ជាតិ
បាក់ឌុប៖ ក្រោយស្រាយបញ្ហាបច្ចេកទេសកុំព្យូទ័រ មានអ្នកធ្លាក់ជិត១០០០នាក់ ត្រូវជាប់វិញ សិស្សឱប និងយំដាក់គ្នា នាអំឡុងពេលប្រកាសលទ្ធផលដំបូង ដោយមានអ្នកខ្លះជាប់អ្នកខ្លះធ្លាក់។ ថតដោយ ញឹក ស្រីល័ក្ខ
× កម្មវិធីកុំព្យូទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន៧៤០បន្ទប់ ដែលធ្វើឲ្យប៉ះពាល់បេក្ខជនថ្នាក់វិទ្យាសាស្ត្រជិត១០០០នាក់។ នេះបើតាមការរកឃើញរបស់គណៈកម្មការកោសល្យវិច័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២០ ខែសីហា។
លទ្ធផលថ្មីមួយទៀតដែលចេញផ្សាយក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី១៣ ខែកញ្ញា បានបង្ហាញឲ្យឃើញពីការកើនឡើងចំនួនសិស្សដែលប្រឡងជាប់ពី៦៦,២១ភាគរយ ទៅ៦៧,០៧ភាគរយ។ លទ្ធផលថ្មីបានបង្ហាញថា សិស្សទទួលបាននិទ្ទេស A កើនពី ២៩០នាក់ទៅ ៤០៨នាក់ និទ្ទេស B កើនពី១៥៣២នាក់ទៅ ២២២២នាក់ និទ្ទេស C កើនពី៤៦៣១នាក់ទៅ៦០៤១នាក់ និទ្ទេស D កើនពី១៣ ៩៩៩នាក់ ទៅ១៥ ១៨០នាក់ រីឯនិទ្ទេស E ថយពី៥៤ ៦០៧នាក់ មក ៥២ ១៨៣នាក់។
ចំនួនបេក្ខជនប្រឡងជាប់ដែលត្រូវបានប្រកាសលើកដំបូងមាន៧៥ ០៥៩នាក់ ខណៈលទ្ធផលថ្មី មានរហូតដល់ទៅ៧៦ ០៣៤នាក់។ នេះមានន័យថា អ្នកធ្លាក់ចំនួន៩៧៥នាក់ ត្រូវជាប់ឡើងវិញ។ ក្រសួងអប់រំ ចាត់ចែងឲ្យមន្ទីររាជធានីខេត្ត ប្រកាសលទ្ធផលថ្មីនេះ នៅថ្ងៃសុក្រ ទី១៤ ខែកញ្ញា នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com