លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក្នុងតួនាទីលោកជាប្រធានប្តូរវេន។ កិច្ចប្រជុំបានរៀបចំនៅថ្ងៃទី២៧ ខែកញ្ញា នេះ នៅវិមានសន្តិភាព ដើម្បីលើកឡើងពីលទ្ធផលការងារប្រចាំខែកញ្ញារបស់ប្រតិភូគណបក្សនីមួយៗ។
ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន «ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់» នេះ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រី និងតំណាងគណបក្សនយោបាយដែលបានប្រកួតប្រជែងការបោះឆ្នោត។ ឧត្តមក្រុមប្រឹក្សាដែលមានអាណត្តិដូចរដ្ឋាភិបាលនេះ ត្រូវបានបង្កើតឡើងជាផ្លូវការដោយព្រះរាជក្រឹត្យ ចុះកាលពីថ្ងៃទី៦ ខែកញ្ញា ដោយមានថ្នាក់ដឹកនាំ និងតំណាងគណបក្សចំនួន១៥ចូលរួម។
យោងតាមការផ្សាយរបស់វិទ្យុជាតិកម្ពុជា លោក ឈឹមផលវរុណ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានមានប្រសាសន៍ថា សមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ បានរកឃើញករណីជម្លោះដីធ្លីនៅតំបន់មួយចំនួននៅខេត្តកណ្តាល សៀមរាប និងខេត្តព្រះសីហនុជាដើម។
លោកបានបញ្ជាក់ថា បន្ទាប់ពីប្រមូលបានព័ត៌មាន និងទទួលសូំណូមពរពីប្រជាពលរដ្ឋដែលជាអ្នករងគ្រោះដីធ្លីរួចហើយនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នឹងផ្ញើរបាយការណ៍នេះ ជូនបន្តទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាមួយគ្នានេះផងដែរ លោក ញឹក ប៊ុនឆៃ ដែលជាប្រធានប្តូរវេន បានគូសបញ្ជាក់ថា អាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួននៅមិនទាន់ដឹងពីតួនាទី ភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅឡើយទេ បើទោះបីជាស្ថាប័ននេះ ជាស្ថាប័នរបស់រដ្ឋធ្វើការងារបម្រើពលរដ្ឋក៏ដោយ។
អង្គប្រជុំបានសម្រេចថានឹងចេញអត្តសញាណប័ណ្ណសំគាល់សមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយប្រើត្រាទីស្តីការគណរដ្ឋមន្ត្រី ដើម្បីប្រើប្រាស់ទូទៅជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ហើយបន្តខិតខំធ្វើការសហការជាមួយអាជ្ញាធ នៅពេលចុះបំពេញបេសកម្ម ដូចជាការជូនដំណឹងពីពេលលវេលា ទីកន្លែងដែលត្រូវទៅបំពេញការងារជាដើម។
ជាគោលការណ៍ឧត្តមក្រុមប្រឹក្សានេះ នឹងបើកកិច្ចប្រជុំក្នុងមួយខែម្តង ពោលគឺនៅសប្តាហ៍ទី៤ នៃខែនីមួយៗ ដើម្បីបូកសរុបការងារ និងផ្តល់យោបល់ទៅរាជរដ្ឋាភិបាល ជុំវិញបញ្ហានានាដែលស្ថាប័ននេះ រកឃើញ។
សមាសភាពគណបក្សនយោបាយ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានរាយនាមតាមលេខរៀងដូចក្នុងសន្លឹកឆ្នោតរួមមាន
១. គណបក្សខ្មែររួបរួមជាតិ
- លោក ញឹក ប៊ុនឆៃ ប្រធានប្រតិភូ
- លោក អ៊ុំ សុមន្ថា អនុប្រធានប្រតិភូ
- លោក លី វៃ តំណាងក្នុងលេខាធិការដ្ឋាន
