ ជាពិសេសការផ្សព្វផ្សាយយ៉ាងទូលំទូលាយថែមទៀត តាមបែបឌីជីថល ក្នុងវិស័យកសិកម្មនេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក អ៊ឹម វត្ថា បានបញ្ជាក់ដូច្នេះថា៖«ក្រសួងយើងមានគោលនយោបាយលើកកម្ពស់ប្រព័ន្ធឌីជីថល ទៅតាមថ្នាក់មូលដ្ឋានដែរ តែទើបឥណ្ឌាគ្រោងមកជួយ យើងក៏ត្រៀមសហការគ្នាតែម្ដងទៅ។ ហើយបើគម្រោងនេះ កើតឡើងមែន វាអាចជួយដល់វិស័យកសិកម្មតាមបែបប្រព័ន្ធឌីជីថល ដែលអាចឲ្យពលរដ្ឋយល់ដឹងពីការប្រើប្រាស់ជីឲ្យបានត្រឹមត្រូវ។ អាចជួយណែនាំឲ្យពលរដ្ឋយល់ពីដំណាំត្រូវតាមទីផ្សារ កុំឲ្យពួកគេចេះតែដាំដំណាំរួមគ្នា ដូចគ្នា ដែលពិបាកលក់ក្នុងទីផ្សារជាដើម។ ហើយបើបង្កើតភូមិគំរូមួយហើយជោគជ័យ យើងបន្តបង្កើតទៅតាមខេត្តផ្សេងៗទៀត»។
តែយ៉ាងណាគម្រោងនេះ មិនទាន់កំណត់ពេលអនុវត្តនោះទេ ពោលគឺត្រូវរង់ចាំការសម្រេចផ្លូវការ ពីរដ្ឋភិបាលឥណ្ឌាសិន ។ នេះបើតាមអ្នកនាំពាក្យក្រសួងប្រៃសណីយ៍។
រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក និងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានជួបពិភាក្សាគ្នា លើកិច្ចសហប្រតិបត្តិការវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ តាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរផ្ដោតលើគម្រោង Digital Village ដែលនឹងជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ ។
រដ្ឋាភិបាលឥណ្ឌា បានចាត់ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជាតំណាងក្នុងការទទួលរ៉ាប់រងលើ ការអនុវត្តគម្រោងសាកល្បងខាងលើនៅកម្ពុជា។ កន្លងមកក្រុមហ៊ុន TCIL បានបញ្ជូនក្រុមការងារ និងអ្នកជំនាញបច្ចេកទេស មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសិក្សាលើកគម្រោងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com