ជាតិ
រដ្ឋាភិបាល ចំណាយ​ថវិកា​ជាង​៣​លាន​ដុល្លារ ដល់​កម្មការិនី​សម្រាល​កូនជាង​៣​ម៉ឺន​នាក់ ក្នុង​រយៈ​ពេល៧​ខែ​
08, Aug 2018 , 7:39 pm        
រូបភាព
រូបភាពបានពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
រូបភាពបានពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
​កំពង់ស្ពឺ​៖ គិត​ត្រឹម​ថ្ងៃទី​៧ សីហា​នេះ រដ្ឋាភិបាល បាន​ចំណាយ​ថវិកា​១៤​ពាន់​លាន​រៀល (​ជាង​៣,៤​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ជួយឧបត្ថម្ភ​ដល់​កម្មការិនី​សម្រាលកូន​ទូទាំងប្រទេស​។​



​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​និយាយថា មកដល់ពេលនេះ មានកម្ម​ការិនី​សម្រាល​កូនជាង ៣៤,០០០​នាក់​ហើយ ដែល​បានទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​។ ក្រៅពី​សម្រាលកូន​រួច កម្មការិនី​អាច​ឈប់សម្រាក​បាន​៣​ខែ ជាមួយនឹង ប្រាក់ខែ​១២០​ភាគរយ ពី​ម្ចាស់​រោងចក្រ តាមរយៈ​គោលនយោបាយ​រដ្ឋាភិបាល​ផង​។​

​បើតាម​លោក អ៊ិត សំហេង កម្មករ និ​យោ​ជិ​ក ទៅពិនិត្យ​សុខភាព​ដោយ​មិនបាច់​បង់ប្រាក់ រួមទាំង​ការបង់​វិភាគទាន​លើ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ក៏​ជា​ភារកិច្ច​របស់​និយោជក ឬ​ថៅកែ​រោងចក្រ ជា​អ្នកចេញ​ថវិកា​ជំនួស​ដែរ​។ នេះ​ជា​របាយការណ៍​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ការងារ ថ្លែងប្រាប់​សម្ដេច ហ៊ុន សែន នៅក្នុង​ពិធី​ជួប​សំណេះសំណាល​កម្មករ​រោងចក្រ​ជិត​២​ម៉ឺន​នាក់ នៅ​ខេត្តកំពង់ស្ពឺ​។​

​សូម​ស្ដាប់​សំឡេង​៖




​តាម​គោលការណ៍​កំណត់​របស់​រដ្ឋាភិបាល ដែល​សន្យា​ផ្ដល់​ថវិកា​៤០​ម៉ឺន​រៀល សម្រាប់​ស្ត្រី​ដែល​សម្រាលកូន​បាន​១​នាក់ ថវិកា​៨០​ម៉ឺន​រៀល​សម្រាប់​ស្ត្រី​សម្រាល​បានកូន​ភ្លោះ និង​ទឹកប្រាក់​១២០​ម៉ឺន​រៀល សម្រាប់​កូនភ្លោះ​បីនាក់​។ ប៉ុន្តែ​មកដល់ពេលនេះ មិនទាន់មាន​កម្មការិនី បង្កើតបាន​កូនភ្លោះ​បីនាក់​នៅឡើយ​ទេ​។ រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា ១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​កម្មការិនី​សម្រាលកូន​ទូទាំងប្រទេស​។ នេះ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​កន្លងមក​រដ្ឋាភិបាល បានដាក់​ចេញ​គោលនយោបាយ​ចំនួន​៩​ចំណុច ក្នុង​ជួយ​ដោះស្រាយ​បញ្ហា​កម្មករ រួមមាន ការដំឡើង​ប្រាក់ខែ​, ដោះស្រាយ​បញ្ហា​ថ្លៃឈ្នួល​ផ្ទះ​, បញ្ហា​ថ្លៃ​ទឹក​-​ភ្លើង , ប្រាក់​សោធន​និវត្ត និង​ដោះស្រាយ​បញ្ហា​បន្ទាន់ នៅពេលដែល​ថៅកែ​រោងចក្រ​រត់ចោល ឬ​រោងចក្រ​ក្ស័យធន បិទទ្វារ​ជាដើម​៕


Tag:
 កម្មការិនី​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com