អាពាហ៍ពិពាហ៍រវាងមនុស្សដែលស្រឡាញ់ភេទដូចគ្នា (LGBT) មានការទទួលកាន់តែច្រើនឡើងនៅតាមបណ្តារដ្ឋ និងប្រទេសនានាលើពិភពលោក។ បច្ចុប្បន្ន មេដឹកនាំរដ្ឋាភិបាល៥រូបហើយដែលបានប្រកាសដោយបើកចំហរ ថាខ្លួនជាក្រុមមនុស្ស LGBT (Lesbian Gay Bisexual and Transgender)។
ក្នុងចំណោមមេដឹកនាំរដ្ឋាភិបាលទាំង៥រូប មាន លោក Xavier Bettel នាយករដ្ឋមន្ត្រីលុចសំបួរ លោក Leo Varadkar នាយករដ្ឋមន្ត្រីអៀរឡង់ និងលោកស្រី Ana Brnabic នាយករដ្ឋមន្ត្រស៊ែប៊ី រីឯ២រូបទៀតមាន លោកស្រី Johanna Siguroardottir អតីតនាយករដ្ឋមន្ត្រីអ៊ីស្លង់ និងលោក Elio Di Rupo អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក។
១. លោក Xavier Bettel នាយករដ្ឋមន្ត្រីលុចសំបួរ
លោក Bettel កាន់តំណែងជានាយករដ្ឋមន្ត្រីលុចសំបួរចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣មក។ នៅខែឧសភា ឆ្នាំ២០១៥ លោកបានរៀបការជាមួយលោក Gauthier Destenay ដែលជាស្ថាបត្យករ ក្រោយមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ២០១០មក។
២.លោក Leo Varadkar នាយករដ្ឋមន្ត្រី (Taoiseach) នៃសាធារណរដ្ឋអៀរឡង់
លោក Varadkar ក្លាយជាប្រមុខរដ្ឋាភិបាលអៀរឡង់ ចាប់ពីខែមិថុនា ឆ្នាំ២០១៧ ។ លោកមានទំនាក់ទំនងស្នេហាផ្លូវការជាមួយលោក Matthew Barrett តាំងពីឆ្នាំ២០១៥មក។ លោក Barrett ដែលជាគូស្នេហ៍របស់លោកនាយករដ្ឋមន្ត្រី ឬ Taoiseach អៀរឡង់នោះ គឺជាវេជ្ជបណ្ឌិតម្នាក់។
៣. លោកស្រី Ana Brnabic នាយករដ្ឋមន្ត្រីស៊ែប៊ី
លោកស្រី Brnabic ដឹកនាំស៊ែប៊ី ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ លោកស្រីជាមេដឹកនាំប្រទេសតំបន់បាល់កង់ទីមួយដែលប្រកាសដោយបើកចំហរថាខ្លួនស្រឡាញ់ភេទដូចគ្នា និងតែងខ្លួនធ្វើជាមនុស្សប្រុស។ លោកស្រីធ្លាប់បានអះអាងថា គាត់មិនចង់ល្បីឈ្មោះជានាយករដ្ឋមន្ត្រី Gay នោះឡើយ ប៉ុន្តែចង់ឲ្យគេមើលឃើញពីសមត្ថភាព វិជ្ជាជីវៈ និងការជឿជាក់ទៅលើភាពជាអ្នកដឹកនាំរបស់លោកស្រី។
៤. លោកស្រី Johanna Sigurdardottir អតីតនាយករដ្ឋមន្ត្រីអ៊ីស្លង់
លោកស្រី Johanna ជានាយករដ្ឋមន្ត្រីទី២៤របស់អ៊ីស្លង់ចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨៧ លោកស្រីមានចំណងអាពាហ៍ពិពាហ៍ជាមួយលោក Steinar Johannesson ដោយមានកូនប្រុស២នាក់។ ក្រោយលែងលះគ្នា លោកស្រី Johanna បានចូលរួមជាមួយលោកស្រី Jonina Leosdottir ដែលជាអ្នកនិពន្ធ និងជាអតីតអ្នកកាសែត ក្នុងសហភាពស៊ីវិលលើកកម្ពស់អ្នកស្រឡាញ់ភេទដូចគ្នា។ នៅឆ្នាំ២០១០ Johanna និង Jonina បានរៀបការជាមួយគ្នាក្នុងនាមជាអាពាហ៍ពិពាហ៍ LGBT លើកដំបូងបំផុតនៅអ៊ីស្លង់។
៥. លោក Elio Di Rupo អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក
លោក Di Rupo ជានាយករដ្ឋមន្ត្រីទី៥០របស់បែលហ្ស៊ិក ដែលបានកាន់តំណែងចន្លោះពីខែធ្នូឆ្នាំ២០១១ ដល់ខែតុលា ឆ្នាំ២០១៤ ។ នៅឆ្នាំ១៩៩៦ លោកបានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា៕