ជាតិ
សហរដ្ឋអាមេរិកផ្តល់មូលនិធិដើម្បីជួសជុលប្រាសាទព្រះវិហារ
× សៀមរាប៖ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រកាសពីមូលនិធិសម្រាប់អភិរក្សប្រាសាទព្រះវិហារ។ មូលនិធិនេះ នឹងផ្តោតលើការងារជួសជុលជណ្ដើរខាងជើងនៃប្រាសាទព្រះវិហារ។
លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤ នៃគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃព្រះវិហារ អំពីការចាប់ផ្តើមការងារជួសជុលប្រាសាទព្រះវិហារតាមរយៈភាគីប្រទេសចិន។ ចិនបានបញ្ចប់ការសិក្សាស្រាវជ្រាវនៅគោបុរៈទី១ ទី២ និងទី៣ ដើម្បីកំណត់ពេលវេលាជាក់លាក់នៃការផ្តើមជួសជុលប្រាសាទព្រះវិហារ។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២០ កញ្ញា លោក គឹម សេតារា បានឱ្យដឹងទៀតថា កាលពីពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកក៏បានសម្រេចផ្តល់មូលនិធិប្រចាំឆ្នាំចំនួន ២០ម៉ឹនដុល្លារ សម្រាប់ការអភិរក្សប្រាសាទព្រះវិហារផងដែរ។ លោក សេតារា បញ្ជាក់ថា មូលនិធិនេះអាចមានរយៈពេល៣ឆ្នាំ ដោយផ្តោតលើការជួសជុលជណ្ដើរខាងជើងនៃប្រាសាទព្រះវិហារ។
តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បាននិយាយក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤ អាយស៊ីស៊ី-ព្រះវិហារ នៅស្នាក់ការអាជ្ញាធរជាតិអប្សរាថា ប្រាសាទព្រះវិហារជាទីតាំងបុរាណវិទ្យាមួយដែលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសម្រាប់ការងារអភិរក្ស ហើយរីករាយក្នុងការជួយការងារទាំងនេះជាមួយកម្ពុជា។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា តាមពិតទៅ សហរដ្ឋអាមេរិកមិនមែនទើបតែជួយការងារទាក់ទងនឹងវិស័យវប្បធម៌តែនៅប្រាសាទព្រះវិហារនេះទេ។ អាមេរិកបានជួយសាងសង់សារមន្ទីរមួយនៅខេត្តតាកែវ និងបានជួយធ្វើផែនទីហានិភ័យនៅគ្រប់ប្រាសាទទាំងអស់នៅកម្ពុជា។ល។
គួររម្លឹកថា កិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារ នៅឆ្នាំនេះផ្តោតលើការងារពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកប្រាសាទព្រះវិហារ ការរៀបចំទីតាំងបដិសណ្ឋារកិច្ច ការរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រាសាទព្រះវិហារ និងកោះកែរ។ល។ សហប្រធាននៃកិច្ចប្រជុំនេះ មានចិន និងឥណ្ឌា និងមានការចូលរួមពីសមាជិកចំនួន៦ទៀត មានប៊ែកហ្សិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃ និងសហរដ្ឋអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com