ជាតិ
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
ពលរដ្ឋខ្មែរ២នាក់ស្លាប់ និង៤នាក់ រងរបួសធ្ងន់ ដោយសារក្រឡាប់ឡាននៅថៃ រូបពីអគ្គស្នងការនគរបាលជាតិ
× ភ្នំពេញ៖ ស្ត្រីខ្មែរខ្មែរ២នាក់ បានបាត់បង់ជីវិត និង៤នាក់ទៀត (ប្រុសម្នាក់) បានរងរបួសធ្ងន់ ដោយសារតែក្រឡាប់រថយន្ត ពេលពួកគេ ធ្វើដំណើរចូលទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមប្រភពខាងលើ សមត្ថកិច្ចថៃ បានផ្តល់ព័ត៌មាន មកសមត្ថកិច្ចកម្ពុជាថា មុនកើតហេតុ ស្ត្រីខ្មែរទាំង៥នាក់ និងម្នាក់ទៀតជាបុរស បានធ្វើដំណើរតាមរថយន្តឈ្នួល ដើម្បីទៅទិញអីវ៉ាន់ នៅទីក្រុងបាងកក ហើយពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តផ្ទុះកង់ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ។
នគរបាលជាតិ បញ្ជាក់ថា ក្រោយកើតហេតុ ពលរដ្ឋខ្មែរ ដែលរងគ្រោះ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ ចំណែក អ្នកស្លាប់ ត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ រៀបចំបញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅតាមប្រពៃណី៕
© រក្សាសិទ្ធិដោយ thmeythmey.com