ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​៖ អ្នក​ចេញពី​គុក ក៏​អាច​ជាប់គុក​វិញ​ដែរ បើ​ធ្វើ​ខុសច្បាប់​
23, Aug 2018 , 1:05 pm        
រូបភាព
ទោះជា​ធ្លាប់​ជាប់ពន្ធនាគារ​ប៉ុន្មាន​ដង​ក៏ដោយ ក៏​នៅតែ​ត្រូវ​ជាប់ពន្ធនាគារ​សាជាថ្មី​ដែរ ឲ្យ​តែ​ល្មើស​នឹង​ច្បាប់​។ នេះ​ជាការ​ព្រមាន​របស់​សម្តេច ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨​។


 
​មានការ​ព្រមាន​បែបនេះ ដោយសារតែ​នាយករដ្ឋមន្ត្រី​កម្ពុជា ហាក់​ទើសភ្នែក​នឹង​ឥរិយាបថ​របស់​អ្នកខ្លះ ដែល​ទើបនឹង​ចេញពី​ពន្ធនាគារ ហើយ​ជាពិសេស ការបញ្ចេញមតិ​របស់​ពួកគេ ដូចជា​លើស​ព្រំដែន​។ មេដឹកនាំ​កម្ពុជា​រូបនេះ បាន​ផ្តាំផ្ញើ​ទៅកាន់​អ្នក​ដែល​ទើបនឹង​រួច​ផុតពី​ពន្ធនាគារ​យ៉ាង​ដូច្នេះ​ថា​៖«​កុំ​ព្រហើន​ពេក កុំ​ស្មានថា គេ​មិន​ហ៊ាន​ចាប់​បញ្ចូល​គុក​វិញ​។ បើ​ប៉ះពាល់​ដល់​ច្បាប់ ច្បាប់​ចាប់​ទៀត កាត់ទោស​ទៀត ជាប់គុក​ទៀត វា​តែ​ប៉ុណ្ណឹង​»​។
 
​សម្តេច ហ៊ុន សែន ពន្យល់​ហេតុផល​ថា ការលើកឡើង​បែបនេះ មិនមែន​រឹតត្បិត ឬ​បិទមាត់​ពួកគេ មិន​ឲ្យ​បញ្ចេញមតិ​នោះទេ តែ​ពួកគេ ក៏ត្រូវ​គិតពី​សិទ្ធិរ​សប់​អ្នកដទៃ​ផងដែរ​។ ប្រមុខ​រដ្ឋាភិបាល បន្ថែមថា ការបញ្ចេញមតិ មិនត្រូវ​ប៉ះពាល់​ដល់​អ្នកណា​ម្នា​ក់ឡើ​យ​។ 
 
​ប៉ុន្មាន​ថ្ងៃនេះ មាន​មនុស្ស​មួយចំនួន ត្រូវបាន​ដោះលែង​ជា​បន្តបន្ទាប់ ដែល​រួមមាន លោក គឹម សុខ អ្នកវិភាគ​នយោបាយ លោកស្រី ទេព វ​ន្នី សកម្មជន​បឹងកក់ រួមទាំង​អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​ទៀត គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា​។ ក្នុងចំណោម​អ្នក​ចេញពី​ពន្ធនាគារ​ទាំងនោះ មានតែ​លោក គឹម សុខ ប៉ុណ្ណោះ ដែល​នៅតែ​ហ៊ាន​និយាយ​ខ្លាំងៗ ជាពិសេស​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។
 
​លោក គឹម សុខ ហាក់ដូចជា​មិន​រាងចាល​ឬក៏​បាក់ស្បាត​ឡើយ ទោះជា​ធ្លាប់​ជាប់ពន្ធនាគារ ដោយសារតែ​ការវិភាគ​នេះ​ក៏ដោយ​។ លោក ប្រកាស​រួចហើយ​ថា​លោក នឹង​បន្ត​អត្ថាធិប្បាយ​រឿង​នយោបាយ​និង​ធ្វើ​កិច្ចការ​សង្គម​។ 
 
​ក្រៅពី​ផ្តាំផ្ញើ​ទៅកាន់​អ្នក​ដែល​ទើប​ចេញពី​ពន្ធនាគារ​ឲ្យ​ប្រុងប្រយ័ត្ន​នឹង​ពាក្យសម្តី សម្តេច ហ៊ុន សែន ក៏បាន​បង្ហើប​ពី​ដំណឹង​ល្អ​មួយ​ដែរ គឺ​សម្តេច គ្រោង​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជទាន​លើកលែងទោស​ដល់​មនុស្ស​១២​នាក់​បន្ថែមទៀត​។ នាយករដ្ឋមន្ត្រី​កម្ពុជា មិនបាន​បញ្ចេញ​ឈ្មោះ ឬ​បង្ហាញ​ឲ្យ​ចំឡើយ ថា​មនុស្ស​១២​នាក់​នោះ  ជា​អ្នកណា​។ 
 
​ទោះជា​ប្រមុខ​រដ្ឋាភិបាល មិន​ប្រាប់​ឲ្យ​ច្បាស់​ក្តី ប៉ុន្តែ គេ សង្ស័យថា មនុស្ស​១២​នោះ ប្រហែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​លោក មា​ជ សុវណ្ណារ៉ា និង​អតីត​សកម្មជន​នាក់​ទៀត ឬក៏​អាចមាន​ទាំង​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ថា​បាន​។
 
​មជ្ឈដ្ឋាន​នានា រួមទាំង​សហគមន៍​អន្តរជាតិ​ផង មើលឃើញថា ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​កម្ពុជា ប្រែក្លាយជា​ធូរស្រាល​បន្តិច បន្ទាប់ពី​ការដោះលែង​អ្នក​ជាប់ឃុំ​មួយចំនួន​។ មជ្ឈដ្ឋាន​ទាំងនោះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​តុលាការ បន្ត​ដោះលែង​អ្នក​ផ្សេងទៀត រួមទាំង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ កាន់​តែមាន​ភាពល្អប្រសើ​រ​៕ 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com