ព័ត៍មានសុខភាព
អន្តរជាតិ
ក្រៅពី​គ្មាន​ប្រយោជន៍​សោះ​ដល់​សុខភាព គ្រឿង​ស្រវឹង​រួមចំណែក​សម្លាប់​មនុស្ស​២,៨​លាន​នាក់​រៀងរាល់ឆ្នាំ​
10, Oct 2018 , 7:59 pm        
រូបភាព
ដោយ: ធីតា
​ការសិក្សា​ថ្មី​មួយ​នៅ​សហរដ្ឋអាមេរិក បាន​បង្ហាញថា គ្មាន​សារធាតុ​ណាមួយ​ក្នុង​សុរា​ដែល​ជួយ​ដល់​សុខភាព​នោះឡើយ​។ បន្ថែម​ពីលើ​នេះ ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង បានរួម​ចំណែក​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​២,៨​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា ដែល​ចុះផ្សាយ​ទាំងស្រុង​នៅលើ​គេហទំព័រ The Lancet ។​

 
 
​ក្រុម​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សម្រាប់​ការវាស់ស្ទង់ និង​វាយតម្លៃ​សុខភាព របស់​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន ក្រោម​ការឧបត្ថម្ភ​ពី​មូលនិធិ Bill & Melinda Gates បាន​ប្រើប្រាស់​ទិន្នន័យ​នៃ​ការសិក្សា​លើ​មនុស្ស​ជាង​២៨​លាន​នាក់​នៅ​ប្រទេស​ចំនួន​១៩៥​លើ​ពិភពលោក ចន្លោះ​ពី​ឆ្នាំ​១៩៩០ និង​២០១៦ ទាក់ទង​នឹង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។​
 
​លទ្ធផល​បាន​ស្តែង​ឲ្យ​ឃើញថា កម្រិត​សុវត្ថិភាព​នៃ​ការផឹក​គ្រឿង​ស្រវឹង គឺ​គ្មាន​នោះឡើយ ហើយ​ផ្ទុយ​វិញ វា​ជា​ឃាតករ​ដែល​រួមចំណែក​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​២,៨​លាន​នាក់​ជា​រៀងរាល់ឆ្នាំ ហើយ​កាលពី​ឆ្នាំ​២០១៦ ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មនុស្ស​ស្លាប់ និង​កើត​ជំងឺ​ផ្សេងៗ​។​
 
​យ៉ាងហោចណាស់ មនុស្ស​ម្នាក់​ក្នុងចំណោម​១០​នាក់​ដែល​បាន​ស្លាប់​ចន្លោះ​ពី​អាយុ​១៥​ទៅ​៤៩​ឆ្នាំ គឺ​បណ្តាលមកពី​គ្រឿង​ស្រវឹង ដោយ​បញ្ហា​ដែលមាន​បង្ក​នោះ​រួមមាន​គ្រោះថ្នាក់​ចរាចរណ៍ ការឆ្លង​ជំងឺ ជាពិសេស​របេង និង​ការបង្ក​បញ្ហា​ផ្សេងៗ​ដោយសា​ម៉ី​ខ្លួន​ផ្ទាល់​។ សម្រាប់​មនុស្ស​អាយុ​ជាង​៥០ មហារីក​ស្ថិត​ក្នុងចំណោម​គ្រោះថ្នាក់​មួយ​ដែល​បណ្តាលមកពី​គ្រឿង​ស្រវឹង ក្នុងនោះ ២៧​ភាគរយ​ដែល​បាន​ស្លាប់​គឺជា​ស្ត្រី និង​១៩​ភាគរយ​គឺជា​បុរស​។​
 
​លោក Max Griswold ដែលជា​អ្នកស្រាវជ្រាវ​ម្នាក់​នៃ​វិទ្យាស្ថាន​សម្រាប់​ការវាស់ស្ទង់ និង​វាយតម្លៃ​សុខភាព របស់​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន បាន​ថ្លែងប្រាប់​សារព័ត៌មាន USA Today ថា ប្រសិនបើ​យើងទាំងអស់គ្នា​ព្យាយាម​កាត់បន្ថយ​ទន្លាប់​នៃ​ការសេព​គ្រឿង​ស្រវឹង​ឲ្យ​បាន​ពាក់កណ្តាល ក៏​សង្គ្រោះ​ជីវិត​មនុស្ស​យ៉ាងហោចណាស់​១​លាន​នាក់​ផងដែរ​នៅលើ​ពិភពលោក​។​
 
​រ៉ូ​ម៉ា​នី ស្ថិតក្នុង​ចំណាត់ថ្នាក់​ខ្ពស់​សម្រាប់​បុរស​ដែល​ផឹក​គ្រឿង​ស្រវឹង​ច្រើនជាងគេ​នៅលើ​ពិភពលោក បន្ទាប់មក​មាន ព័រ​ទុយ​ហ្គា​ល់ លុច​សំបួរ លី​ទុយ​អា​នី អ៊ុយ​ក្រែ​ន បូ​ស្នី​-​ហឺ​ហ្សេ​កូ​វីន បេឡា​រុស អេ​ស្តូ​នី អេ​ស្ប៉ា​ញ និង​ហុង​គ្រី​។ រីឯ​ប្រទេស​ដែល​បុរស​ផឹក​តិចជាងគេ​មាន​ប៉ា​គី​ស្ថាន អ៊ីរ៉ង់ គូ​វែ​ត កូ​ម៉ូ​រូស លី​ប៊ី បង់​ក្លា​ដែ​ស ប៉ា​ឡេ​ស្ទី​ន ម៉ូ​រីតា​នី យ៉េ​មែន និង​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
​ចំពោះ​ស្ត្រី​វិញ អ៊ុយ​ក្រែ​ន​មាន​អាត្រា​អ្នក​ផឹក​ច្រើនជាងគេ​ដោយ​នាំមុខ​អង់​ដូ​រ៉ា លុច​សំបួរ បេឡា​រុស ស៊ុយអែត ដា​ណឺ​ម៉ាក អៀរ​ឡង់ អង់គ្លេស អាល្លឺម៉ង់ និង​ស្វី​ស​។ ស្ត្រី​ដែល​ផឹក​តិចជាងគេ​មាន អ៊ីរ៉ង់ គូ​វែ​ត ម៉ូ​រីតា​នី លី​ប៊ី ប៉ា​គី​ស្ថាន ទី​ម័​រ​ខាងកើត ប៉ា​ឡេ​ស្ទី​ន យ៉េ​មែន ទុយ​នី​ស៊ី និង​ស៊ី​រី​៕
 

Tag:
 ​គ្រឿង​ស្រវឹង​
  The Lancet
© រក្សាសិទ្ធិដោយ thmeythmey.com