ជាតិ
មុន​ចប់​បេសកកម្ម​នៅ​កម្ពុជា ទូត​អាមេរិក ទៅ​សម្ពោធ​មន្ទីរពេទ្យ​ក្នុងស្រុក​កំណើត​របស់​ភរិយា​
14, Aug 2018 , 3:59 pm        
រូបភាព
ពោធិ៍សាត់៖ អគារសម្ភពមួយខ្នង នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រគរ ដែលមានតម្លៃជាង៤៣ម៉ឺន​ដុល្លារ ក្រោម​ការឧបត្ថម្ភ​រប​ស់​សហរដ្ឋអាមេរិក ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​នេះ ។ ពិធី​សម្ពោធ​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតី​របស់លោក William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​ភរិយា​របស់លោក រួមទាំង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ផងដែរ​។



​លោក William Heidt ដែល​ចេះ​និយាយ​ភាសា​ខ្មែរ និង​មាន​ភរិយា​ជា​ជនជាតិខ្មែរ បានចាត់ទុក​អគារ​មន្ទីរពេទ្យ​នេះ ថា​ជា​ភស្តុតាង​មួយ ដែល​បង្ហាញ​ពី​ភាពជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ក្នុងការ​ពង្រឹង​សេវា​សុខាភិបាល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ អ្វីដែល​ធ្វើ​ឲ្យ​លោក រឹតតែ​រំភើប​នោះ គឺ​អគារ​មន្ទីរពេទ្យ​នេះ ស្ថិតក្នុង​ស្រុកកំណើតរ​បស់​លោកស្រី សុ​ទ្ធី ដែលជា​ភរិយា​របស់លោក​។



​ឯកអគ្គរដ្ឋទូត​អាមេរិក​រូបនេះ បាន​ឡើង​ថ្លែង​សុ​ន្ទរ​កថា​ជា​ភាសា​ខ្មែរ បែបនេះ​ថា​៖«​ចំណុច​ពិសេស​នៃ​ពិធី​នេះ គឺ​ទាក់ទង​នឹង​ភរិយា​របស់ខ្ញុំ​។ បងប្អូន បានដឹងហើយថា ភរិយា​របស់ខ្ញុំ បានកើត​ក្នុងស្រុក​ក្រគរ​នេះ​។ ផ្ទះ ដែល​គាត់ ធ្លាប់​រស់នៅ​កាលពី​កុមារ គឺ​ស្ថិតនៅ​ផ្លូវ​ម្ខាង ទល់មុខ​មន្ទីរពេទ្យ​នេះឯង​»​។

​បើតាម​លោក William Heidt អគារ​មន្ទីរពេទ្យ​ខាងលើ គឺជា​គម្រោង​ទី​៣២​ហើយ របស់​សហរដ្ឋអាមេរិក ក្នុងចំណោម​គម្រោង​ផ្នែក​សុខាភិបាល សាលារៀន អនាម័យ និង​បរិស្ថាន​។ លោក អះអាងថា  នៅមាន​គម្រោង ៦​ទៀត របស់​សហរដ្ឋអាមេរិក ដែល​ត្រូវ​បន្ត​ឲ្យ​បញ្ចប់ នៅក្នុង​អំឡុង​ពីរ​ឆ្នាំ​ខាងមុខ​។
 
​ក្នុង​រយៈពេល​តែ​ពីរ​-​បី​ខែ ទៀត​ប៉ុណ្ណោះ លោក William Heidt នឹងត្រូវ​បញ្ចប់​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត ហើយ​លោក និង​ភរិយា នឹង​ចាក​ចេញពី​កម្ពុជា​។ លោក Patrick Murphy ដែល​បច្ចុប្បន្ន​ជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការងារ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក គឺជា​អ្នក​ដែល​ត្រូវបាន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ តែងតាំង​ឲ្យ​ធ្វើជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា ជំនួស​លោក Willl Heidt​។ 

​លោក William Heidt ថ្លែង​បែបនេះ​ថា​៖«​ខ្ញុំ​នឹង​នាំយក​អនុស្សាវរីយ៍​ជាច្រើន ដែល​ខ្ញុំ មាននៅ​កម្ពុជា ទៅ​អាមេរិក​ជាមួយ​ខ្ញុំ ជាពិសេស​គឺ ទស្សនកិច្ច​មកកាន់​ស្រុក​ក្រគរ​»​។
  
​លោក ម៉ម ប៊ុនហេង បាន​អរគុណ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​អាមេរិក ដែល​បានផ្តល់​ជំនួយឥតសំណង ក្នុងការ​សាងសង់​អគារ​មន្ទីរពេទ្យ​ខាងលើ​។ ក្រៅពី​អរគុណ​ដល់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​អាមេរិក លោក ក៏​ងាក​ទៅ​ណែនាំ​ពេទ្យ​គ្រប់រូប ឲ្យ​យកចិត្តទុកដាក់​លើ​ការព្យាបាល​និង​ការ​ថែម​ទាំ​អ្នកជំងឺ ដែល​ទៅរក​សេវា​សុខាភិបាល​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​ក្រគរ​។


 
​រដ្ឋមន្ត្រី​សុខាភិបាល​រូបនេះ សង្កត់ធ្ងន់ថា មិនត្រូវ​ឲ្យ​មាន​ករណី ដែល​ប្រជាពលរដ្ឋ ទៅរក​សេវា​សុខាភិបាល ហើយ​ត្រូវបាន​បដិសេធ ដោយសារតែ​គ្មាន​ប្រាក់​នោះទេ​។ លោក បញ្ជាក់ទៀត​ថា ពេទ្យ ត្រូវតែ​គោរព​ក្រមសីលធម៌​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​៕






Tag:
 អាមេរិក​
  William Heid
© រក្សាសិទ្ធិដោយ thmeythmey.com