ជាតិ
សម្ដេច ស ខេង ៖ កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ដ៏​ស្មោះសរ ពី​អន្តរជាតិ សម្រាប់​ការបោះឆ្នោត​អាណត្តិ​ក្រោយ​
24, Sep 2018 , 12:19 pm        
រូបភាព
រូបពីហ្វេសប៊ុក សម្ដេច ស ខេង
រូបពីហ្វេសប៊ុក សម្ដេច ស ខេង
ដោយ: ថ្មីៗ
​កំពត​៖ កម្ពុជា នៅតែ​ត្រូវការ​ជំនួយ​ដ៏​ស្មោះសរ ពី​សហគម​អន្តរជាតិ សម្រាប់​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​បន្តទៀត​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ នៅក្នុង​ពិធី​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ខេត្តកំពត កាលពី​ថ្ងៃទី​២២ កញ្ញា​។​

 
​ថ្លែង​ចំពោះមុខ​មន្ត្រី​រៀបចំ​ការបោះឆ្នោត និង​សមាជិក​-​សមាជិកា​បក្ស សម្ដេច ស ខេង បាន​លើក​ពី​ចំណុច​អវិជ្ជមាន និង​វិជ្ជមាន នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​។ ចំណុច​អវិជ្ជមាន​នោះ ត្រូវបាន​សម្ដេច ស ខេង លើកយក​ពី​សកម្មភាព​នៃ​ការរារាំង​ពលរដ្ឋ​បោះឆ្នោត តាមរយៈ​ពាក្យសម្តី និង​ការធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​។ ជាពិសេស​បញ្ហា​សន្លឹកឆ្នោត​អត់​បានការ​ច្រើន ដែល​កើតចេញពី​ការអំពាវនាវ​របស់​អ្នកនយោបាយ​។​
 
​ចំណែក​ចំណុច​វិជ្ជមាន​វិញ គឺ​កម្ពុជា បានរៀបចំ​ការបោះឆ្នោត​ប្រកបដោយ​ភាពជោគជ័យ ស្របតាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ ដែលមាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជិត​៨៣​ភាគរយ ក្នុងចំណោម​អ្នកបោះឆ្នោត​សរុប​ជាង​៨​លាន​នាក់​។ ចំនួន​អ្នកបោះឆ្នោត​ច្រើន​នេះ ក៏​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​
 
​សម្រាប់​សម្ដេច ស ខេង ការបោះឆ្នោត​នៅ​កម្ពុជា នឹង​មិនអាច​ប្រព្រឹត្ត​ទៅដោយ​ល្អ​បានទេ បើសិន​ជាការ​ជំនួយ និង​ការជួយ​គាំទ្រ​ពី​សហគម​អន្តរជាតិ ។  «​ក្នុងនាម​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា យើងខ្ញុំ​នៅតែមាន​តម្រូវការ នូវ​ការគាំទ្រ​ខាង​បច្ចេកទេស និង​ហិរញ្ញវត្ថុ មធ្យោបាយ សម្ភារ ប្រកបដោយ​ភាពស្មោះសរ ពី​សហគម​អន្តរជាតិ និង​ប្រទេស​ជា​មិត្តភក្តិ សម្រាប់​ដំណើរការ​បោះឆ្នោត​ជា​បន្តទៀត​»​។ នេះ​លើកឡើង​របស់​សម្ដេច ស ខេង ដែល​បាន​បញ្ជាក់ថា ជំនួយ​បរទេស​កន្លងមក បាន​ជួយ​ដល់​ដំណើការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​សង្គម​កម្ពុជា​។​
 
​ការបោះឆ្នោត​នៅ​កម្ពុជា​កន្លងមក មាន​ប្រទេស​មហាអំណាច​ពីរ​នៅ​តំបន់​អាស៊ី គឺ​ជប៉ុន និង​ចិន ដែល​ជួយ​ទ្រទ្រង់​ដល់​ការបោះឆ្នោត ក្រោយពី​ខាង​សហភាព​អឺរ៉ុប និង​អាមេរិក ប្រកាស​ឈប់​ផ្ដល់ជំនួយ ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​កម្ពុជា រំលោភសិទ្ធិ​មនុស្ស និង​គាបសង្កត់​គណបក្សនយោបាយ​បក្សប្រឆាំង ដែល​នាំ​ឲ្យ​ការបោះឆ្នោត​នេះ មិន​សេរី និង​អយុត្តិធម៌​។​
​រដ្ឋាភិបាល​ចិន បានផ្ដល់​សម្ភារ​បច្ចេក​ទេស​ការិយាល័យ​ចំនួន​៣០​មុខ​ដល់ គ​.​ជ​.​ប ដែលមាន​ទឹកប្រាក់​ប្រមាណ​២០​ដុល្លារ​អាមេរិក ខណៈដែល​ជប៉ុន បាន​ជំនួយ​ហិប​ឆ្នោត​ជាច្រើន ដែលមាន​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​អាមេរិក​។ ក្រៅពីនេះ​ជប៉ុន ក៏បានផ្ដល់​ជំនួយ​បច្ចេកទេស និង​អ្នកជំនាញ​រៀបចំ​ការបោះឆ្នោត តាំងពីដើម​នីតិកាល​ទី​៦ រហូតដល់​បញ្ចប់​ការបោះឆ្នោត ។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​
 
​ជំនួយ​បច្ចេកទេស​របស់​ជប៉ុន ពិត​ជាមាន​គុណភាព​ខ្ពស់ ដែល​បានផ្ដល់​ទំនុកចិត្ត ដល់​ប្រជាជន​កម្ពុជា​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង ដែល​បាន​បន្ថែមថា រដ្ឋាភិបាល​ពេញចិត្ត និង​បច្ចេកទេស​បោះឆ្នោត​របស់​ភាគី​ជប៉ុន​៕
 

Tag:
 ស ខេង​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com