ជាតិ
សត្វកន្ធាយក្បាលកង្កែបជិត៦០០ក្បាល ត្រូវបានអង្គការWCSប្រលែងទៅក្នុងទន្លេមេគង្គវិញ រូបភាពបានពីហ្វេសប៊ុក អង្គការWCS
× អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល Wildlife Reserve Singapore និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វអណ្តើក (Turtle Survival Alliance) បានប្រលែងកូនកន្ធាយក្បាលកង្កែប ចំនួន៥៦៥ក្បាល ទៅក្នុងទីជម្រកធម្មជាតិនៅតាមដងទន្លេមេគង្គវិញ។ ការប្រលែងកូនកន្ធាយក្បាលកង្កែបនេះ គឺបានមកពីការប្រមូលក្នុងសំបុកការពារដោយសហគមន៍ដែលជាផ្នែកមួយនៃសកម្មភាពគម្រោង។ តាមប្រកាសព័ត៌មានរបស់អង្គការ WCS នាថ្ងៃទី២០កញ្ញា។
លោក ញូន ចន្ទី អ្នកសម្របសម្រួលគម្រោងអភិរក្សសត្វកន្ធាយក្បាលកង្កែបនៃអង្គការWCS បាននិយាយថា «ការប្រលែងកូនកន្ធាយក្បាលកង្កែបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនចំនួនសត្វកន្ធាយក្បាលកង្កែបរស់នៅក្នុងធម្មជាតិ។ តាមរយៈការប្រលែងកូនកន្ធាយក្បាលកង្កែបនេះ នឹងជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ដោយលើកទឹកចិត្តឲ្យពួកគាត់គាំទ្រ និងចូលរួមអភិរក្ស ក៍ដូចជាថែរក្សា និងការពារសំបុកពងកូនសត្វកន្ធាយក្បាលកង្កែបបនេះ»។
ជាមួយគ្នានេះ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បានលើកឡើងថា ការការពារដោយមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ពិតជាចាំបាច់ណាស់ដល់ការថែរក្សាកន្ធាយក្បាលកង្កែប កុំឲ្យបាត់បង់ពីពិភពលោក។ លោកបានបញ្ជាក់ថា «ការប្រមូលយកពងកូន និងចាប់មេពូជកន្ធាយក្បាលកង្កែបទៅលក់ និងធ្វើជាអាហារគឺត្រូវបានចាត់ទុកជាអំពើខុសច្បាប់នៅកម្ពុជា»។
ចាប់តាំងពីឆ្នាំ២០០៧ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានការពារសំបុកពងកូនកន្ធាយក្បាលកង្កែបចំនួន ៤០២សំបុក និងបានប្រលែងកូនកន្ធាយក្បាលកង្កែបចំនួន៩០៤៧។ អង្គការ WCS បានបញ្ជាក់ថា កន្ធាយក្បាលកង្កែប គឺជាប្រភេទសត្វ ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងជាប្រភេទសត្វដែលជិតនឹងផុតពូជ នៅលើសាកលលោកផងដែរ៕
Tag:
កន្ធាយក្បាលកង្កែប
ទន្លេមេគង្គ
WCS
ស្ទឹងត្រែង
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com