ជាតិ
រថយន្ត
ថវិកា៧៥លានដុល្លារ ត្រៀមចំណាយលើផ្លូវជាតិលេខ៤៨ ដើម្បីស្តារចនាសម្ព័ន្ធឡើងវិញ រូបភាពបានពីក្រសួងសាធារណៈការ និងដឹកជញ្ជូន
× ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងស្តារចនាសម្ព័ន្ធផ្លូវជាតិលេខ៤៨ឡើងវិញ ក្នុងពេលឆាប់ៗនេះ ដោយតៀមចំណាយប្រមាណ៧៥លានដុលា្លរ។ ទឹកប្រាក់សម្រាប់ចំណាយនេះ បានមកពីកម្ចីរបស់សាធារណរដ្ឋកូរ៉េខាងត្បូងចំនួន៦៧លានដុល្លារ និងបានពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ៨លានដុល្លារ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងនៅក្នុងដំណើរចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៤៨ នាថ្ងៃទី២៣ ខែសីហា បែបនេះថា៖«ខណៈមន្ត្រីរបស់ក្រសួងកំពុងជួសជុលថែទាំបណ្តោះអាសន្នលើផ្លូវនេះ ក្រសួងកំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនបច្ចេកទេស សម្រាប់រៀបចំដាក់ឲ្យដេញថ្លែស្របតាមស្តង់ដារបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ឲ្យក្លាយទៅជាផ្លូវបេតុងក្រាលកៅស៊ូACទាំងស្រុង ដែលសំដៅដល់ការរក្សាបានភាពយូរអង្វែង ព្រមទាំងអាចទ្រទម្ងន់បានប្រសើរជាងមុន»។
យោងតាមរបាយការណ៍របស់នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធាណការ គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ទំហំនៃការខូចខាតផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅខេត្តកោះកុងមានប្រវែង ៣៥,៥៤គីឡូម៉ែត្រ (ស្មើ២២,២៦ភាគរយ) នៃប្រវែងផ្លូវសរុប១៥៩,៦០គីឡូម៉ែត្រ។
សូមរម្លឹកថា ផ្លូវជាតិលេខ៤៨នេះ គិតមកដល់ពេលបច្ចុប្បន្ន មានអាយុកាល១២ឆ្នាំ ដែលហួសនឹងរយៈពេលធានាគុណភាពនៃទំហំចរាចរណ៍បច្ចុប្បន្ន៕
Tag:
ផ្លូវជាតិ
ថវិកា
ស៊ុន ចាន់ថុល
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com