បុរសវ័យក្មេងជាអ្នកត្រួតពិនិត្យមើលការហោះហើរនៅព្រលានយន្តហោះមួយកន្លែងនាទីក្រុង Palu បានស្លាប់ដោយសារគេព្យាយាមជួយឲ្យយន្តហោះមួយគ្រឿងហោះឡើងសុវត្ថិភាពស្របពេលដែលគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រកើតឡើងនៅថ្ងៃសុក្រទី ២៨ ខែកញ្ញា។
បុរសដែលបានលះបង់ជីវិតខ្លួនដើម្បីជួយឲ្យយន្តហោះមួយគ្រឿងហោះឡើងដោយសុវត្ថិភាពនោះមានឈ្មោះ Anthonius Gunawan Agung ហើយគេទើបមានអាយុ ២១ឆ្នាំប៉ុណ្ណោះ។ Agung បានបំពេញការងារដូចសព្វដងជាអ្នកពិនិត្យមើលការហោះហើរនៅព្រលានយន្តហោះ Mutiara Sis Al Jufri។
នៅថ្ងៃសុក្រ ពេលដែលគ្រោះមហន្តរាយរញ្ជួយដីដ៏មហិមាកម្រិត ៧,៧ រ៉ិចទ័រកើតឡើងនៅទីក្រុង Palu នេះ Agung នៅតែបន្តបំពេញភារកិច្ចរបស់ខ្លួននៅលើប៉ុស្តិ៍ត្រួតពិនិត្យការហោះហើរ ខណៈដែលមិត្តរួមការងារផ្សេងទៀតរត់ចាកចេញទៅរកកន្លែងសុវត្ថិភាពអស់។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន សិង្ហបុរី Straits Times នៅពេលនោះដែរ Agung ព្យាយាមជួយបញ្ជាឧបករណ៍ក្នុងប៉ុស្តិ៍ត្រួតពិនិត្យការហោះហើរ ព្រោះយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Batik កំពុងរត់ឡើង ខណៈដែលផ្លូវរត់របស់យន្តហោះនោះចាប់ផ្តើមបែកប្រេះកាន់ដោយសារការរញ្ជួយដីកាន់តែខ្លាំងនោះ។
បន្ទាប់ពីយន្តហោះហោះឡើងផុតដោយសុវត្ថិភាព ប៉ុស្តិ៍ត្រួតពិនិត្យបាក់បែកកាន់តែខ្លាំង ហើយ Agung បានបង្ខំចិត្តលោតចុះពីជាន់ទីបួនដើម្បីគេចខ្លួន ក្រែងអគារទាំងមូលបាក់សង្កត់។ ប៉ុន្តែគួរឲ្យសោកស្តាយ ពេលលោតមកដល់ដី Agung បាក់ជើង និងគ្រាំខាងក្នុងធ្ងន់ធ្ងរ។
Agung ត្រូវបានគេបញ្ជូនទៅមន្ទីរពេលនៅជិតនោះដែរ ហើយខាងមន្ទីរពេទ្យបានសម្រេចបញ្ជូនបន្តទៅកាន់ពេទ្យធំដែលមានសម្ភារ និងគ្រឿងបរិក្ខាសុខាភិបាលល្អសម្រាប់សង្គ្រោះ។ ប៉ុន្តែ ជាអកុសល Agung បានស្លាប់បាត់បង់ជីវិតមុនពេលដែលឧទ្ធម្ភាគចក្រចាប់ផ្តើមដឹកជញ្ជូនខ្លួនទៅកាន់គោលដៅចុងក្រោយ។ Agung ស្លាប់នៅត្រឹមតែមួយខែទៀតប៉ុណ្ណោះ មុនពេលពេលដែលខ្លួនឈានដល់អាយុ ២២ឆ្នាំ។
វីរភាព និងការលះបង់របស់ Agung ដើម្បីជីវីតរបស់អ្នកដំណើរលើយន្តហោះធ្វើឲ្យប្រជាជនឥណ្ឌូណេស៊ីចងចាំមិនភ្លេច។ ទីភ្នាក់ងារអាកាសចរណ៍ឥណ្ឌូណេស៊ីបានគោរពវិញ្ញណក្ខន្ធ Agung និង បានសម្រេចដំឡើងឋានន្តរស័ក្តិពីរថ្នាក់ដល់សព Agung ផងដែរ។
អ្នកនាំពាក្យទីភ្នាក់ងារអាកាសចរណ៍ឥណ្ឌូណេស៊ី Yohannes Sirait ដែលដឹកនាំក្រុមការងារទៅគោរពវិញ្ញាណក្ខន្ធ Agung បាននិយាយថា Agung បានផ្តល់ការយល់ព្រមឲ្យយន្តហោះហោះឡើង។ បើសិនជា Agung សម្រេចចាកចេញមុនពេលយន្តហោះហោះឡើងនោះ ជីវិតមនុស្សរាប់រយនាក់ក្នុងយន្តហោះនឹងរងគ្រោះថ្នាក់ជាក់ជាមិនខាន។
សូមបញ្ជាក់ថា គ្រោះមហន្តរាយរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័របានវាយប្រហារលើកោះ Sulawesi នៅថ្ងៃសុក្ររួមជាមួយរលកយក្សស៊ូណាមិផង ហើយមកដល់ពេលនេះគេទទួលព័ត៌មានថា មនុស្សយ៉ាងហោចណាស់ ៤០០នាក់បានស្លាប់បានបង់ជីវិត ហើយច្រើនជាង ៥០០នាក់ផ្សេងទៀតបានរងរបួស៕