អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាវា​យោធា​ជប៉ុន​ធ្វើ​សមយុទ្ធ​ជាមួយ​អង់គ្លេស​ដោយ​តម្រង់​ទៅរក​សមុទ្រ​ចិន​ខាងត្បូង
27, Sep 2018 , 9:39 pm        
រូបភាព
ដោយ:
​នាវា​ដឹក​ឧទ្ធម្ភាគចក្រ Kaga ដែលជា​នាវា​យោធា​ធំ​បំផុត​របស់​ជប៉ុន កាលពី​ថ្ងៃទី​២៦ ខែកញ្ញា​បានធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​នាវា​យោធា HMS Argyll របស់​ចក្រភព​អង់គ្លេស​ក្នុង​មហាសមុទ្រ​ឥណ្ឌា​។ នាវា​យោធា​ទាំងនេះ​ក៏​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត​ផងដែរ​។​

 
​ចក្រភព​អង់គ្លេស និង​ជប៉ុន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ក្រុង​វ៉ាស៊ីនតោន បានបង្ហាញ​ឆន្ទៈ​រួមគ្នា​ក្នុងការ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​។ ប្រទេស​ទាំងពីរ​ព្រួយបារម្ភ​ថា ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​ចិន​ក្នុង​តំបន់​នេះ អាច​បណ្ដាល​ឲ្យ​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ដែល​ភ្ជាប់​ទ្វីបអាស៊ី ជាមួយ​អឺរ៉ុប សហរដ្ឋអាមេរិក និង​គ្រប់​ទីកន្លែង​ទាំងអស់ ធ្លាក់ចូល​ក្រោម​ការគ្រប់គ្រង​របស់​ក្រុង​ប៉េកាំង​។ 
 
​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Kenji Sakaguchi  មេបញ្ជាការ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​ទទួលបន្ទុក​នាវា Kaga បាន​និយាយថា​៖ «​យើង​តែងតែមាន​ចំណងទាក់ទង​ជា​ប្រពៃណី ជាមួយនឹង​នាវា​យោធា​អង់គ្លេស ហើយ​យើង​ទាំងពីរ​ក៏​ជា​សម្ព័ន្ធ​ជិតស្និទ្ធ​របស់​អាមេរិក​ផងដែរ​។ សមយុទ្ធ​រួមគ្នា​បែបនេះ​គឺជា​ឱកាស​សម្រាប់​យើង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​»​។ 
 
​ក្រោយពី​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង នាវា Argyll  នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ជាមួយ​ជប៉ុន រួមបញ្ចូល​ទាំង​ការឃ្លាំមើល​យ៉ាង​ល្អិតល្អន់​ចំពោះ​ការដាក់ទណ្ឌកម្ម របស់​ក្រុមប្រឹក្សាសន្តិសុខ​លើ​កូរ៉េខាងជើង ឲ្យ​ព្រម​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ជាដើម​។ នេះ​បើតាម​ប្រភពពី​រដ្ឋាភិបាល​អង់គ្លេស​។ 
 
​គួរ​បញ្ជាក់ដែរថា ការមកដល់​របស់​នា​វាយោ​ធា Argyll ក្នុង​តំបន់​នេះ​គឺ​កើតឡើង ក្រោយពី​នាវា​យោធា HMS Albion របស់​អង់គ្លេស​កាលពី​ខែ​មុន បាន​ផ្គើន​ប្រឆាំងនឹង​ការអះអាង​ទាមទារ​យក​ដែន​អធិបតេយ្យ​របស់​ក្រុង​ប៉េកាំង ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ជាក់ស្តែង​នៅតាម​ផ្លូវ​ពី​ជប៉ុន​ឆ្ពោះទៅកាន់​វៀតណាម នាវា HMS Albion នេះ បានធ្វើ​នាវាចរណ៍​ទៅ​ក្បែរ​មូលដ្ឋាន​យោធា​ចិន​ក្នុង​ប្រជុំ​កោះ បា​រ៉ា​សែ​ល (Paracel ) ដោយបាន​អះអាងថា អនុលោម​តាម​ប្រតិបត្តិការ «​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​»​។ 
 
​យ៉ាងណាមិញ ភ្លាមៗ​ក្រោយ​ហេតុការណ៍​នេះ ក្រុង​ប៉េកាំង​បាន​បញ្ជូន​នាវាចម្បាំង​និង​ឧទ្ធម្ភាគចក្រ​របស់ខ្លួន ទៅ​ស្វាគមន៍​វត្តមាន​របស់​អង់គ្លេស​។ លើសពីនេះ​ខ្លួន​បាន​ព្រមាន​ក្រុង​ឡុង​ដ៍​ទៀតថា សកម្ម​ភាពស្រដៀងគ្នា​នេះ​នា​ថ្ងៃ​ខាងមុខ អាច​នឹង​ប៉ះពាល់​ដល់​កិច្ចពិភាក្សា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​អាច​កើតឡើង​រវាង​ចិន និង​អង់គ្លេស ស្រប​ពេលដែល​អង់គ្លេស​ត្រៀមខ្លួន​ចាក​ចេញពី​សហភាព​អឺរ៉ុប​ហើយ​នោះ​៕
 

Tag:
 ជប៉ុន​
  អង់គ្លេស​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com