សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក ម៉ាក្រុង ផ្តាំប្រាប់លោក ត្រាំ ថា ប្រេងអាចធ្លាក់ថ្លៃបើអ៊ីរ៉ង់មិនរងទណ្ឌកម្មអាមេរិក
× ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានអះអាងថា តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិហក់ឡើងខ្ពស់ដោយសារការទប់ស្កាត់មិនឲ្យអ៊ីរ៉ង់នាំប្រេងចេញទៅទីផ្សារអន្តរជាតិ។ មេដឹកនាំបារាំងរូបនេះនិយាយដូច្នេះគឺដើម្បីឆ្លើយតបនឹងសម្តីរិះគន់របស់មេដឹកនាំអាមេរិកចំពោះអង្គការនាំប្រេងចេញ OPEC ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថ្ងៃ ២៥ កញ្ញា។
បើអ៊ីរ៉ង់អាចលក់ប្រេងបាន តម្លៃប្រេងលើទីផ្សារអន្តរជាតិនឹងធ្លាក់ថ្លៃ។ នេះជាសម្តីអះអាងរបស់មេដឹកនាំបារាំងលោក ម៉ាក្រុង ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅដាច់ដោយឡែកពីអង្គមហាសន្និបាតអង្គការសហប្រជាជាតិ ប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ រិះគន់អង្គការ OPEC និងចង់បិទការនាំចេញប្រេងអ៊ីរ៉ង់ទាំងស្រុង។
លោក ម៉ាក្រុង និយាយដូច្នេះថា៖ បើសិនជាលោក ត្រាំ ប្តូរការគិតរបស់លោក លោកនឹងឃើញថា វាជារឿងល្អសម្រាប់តម្លៃប្រេង ដែលអ៊ីរ៉ងអាចលក់ប្រេងចេញបាននោះ។ វាជារឿងល្អសម្រាប់សន្តិភាព និងតម្លៃប្រេងអន្តរជាតិ។ វាជាស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង ដែលផ្នែកលើការផ្គត់ផ្គង់ និងតម្រូវការ»។ លោក ម៉ាក្រុង និយាយដូច្នេះ។
តាមពិតទៅតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិចាប់ផ្តើមឡើងថ្លៃខ្លាំងវិញ ចាប់ពីខែឧសភាពេលដែលលោក ត្រាំ ប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ឆ្នាំ ២០១៥ និងចាប់ផ្តើមដាក់ទណ្ឌកម្មប្រឆាំងឡើងវិញនោះ។ ចំណែកអ៊ីរ៉ង់ត្រូវបានគេស្គាល់ច្បាស់ថា ជាសមាជិកដែលនាំប្រេងចេញលំដាប់ទីបីក្នុងអង្គការប្រេង OPEC ផង។
លោក ត្រាំ បានទិតៀនអង្គការ OPEC នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសុន្ទរកថារយៈពេលជាង៣០នាទីរបស់ខ្លួននៅថ្ងៃ ២៥ ខែកញ្ញា។ លោកបានចោទថា អង្គការប្រេងមួយនេះកំពុងកេងប្រវ័ញ្ចពិភពលោកទាំងមូល។ មេដឹកនាំអាមេរិកក៏បានឆ្លៀតទាមទារឲ្យអង្គការប្រេងនេះបញ្ឈប់រាល់ការដំឡើងថ្លៃប្រេងតាមចិត្ត និងទម្លាក់តម្លៃប្រេងវិញម្តងដែរ។
កាលពីសប្តាហ៍មុនសមាជិកអង្គការ OPEC នេះបានប្រជុំគ្នាស្វែងរកដំណោះស្រាយ ហើយក៏បានឯកភាពគ្នាបង្កើនការផលិតឲ្យច្រើនបន្ថែមដើម្បីជួយឲ្យតម្លៃប្រេងធ្លាក់ចុះវិញនោះ ថ្វីបើកន្លងមកភាគីពាក់ព័ន្ធធ្លាប់សន្យាថានឹងបង្កើនការផលិតបន្តិចបន្តួចសិនក៏ដោយចុះ។
យ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនបានផ្តល់អនុសាសន៍ថា ទោះបីជាមានវិធានការអ្វីក៏ដោយ តម្លៃប្រេងនឹងនៅតែបន្តឡើងថ្លៃ។ មូលហេតុចម្បងនោះគឺ ពាក់ព័ន្ធជំហរអាមេរិកក្នុងបញ្ហាអ៊ីរ៉ង់។ អាមេរិកនឹងចាប់ផ្តើមបន្ថែមទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ដែលនឹងចូលជាធរមានចាប់ពីថ្ងៃ ៥ ខែវិច្ឆិកាខាងមុខ។ ទណ្ឌកម្មនោះគឺតម្រូវឲ្យក្រុមហ៊ុនបរទេសនានាឈប់ទិញប្រេងអ៊ីរ៉ង់ បើមិនចង់ទទួលទណ្ឌកម្មនោះ៕
Tag:
អាមេរិក
ប្រេង
OPEC
អេម៉ានុយអែល ម៉ាក្រុង
ដូណាល់ ត្រាំ
UNGA
© រក្សាសិទ្ធិដោយ thmeythmey.com