ជាតិ
យុវជន​ទៅ​បោះជំរំនៅ​សហគមន៍​ខេត្តកំពត​ដើម្បី​ឈ្វេងយល់​បន្ថែម​ពី​អេកូ​ទេសចរណ៍​
16, Sep 2018 , 12:01 pm        
រូបភាព
ដោយ:
​កំពត​៖ យុវជន​ចំនួន​១០០​រូប ដែល​មកពី​ស្ថាប័ន​ផ្សេងគ្នា បាន​បោះជំរំជុំគ្នា​នៅ​ខេត្តកំពត ដែលមាន​ការដឹកនាំ​ដោយ​អង្គការ​អាក់​សិន​អេ​ត​(Actionaid)​។ កម្មវិធី​នេះ​មាន​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែកញ្ញា ក្នុង​គោលបំណង​ដើម្បី​បណ្តុះ​សា្ម​តី​យុវជន​ឲ្យ​ស្រឡាញ់​ធនធានធម្មជាតិ​។ យុវជន​ទាំងនោះ​ធ្វើការ​រួមគ្នា និង​ពិភាក្សា បញ្ចេញមតិ លើ​បញ្ហា​នានា ដើម្បី​លើកកម្ពស់ ការគោរព និង​ថែរក្សា​ការពារ​ធនធានធម្មជាតិ​។​



​កម្មវិធី​បោះជំរំនេះ មានការ​ចូលរួម​ពី​យុវជន​១០០​នាក់​ដែល​មកពី​បណ្តា​សកល​វិទ្យាល័យ ស្ថាប័ន​ចំនួន​២០​ផ្សេងគ្នា មាន​ម្ចាស់​សមាគមន៍​នៅ​ត្រពាំង​សង្កែ មន្ត្រីជលផល​ខេត្តកំពត និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​។ កម្មវិធី​បោះជំរំ​នេះ​នឹង​លើកយក​បញ្ហា​នានា​ដែល​កើតមាន​នៅក្នុង​សហគមន៍ និង​ជា​ឱកាស​ឲ្យ​យុវជន​មានការ​ចែករំលែក​បទ​ពិសោធ តស៊ូ​មតិ ជុំវិញ​ការការពារ​ធនធានធម្មជាតិ​។ 


 
​យុវជន​ទាំង​១០០​រូបនេះ នឹងសិក្សា​ឈ្វេងយល់​ពី​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល ដែល​ពឹងផ្អែក​គ្នា​ទៅវិញទៅមក​រវាង ត្រី ក្តាម បង្គា ព្រៃកោងកាង ស្មៅ​សមុទ្រ​ សិក្សា​ពី​ក្តីបារម្ភ​អំពី​ការបាត់បង់​ធនធាន​នេសាទ​, សិទ្ធិ​កាន់កាប់​ដីធ្លី​, ការដាំ​កោង​កាង​,​ការបណ្តុះ​ពូជ​កោង​កាង និង​ការរៀនសូត្រ​ពី​សហគមន៍​នៅ​តំបន់​ទេសចរណ៍​ត្រពាំង​សង្កែ​។ 


 
​លោកស្រី ហ៊ុន បូរ​មី តំណាង​អង្គការ អាក់​សិន​អេ​ត បាន​ប្រាប់ថា ការបង្កើត​កម្ម​វី​ធី​នេះ អាច​ឲ្យ​យុវជន​ទាំងនោះ​ឈ្វេង​ពី​ការថែរក្សា​ធនធានធម្មជាតិ ចែករំលែក​ចំណេះដឹង និង​ពិភាក្សា​វែកញែក​ពី​បញ្ហា​ប្រឈម​នានា ព្រមទាំង​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ និង​សាង​មិត្តភាព​យ៉ាង​ជិតស្និទ្ធ​គ្នា​ទៅវិញទៅមក​ផងដែរ​។ លោកស្រី ហ៊ុន បូរ​មី បាន​បញ្ជាក់ថា​៖ តាមរយៈ​កម្មវិធី​បោះជំរុំ​នេះ​គឺអាច​ឲ្យ​ពួកគេ ចុះទៅ​ទស្សនកិច្ច​ជាមួយ ប្រជាពលរដ្ឋ​ផ្ទាល់​ដើម្បី​ជួប​សំណេះ​សំណល​ជាមួយ​នៅ​សហគមន៍​ខេត្តកំពត​។ ខ្ញុំ​ជឿជាក់ថា​យុវជន​នឹង​រួមចំណែក​ការ​ការផ្សព្វផ្សាយ ការគោរព ការ​គាំពារ និង​ការស្រឡាញ់​ធនធានធម្មជាតិ​។ 


 
​តំណាង​អង្គការ អាក់​សិន​អេ​ត បញ្ជាក់ទៀតថា ដើម្បី​ឲ្យ​តំបន់​ធនធានធម្មជាតិ មានការ​អភិរក្ស​និង​ការ​អភិ​វ​ឌ្ឃ​ប្រក​ដោយ​និរន្ត​ភាព តំបន់​នោះ​ត្រូវតែមាន​ការចូល​រូ​ម​ពី​យុវជន សហគមន៍ ដើម្បី​បណ្តុះ​សា្មរ​តី​ពួកគេ​ឲ្យ​ស្រឡាញ់​ធនធានធម្មជាតិ​។ កញ្ញា​បន្តថា ក្នុង​សកម្មភាព​ការងារ​ជា​ក្រុម​របស់​យុវជន នឹង​ជំរុញ​ឲ្យ​ពួកគេ​ក្លាយជា​យុវជន​គំរូ សម្រាប់​អភិ​វ​ឌ្ឃ​តំបន់​ទេសចរណ៍​។ លោកស្រី​បន្ថែម​ដូច្នេះ​ថា​៖ «​យើង​បាន​បែងចែក​ជាការ​ងារ​ជា​ក្រុម ដើម្បី​ឲ្យ​ពួកគេ​មាន​សាមគ្គីភាព ពង្រឹងសមត្ថភាព ក្នុងការ​វិភាគ និង​តស៊ូ​មតិ​លើ​បញ្ហា និង​រក​ដំណោះស្រាយ​នានា​ជុំវិញ​តំបន់​ទេសចរណ៍​នេះ​»​។​


 
​កម្មវិធី​បោះជំរុំ​នេះ ត្រូវបាន​រៀបចំ​ដោយ​អង្គការ​អាក​សិន​អេ​ត សហភាព​អឺរ៉ុប​(EU) និង​ដៃគូ​ពាក់ព័ន្ធ​ទៀតផង​ដែរ ដែល​ដឹកនាំ​យុវជន​១០០​នាក់​ទៅ​ឈ្វេងយល់​តំបន់​អេកូ​ទេសចរណ៍ នៅ​ភូមិ​កំពង់​កេស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូរ ខេត្តកំពត​៕ 



Tag:
 ធនធានធម្មជាតិ​
  យុវជន​
  បោះជំរុំ
© រក្សាសិទ្ធិដោយ thmeythmey.com