២. គណបក្សពន្លឺថ្មី
- លោក នួន សុខាវី ប្រធានប្រតិភូ
- លោក អាន់ អ៊ាត អនុប្រធានប្រតិភូ
- លោក ខុម រតនៈពិសិដ្ឋ តំណាងក្នុងលេខាធិការដ្ឋាន
៣. គណបក្សសញ្ជាតិកម្ពុជា
- លោក សេង សុខេង ឋានៈស្មើ ប្រធានប្រតិភូ
- លោក គង្គ សាវ៉ន អនុប្រធានប្រតិភូ
- លោក ឡាច ផាន់ណា តំណាងក្នុងលេខាធិការដ្ឋាន
៤. គណបក្សខ្មែរក្រោក
- លោក សុខវណ្ណ វឌ្ឍនាសាប៊ុន ប្រធានប្រតិភូ
- លោក សុខ លីម អនុប្រធានប្រតិភូ
- លោក ឈឿង ចាន់ធឿន តំណាងក្នុងលេខាធិការដ្ឋាន
៥. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
- លោក ម៉ម សូណង់ដូ ប្រធានប្រតិភូ
- លោកស្រី ហួន ផាន់ណារី អនុប្រធានប្រតិភូ
- លោក សុត សៀម តំណាងក្នុងលេខាធិការដ្ឋាន
៦. គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ
- លោកស្រី សុខរ័ត្ន សុវណ្ណ បញ្ចៈសីលា ប្រធានប្រតិភូ
- លោក ចន្ទ ភាព អនុប្រធានប្រតិភូ
- លោក ច័ន្ទមុនី លក្ម្សី តំណាងក្នុងលេខាធិការដ្ឋាន
៧. គណបក្សរស្មីខេមរា
- លោក ស៊ិន សុភាព ប្រធានប្រតិភូ
- លោក ហែម ប្រសើរ អនុប្រធានប្រតិភូ
- លោក ម៉ន ចន្ទរា តំណាងក្នុងលេខាធិការដ្ឋាន
៨. គណបក្សហ្វ៊ុនស៊ិនប៉ិច
- ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានប្រតិភូ
- លោក ពេជ្រ សូដេថ្ថា អនុប្រធានប្រតិភូ
- លោក រស់ សាផន តំណាងក្នុងលេខាធិការដ្ឋាន
៩. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
- លោក ហួន រាជចំរើន ប្រធានប្រតិភូ
- លោក លឹម សំណាង អនុប្រធានប្រតិភូ
- លោក ហួន រដ្ឋា តំណាងក្នុងលេខាធិការដ្ឋាន
១០. គណបក្សយុវជនកម្ពុជា
- លោក ពេជ្រ ស្រស់ ប្រធានប្រតិភូ
- លោក ហួន ធារិទ្ធ អនុប្រធានប្រតិភូ
- លោក យឹម សេងយាន តំណាងក្នុងលេខាធិការដ្ឋាន
១១. គណបក្សធម្មាធិបតេយ្យ
- លោកស្រី ពោធិតី សាវត្ថី ប្រធានប្រតិភូ
- លោក តាន់ ច័ន្ទផល អនុប្រធានប្រតិភូ
- លោក លី ខេង តំណាងក្នុងលេខាធិការដ្ឋាន
១២. គណបក្សឆន្ទៈខ្មែរ
- លោក គង់ មុនីកា ប្រធានប្រតិភូ
- លោក អ៊ី មុយលី អនុប្រធានប្រតិភូ
- លោក តុល ប្រាសាទ តំណាងក្នុងលេខាធិការដ្ឋាន
១៣. គណបក្សជនជាតិដើមប្រជាធិបតេយ្យ
- លោក ស្រួយ ខេត ប្រធានប្រតិភូ
- លោក ប្លាង សីន អនុប្រធានប្រតិភូ
- លោក តូង លេន តំណាងក្នុងលេខាធិការដ្ឋាន
១៤. គណបក្សខ្មែរតែមួយ
- លោក កែម រិទ្ធិសិត ប្រធានប្រតិភូ
- លោក គុជ លី អនុប្រធានប្រតិភូ
- លោកស្រី ឃី ម៉េងលីន តំណាងក្នុងលេខាធិការដ្ឋាន
១៥. គណបក្សប្រជាជនកម្ពុជា
- លោក ឯក សំអុល ប្រធានប្រតិភូ
- លោក អ៊ក គឹមហាន អនុប្រធានប្រតិភូ
- លោក កែវ ចាន់ណា តំណាងក្នុងលេខាធិការដ្ឋាន
ប្រធានប្រតិភូនៃគណបក្សនីមួយៗ មានឋានៈស្មើទេសរដ្ឋមន្ត្រី ខណៈអនុប្រធានមានឋានៈស្មើរដ្ឋមន្ត្រី៕