សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចំនួនមហាសេដ្ឋីកើនឡើងខ្ពស់នៅបង់ក្លាដែស ចិន និងវៀតណាម
× ចំនួនមហាសេដ្ឋីមានការកើនឡើងយ៉ាងឆាប់រហ័សនៅចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ជាពិសេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមរបាយការណ៍ស្រាវជ្រាវ World Ultra Wealth Report។ ប៉ុន្តែនៅពេលដំណាលគ្នា អាស៊ី ក៏សម្បូរទៅដោយជនក្រីក្រជាងគេលើពិភពលោកផងដែរ។
របាយការណ៍វិភាគរបស់ក្រុមហ៊ុន Wealth-X ដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ និងក្រុងញូវយ៉ក បានបង្ហាញថា ចំនួនមហាសេដ្ឋីដែលមានទ្រព្យចាប់ពី៣០លានដុល្លារអាមេរិក មានកំណើនយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០១៧ ដោយកើន១២,៩ភាគរយ ពោលគឺស្មើ ២៥៥ ៨១០នាក់។
សហរដ្ឋអាមេរិក មានចំនួនមហាសេដ្ឋីច្រើនជាងគេ ពោលគឺប្រហែល ៨០ ០០០នាក់ ដែលលើសចំនួនប្រាំប្រទេស ជប៉ុន ចិន អាល្លឺម៉ង់ កាណាដា និងបារាំង បូកបញ្ចូលគ្នា។ ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅអាស៊ី នាំឲ្យចំនួនអ្នកមានមានការកើនឡើង ដោយលើសតំបន់អាមេរិកខាងជើង ទ្វេរដង។
ចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ របាយការណ៍ World Ultra Wealth Report បង្ហាញ ចំនួនមហាសេដ្ឋីនៅបង់ក្លាដែស កើនឡើងរហូតដល់ទៅ១៧,៣ភាគរយ ខណៈចិន កើន១៣,៤ភាគរយ និងវៀតណាមកើន ១២,៧ភាគរយ។
ប្រទេសបន្តបន្ទាប់ដែលមានកំណើនមហាសេដ្ឋីខ្ពស់ រួមមានកេនយ៉ា (១១,៧ភាគរយ), ឥណ្ឌា (១០,៧ភាគរយ), កោះហុងកុង (៩,៣ភាគរយ), អៀរឡង់ (៩,១ភាគរយ), អ៊ីស្រាអែល (៨,៦ភាគរយ), ប៉ាគីស្ថាន (៨,៤ភាគរយ) និងសហរដ្ឋអាមេរិក (៨,១ភាគរយ)។
របាយការណ៍បង្ហាញជារួមថា ចំនួនមហាសេដ្ឋីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កើនឡើង ៨,៣ភាគរយជារៀងរាល់ឆ្នាំ ប៉ុន្តែប្រទេសដូចជា បង់ក្លាដែស ជាដើមនោះ ក៏មានប្រជាជនរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រច្រើនផងដែរ។
ក្នុងចំណោមមហាសេដ្ឋី ២៥៥ ៨១០នាក់លើពិភពលោក គិតត្រឹមឆ្នាំ២០១៧ ស្ត្រីមានក្រោម ៣៥ ០០០នាក់នៅឡើយ។ តាមការព្យាករណ៍ តួលេខអ្នកមានទ្រព្យលើសពី ៣១,៥លានដុល្លារអាមេរិក នឹងកើនដល់៣៦០ ៣៩០នាក់ នៅឆ្នាំ២០២២៕
© រក្សាសិទ្ធិដោយ thmeythmey.com