ជាតិ
លោក យន្ត មីន ឲ្យ​ក្រុមហ៊ុន​ចិន​សិក្សា​គម្រោង​កសាង​ផ្លូវ និង​លូ នៅ​ខេត្ត​ព្រះសីហនុ ក្រោយ​ខូច​ស្ទើរ​ទាំងស្រុង​
28, Sep 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​ក្រុមហ៊ុន​ចិន​ចំនួន​៦ សិក្សា​ពី​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មានការ​រង​ខូចខាត​ស្ទើរតែ​ទាំងស្រុង ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ការអនុញ្ញាត​នេះ ធ្វើឡើង​តាម​សំណើ​របស់​ក្រុមហ៊ុន​ចិន​ទាំងនោះ​។​

 
​ក្រុមហ៊ុន​ចិន ដែលមាន​បំណង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ព្រះសីហនុ​នេះ គឺ​ត្រូវ​សិក្សា​គម្រោង​ស្តា​ផ្លូវ និង​ប្រព័ន្ធ​លូ ។ អភិបាលខេត្ត​លោក យន្ត មីន រំពឹងថា ក្រុមហ៊ុន​ចិន នឹង​សហការ​ជាមួយ​រដ្ឋបាលខេត្ត រួមទាំង​មន្ទីរ​ពាក់ព័ន្ធ ក្នុងការ​ស្តារ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​។​
 
​ផ្លូវ​មេ​ក្នុង​ក្រុង​សំខាន់ៗ​ដែល​លើក​យកមក​ពិភាក្សាគ្នា​នេះ មាន​ចំនួន​៨​ខ្សែ​បែកខ្នែង​សំខាន់ៗ​ចំនួន​២៨​ខ្សែ មាន​ប្រវែង​សរុប​ចំនួន​១៤០​គម​។ ផ្លូវ​ទាំងនេះ​បាន​បែក​ជា​ខ្នែង​សំខាន់ៗ​ចំនួន​២៤៥​ខ្សែ​ទៀត នៅ​ទូទាំង​ក្រុងព្រះសីហនុ​។ ក្នុងនោះ​ផ្លូវ​សំខាន់​ចំនួន​២៨​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ជា​ផ្លូវ​សំខាន់​ដែល​ត្រូវតែ​រក​វិធី​ដោះស្រាយ​ចំពោះមុខ ដោយ​ត្រូវតែ​កែលម្អ​និង​ពង្រីក​ឲ្យ​កាន់តែ​ប្រសើរឡើង​។ នេះ​បើតាម​លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​។​
 
​តាមរយៈ​កិច្ចពិភាក្សា​នេះ ក្រុមហ៊ុន​ចិន​ទាំង​៦ អះអាងថា ពួកគេ​អាច​ដោះស្រាយបាន លើ​គម្រោង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ។ លោក ZHOU CHUANFA អ្នកគ្រប់គ្រង​ទីផ្សារ​ក្រុមហ៊ុន​ចិន (THE OVERSEAS CO.,OF CHINA RAILWAY NO.10 ENGINEERING GROUP CO LTD) លើកឡើងថា ពួកគេ​នឹង​សហការ​ជាមួយ​ខេត្ត​ព្រះសីហនុ លើ​គម្រោង​សាងសង់​ផ្លូវ​និង​លូ​។ តំណាង​ក្រុមហ៊ុន​នេះ បាន​បញ្ជាក់ថា ក្រុមហ៊ុន​ពួកគេ​ធ្លាប់មាន​បទពិសោធ​ក្នុងការ​សាងសង់​ផ្លូវ​នៅតាម​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ព្រះសីហនុ​៕
 

Tag:
 យន្ត មីន​
  ចិន​
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com