អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកនយោបាយ​ឥណ្ឌូណេស៊ី ស្រុះស្រួល​គ្នា​ធ្វើ​ឃោសនាបោះឆ្នោត​ដោយ​សន្តិភាព និង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​
29, Sep 2018 , 11:19 pm        
រូបភាព
ដោយ:
​អ្នកនយោបាយ​ឥណ្ឌូណេស៊ី ដែល​រាប់បញ្ចូល​ទាំង​ប្រធានាធិបតី​បច្ចុប្បន្ន បាន​ព្រមព្រៀងគ្នា​ក្នុងការ​ធានា​ឲ្យ​បាន​នូវ​ការធ្វើ​យុទ្ធនា​ការបោះឆ្នោត​ប្រកបដោយ​សន្តិវិធី និង​ចៀសវាង​ឲ្យ​បាន​នូវ​ការប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​វាយប្រហារ​គូបដិបក្ខ ឬ​ទាញ​ប្រយោជន៍​សម្រាប់​ក្រុម​ខ្លួនឯង​។ នេះ គឺជា​វិធាន​បង្ការ ដែល​ក្រុម​នយោបាយ​ជឿជាក់ថា ធ្វើ​ឲ្យ​ដំណើរ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន​។​


​ប្រធាន​បក្សនយោបាយ​បាយ បេក្ខភាព​ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ដៃគូ​របស់ខ្លួន ដែល​រាប់បញ្ចូល​ទាំង​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ នៅ​ចុង​សប្តាហ៍​មុន បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​យុទ្ធនាការ​បោះឆ្នោត​ដោយ​សន្តិភាព​។ សេចក្តីថ្លែងការណ៍​នេះ ក៏​ជាការ​ប្រកាស​ពី​ការបើក​យុទ្ធនាការ​បោះឆ្នោតជាតិ​ឥណ្ឌូណេស៊ី​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Globe​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​សន្តិភាព​នោះ អ្នកនយោបាយ​ឥណ្ឌូណេស៊ី​ទាំងអស់ បាន​ប្តេជ្ញា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការចែករំលែក​ព័ត៌មាន​ក្លែងក្លាយ និង​ការធ្វើ​សុន្ទរកថា​ដែលមាន​ច​រិ​ក​លក្ខណៈ​បង្ក​អំពើ​ញុះញង់ និង​អុជអាល ដែល​កត្តា​ចម្បង​មួយ​ក្នុង​ការបង្ក​ឲ្យ​មានការ​បែងចែក​និន្នាការ​នយោបាយ និង​ទាញយក​ប្រយោជន៍​ពី​ការគាំទ្រ​ដោយ​មិន​ស្មោះត្រង់​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ឥណ្ឌូណេស៊ី Arief Budiman បានបញ្ជាក់​ផងដែរ​ថា ការធ្វើ​សេចក្តីថ្លែងការណ៍ មុនពេល​នៃ​ការចាប់ផ្តើម​យុទ្ធនាការ​បោះឆ្នោត​បែបនេះ ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​អ្នកចូលរួម​ប្រកួតប្រជែង ។ លោក ជឿជាក់ថា យុទ្ធនាការ នឹង​ដំណើរ​ទៅដោយ​មិន​ពាក់ព័ន្ធ​នឹង​សាសនា ការបែងចែក​ជាតិ​សាសន៍ និង​ប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​។ 
 
​ប្រមុខ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​រូបនេះ ក៏បាន​បន្ថែមថា ពេលនេះ ក្រុមការងារ​ងារ​រប​ស់លោក កំពុងតែធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ដោយមាន​ការសហការ​ជាមួយនឹង​ប៉ូលិស និង​ក្រសួង​ព័ត៌មាន ក្នុងការ​តាមដាន​យុទ្ធនាការ​ណាមួយ ដែល​ហ៊ាន​បំពាន​នឹង​សេចក្តីថ្លែងការណ៍​នេះ​។ យុទ្ធនាការ បោះឆ្នោត នឹងត្រូវ​ប្រព្រឹត្តទៅ​រហូត​ដល់ ១៣ មេសា ឆ្នាំ​២០១៩​។​
 
​គួរ​ជម្រាប​ផងដែរ​ថា នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ ឥណ្ឌូណេស៊ី នឹងមាន​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ពីរ​ដំណាលគ្នា គឺ​ការបោះឆ្នោត​តំណាងរាស្ត្រ ឬ​សភា និង​ការបោះឆ្នោត​ជ្រើស​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​។ គួរកត់សម្គាល់​នោះ លោក​ប្រធានាធិបតី Joko Widodo ក៏បាន​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ជាថ្មី​ផងដែរ ខណៈ នេះ ក៏​ជា​អាណត្តិ​ចុងក្រោយ​របស់លោក​ផងដែរ​នោះ​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com