ប្រធានាធិបតីចិន ស៊ី ជិនភីង នៅចុងខែកញ្ញា បាននិយាយថាការកើនឡើងនៃគោលនយោបាយគាំពារនិយម និងឯកតោភាគីនិយមកំពុងបង្ខំចិនឲ្យពឹងផ្អែកលើខ្លួនឯងច្រើនជាងមុនសម្រាប់ការអភិវឌ្ឍ ហើយនេះ «មិនមែនជារឿងអាក្រក់នោះទេ»។
លោកស៊ី ជិនភីងដែលជាមេដឹកនាំចិនដ៏មានឥទ្ធិពលបានបញ្ជាក់ថា វាដល់ពេលហើយដែលក្រុងប៉េកាំង ត្រូវបញ្ឈប់ការពឹងផ្អែករបស់ខ្លួនលើបច្ចេកវិទ្យាពីបរទេស។ យោងតាមកាសែតរដ្ឋចិន People’s Daily មេដឹកនាំរូបនេះ បានសង្កត់ធ្ងន់ពី «តម្លៃនៃការពឹងពាក់លើខ្លួនឯង (Self-reliance)»។
«ក្នុងឆាកអន្តរជាតិវាកាន់តែពិបាកទៅៗសម្រាប់ចិន ក្នុងការទទួលយកបច្ចេកវិទ្យាឈានមុខពីបរទេស ស្របពេលដែលគោលនយោបាយគាំពារ និងឯកតោភាគីនិយមកំពុងកាន់ឡើងយ៉ាងខ្លាំង។ ការណ៍នេះកំពុងបង្ខំចិនឲ្យអនុវត្តមធ្យោបាយមួយដោយពឹងផ្អែកលើខ្លួនឯងជាចម្បង ហើយនេះមិនមែនជារឿងអាក្រក់នោះទេ។ ទីបំផុត ក្រុងប៉េកាំងត្រូវពឹងពាក់លើខ្លួនឯងសម្រាប់អភិវឌ្ឍន៍»។ នេះជាលើកឡើងរបស់លោកស៊ី ពីរោងចក្រផលិតគ្រឿងម៉ាស៊ីន First Heavy Industries របស់រដ្ឋដ៏ធំមួយ ក្នុងខេត្ត Heilongjiang។
លើសពីនេះ លោកស៊ី ជិនភីង បានបញ្ជាក់ច្បាស់ៗថា ចិនជាប្រទេសធំមួយដែលត្រូវ «ពឹងផ្អែកលើខ្លួនឯងសម្រាប់ការផ្គត់ផ្គង់អាហារ, ការអភិវឌ្ឍសេដ្ឋកិច្ច និងការផលិតផ្សេងៗទៀត (គ្រឿងចក្រជាដើម)» ។
បើពិតទៅការលើកឡើងរបស់ស៊ី ជិនភីងបានធ្វើឡើង ត្រឹម២ថ្ងៃប៉ុណ្ណោះក្រោយពីក្រុងវ៉ាស៊ីនតោនបានបង្កាត់ភ្លើងសង្គ្រាមជាថ្មី ដោយការដំឡើងពន្ធនាំចូលលើទំនិញចិន ដែលគិតជាទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លា។ ចំណែកចិនក៏មិននៅស្ងៀមដែរ ភ្លាមៗនោះក្រុងប៉េកាំងក៏បានប្រកាសវាយបកលើទំនិញអាមេរិក ដែលមានតម្លៃ៦០ពាន់លានដុល្លារវិញផងដែរ។ បើតាមការគ្រោងទុក កិច្ចពិភាក្សាពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានកំណត់នៅក្នុងសប្ដាហ៍នេះ ប៉ុន្តែក្រុងប៉េកាំងបានបដិសេធជួបពិភាក្សា ដោយបានអះអាងថា «សហរដ្ឋអាមេរិកកំពុងយកកាំបិតភ្ជង់បំពង់.ករបស់ខ្លួន»។
យោងតាមទស្សនាវដ្ដីហុងកុង South China Morning Post លោក Ding Yifan អ្នកស្រាវជ្រាវជាន់ខ្ពស់របស់វិទ្យាស្ថានយុទ្ធសាស្ត្រជាតិនៃសកលវិទ្យាល័យ Tsinghua ក្នុងក្រុងប៉េកាំង បាននិយាយថា ការអះអាងរបស់លោកស៊ីទាក់ទិននឹង «ការពឹងពាក់លើខ្លួនឯង» បានឆ្លុះបញ្ចាំងថា ក្រុងប៉េកាំងបានត្រៀមខ្លួនរួចរាល់ដើម្បីទាត់ចោលការជ្រោមជ្រែងនានាពីប្រទេសដទៃ។
