ជាតិ
បទវិភាគ
នយោបាយជាតិ
តើចៅហ្វាយខេត្ត និងរដ្ឋមន្ត្រីគួរមានលក្ខណៈសម្បត្តិអ្វីខ្លះ?
× ភ្នំពេញ៖ មិនថា ក្នុងក្របខណ្ឌឯកជន រដ្ឋ ឬអង្គការឡើយ កិច្ចការមេដឹកនាំ ឬអ្នកគ្រប់គ្រង មិនមែនជាកិច្ចការងាយស្រួលឡើយ។ ធ្វើការឲ្យគេ គ្រប់គ្រងតែកិច្ចការខ្លួនឯង, ទទួលខុស និងត្រូវលើតែការងាររបស់ខ្លួនឯងមួយ មិនសូវជាឈឺក្បាលប៉ុន្មានឡើយ។ ប៉ុន្តែ នៅពេលដែលនិយាយពីការគ្រប់គ្រង មិនថា ការងារតូចតាច ឬធំដុំឡើយ វាមិនមែនជាកាតព្វកិច្ច និងការទទួលខុសត្រូវងាយស្រួលដូចការគិតឡើយ។ និយាយស្រួល តែធ្វើលំបាក។ ដោយមិននិយាយពីវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល តើចៅហ្វាយខេត្ត និងរដ្ឋមន្ត្រីគួរមានលក្ខណៈសម្បត្តិអ្វីខ្លះ?
ដោយមិននិយាយចំពោះប្រទេសណាមួយឡើយ ចៅហ្វាយខេត្ត និងរដ្ឋមន្ត្រីគួរមានលក្ខខណ្ឌ និងគុណសម្បត្តិបទពិសោធន៍-ចំណេះដឹងមួយចំនួនដើម្បីអាចចាត់ចែង, ដឹកនាំ, បណ្តុះបណ្តាល និងអភិវឌ្ឍស្ថាប័នរបស់ខ្លួនបាន។ លក្ខខណ្ឌ និងគុណសម្បត្តិទាំងនោះជារួមមាន៖
១) ត្រូវមានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង និងសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងធនធានមនុស្ស។ បើមិនចេះដឹកនាំ ចាត់ចែង សម្របសម្រួលទេ កិច្ចការគ្រប់គ្រងប្រឈមនឹងភាពបរាជ័យ។
២) ត្រូវមានសញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ និងបទពិសោធន៍ផ្នែកច្បាប់គ្រប់គ្រាន់។
៣) ត្រូវមានចំណេះដឹងផ្នែកបណ្តុះបណ្តាលធនធានមនុស្ស។
៤) ត្រូវមានចំណេះដឹងច្នៃប្រឌិត គំនិតបង្កើតថ្មី និងទស្សនវិស័យវែងឆ្ងាយ។ មេដឹកនាំដែលគ្មានគំនិតថ្មីពិបាកទាក់ទាញការគាំទ្រពីមន្ត្រីថ្នាក់ក្រោម និងទី៥ ចៅហ្វាយខេត្ត និងរដ្ឋមន្ត្រី ត្រូវមានគំនិតអភិវឌ្ឍខេត្តក្រុង និងស្ថាប័នរបស់ខ្លួន។ អភិវឌ្ឍ ក្នុងន័យនេះ មិនមែនរង់ចាំតែថវិការបស់រដ្ឋដើម្បីអភិវឌ្ឍខេត្តក្រុង និងស្ថាប័នរបស់ខ្លួននោះទេ។ ក្រៅពីថវិការបស់រដ្ឋ, រដ្ឋមន្ត្រី និងចៅហ្វាយខេត្តត្រូវមានគំនិតចេះទាក់ទាញ កៀងគរវិស័យឯកជន ឬអង្គការក្រៅរដ្ឋាភិបាលផ្សេងៗឲ្យចូលរួមអភិវឌ្ឍសហគមន៍ និងស្ថាប័នរបស់ខ្លួន។ ចៅហ្វាយខេត្តក្រុង និងរដ្ឋមន្ត្រីគួរមានចំណេះដឹងប្រើគំនិតថ្មីៗដើម្បីបង្កើត«លុយ»ជូនស្ថាប័នរបស់ខ្លួននីមួយៗ។
ដូច្នេះ សរុបសេចក្តីមក ប្រសិនបើ មេដឹកនាំខេត្ត និងក្រសួងខ្វះគុណសម្បត្តិណាមួយក្នុងចំណោមគុណសម្បត្តិដែលបានរៀបរាប់ខាងលើនេះ ពេលនោះ ការអភិវឌ្ឍក្នុងស្ថាប័ននឹងធ្វើដំណើរទៅមុខយឺតៗដូចជំហានសត្វក្តាម៕
© រក្សាសិទ្ធិដោយ thmeythmey.com