ជាតិ
សេដ្ឋកិច្ច
ចិនគ្រោងចំណាយទុនជាង១ពាន់លានដុល្លារ បង្កើត«ក្រុងវិស្សមកាលទេសចរណ៍»ក្នុងខេត្តកោះកុង
× ក្រុមហ៊ុនចិន UNION Development គ្រោងវិនិយោគ ១២០០លានដុល្លារ លើការសាងសង់«ក្រុងវិស្សមកាលទេសចរណ៍»ក្នុងខេត្តកោះកុង នៅដើមឆ្នាំ២០១៩ ។ គម្រោងនេះ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅកម្ពុជា។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៨ ។
លោក លី តាវ (Li Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន UNION Development បានឲ្យដឹងនៅក្នុងជំនួប ជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា គម្រោង «ក្រុងវិស្សមកាលទេសចរណ៍»នេះ នឹងសាងសង់ឡើង តាមបែបហេដ្ឋារចនាសម្ព័ន្ធចម្រុះ រួមមាន៖ សណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូទំនើប បឹងកាឡូ ការិយាល័យធ្វើការ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ នៅលើផ្ទៃដី១២០០ហិចតា ក្នុងខេត្តកោះកុង។
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ បានជឿជាក់ថា គម្រោង«ក្រុងវិស្សមកាលទេសចរណ៍» នឹងជួយពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល ព្រមទាំងលើកស្ទួយកិត្តិនាមកម្ពុជា។ ជាពិសេសទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើននាពេលអនាគត។ ក្រសួងពាណិជ្ជកម្ម នឹងរង់ចាំជួយសម្របសម្រួលគម្រោងវិនិយោគនេះជានិច្ច។
សូមរម្លឹក កាលពីថ្ងៃខែឧសភា ឆ្នាំ២០០៨ក្រុមហ៊ុន UNION Development បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល លើគម្រោងអភិវឌ្ឍតារាសាគរ លើផ្ទៃដី៣៦,០០០ហិចតា ក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្នគម្រោងនេះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ១៥០០លានដុល្លារហើយ លើការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរួមមាន៖ ប្រព័ន្ធគមនាគមន៍, ក្លឹបវាយកូនហ្គោល, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅអន្តរជាតិ, សួនលម្អ, បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com