«គោលគំនិតនៃការពឹងផ្អែកលើខ្លួនឯងគឺប្រៀបដូចជា ការវិលត្រឡប់ទៅកាន់អតីតកាលរបស់ចិនវិញអ៊ីចឹង»។ លោក Ding បាននិយាយដូច្នេះ ទំនងសំដៅទៅ «សេដ្ឋកិច្ចបិទទ្វាររបស់រដ្ឋាភិបាលចិន» នៅមុនជំនាន់លោកប្រធានាធិបតីចិន តីង ស៊ីភីង «ប៉ុន្តែការអនុវត្តអាចនឹងខុសស្រឡះ»។ លើសពីនេះលោក Dingនិយាយទៀតថា «ប្រសិនបើចិនអាចគ្រប់គ្រងស្ថានការណ៍នៃជម្លោះពាណិជ្ជកម្មបាន ហើយអាចរក្សាឲ្យបាននូវតំណែងឈានមុខក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មផលិតនោះ ចិននឹងក្លាយជាលេខមួយដាច់គេ ព្រមទាំងពិបាកនឹងកាច់បំបាក់បានថែមទៀតផង»។
ចំណែកឯអ្នកសេដ្ឋកិច្ចវិទូចិនមួយរូបទៀត លោក Ding Shuang បានលើកឡើងថា ការបញ្ជាក់របស់លោកស៊ី «ប្រៀបដូចជាវោហារសាស្ត្រនយោបាយដែលប្រើសម្រាប់ពង្រឹងទំនុកចិត្តសាធារណៈ អំឡុងពេលវេលាដ៏តានតឹងនៃសង្គ្រាមពាណិជ្ជកម្ម» ប៉ុន្តែនេះមិនមែនន័យថា ក្រុងប៉េកាំងនឹងត្រូវផ្លាស់ប្ដូរ«គោលនយោបាយបើកចំហជើងមេឃ» របស់ខ្លួននោះឡើយ។
ចិនគ្មានជម្រើសអ្វីផ្សេងទៀតទេក្រៅពីពឹងផ្អែកបន្ថែមទៀតលើខ្លួនឯង ក្នុងវិស័យបច្ចេកវិទ្យា ក្រោយពីច្រកទ្វារសម្រាប់ទទួលយកបច្ចេកវិទ្យាទំនើបៗរបស់ខ្លួនពីប្រទេសដទៃ ត្រូវបានបិទហើយនោះ។ ទោះបីជាយ៉ាងនេះក្តី គោលគំនិត «ពឹងផ្អែកលើខ្លួនឯង» របស់លោកស៊ី មិនប៉ះពាល់ដល់គោលនយោបាយពាណិជ្ជកម្មសេរីរបស់ក្រុងប៉េកាំងនោះឡើយ។ ហើយចិននៅតែចង់ទាក់ទាញការវិនិយោគ និងអនុវត្តគុណសម្បត្តិនៃការប្រកួតប្រជែងលើការនាំចេញ (Comparative advantages on exports) របស់ខ្លួនដដែល។ នេះជាការបញ្ជាក់របស់លោក Ding Shuang សេដ្ឋកិច្ចវិទូចិនប្រចាំក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Standard Chartered ដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ជាក់ស្តែង នៅថ្ងៃទី២៦ កញ្ញា ក្រុមប្រឹក្សារដ្ឋចិន បានសម្រេចកាត់បន្ថយពន្ធលើទំនិញប្រមាណ១៥៨៥មុខ ដែលចូលជាធរមាននៅថ្ងៃទី០១ វិច្ឆិកាខាងមុខ។ យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលចិន កម្រិតពន្ធជាមធ្យមរបស់ចិន នឹងត្រូវបានកាត់បន្ថយមកត្រឹម៧,៥% ដែលធ្លាក់ពីចំនួន៩,៨% កាលពីឆ្នាំមុន។ ចំណោមផលិតផលទាំងនោះ ពន្ធនាំចូលលើសម្ភារៈអេឡិចត្រូនិច នឹងត្រូវកាត់បន្ថយពី១២,២% មកត្រឹម ៨,៨% ខណៈពន្ធនាំចូលលើវាយនភណ្ឌ និងសម្ភារៈសម្រាប់ការសាងសង់ នឹងត្រូវកាត់បន្ថយពី១១,៥% មកត្រឹម ៨,៤%៕