ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
កង់​បី​ឥណ្ឌា​នៅ​សៀមរាប​កើន​ខ្លាំង​ធ្វើឱ្យ​អ្នករត់​កង់បីខ្មែរបាត់​ចំណូល​ដែល​ធ្លាប់​រកបាន​ដូច​មុន​
01, Oct 2018 , 6:59 pm        
រូបភាព
​សៀមរាប​៖ វត្តមាន​កង់​បី​ឥណ្ឌា បាន​ចូលមកក្នុង​ទីផ្សារ​ប្រទេស​កម្ពុ​ជានា​រយៈពេល​ចុងក្រោយ​នេះ មាន​សន្ទុះ​កាន់តែខ្លាំង​ឡើង​។ ការណ៍​នេះ បានធ្វើឱ្យ​អ្នករត់​កង់​បី​ខ្មែរ បោះបង់ចោល​កង់​បី​ចាស់​ដែល​ធ្លាប់​រត់​អស់​ច្រើន​ឆ្នាំ មក​ទិញ​កង់​បី​ឥណ្ឌា​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប និង​ជាការ​ពេញនិយម​របស់​អតិថិជន​នាពេល​បច្ចុប្បន្ន​។ ជាមួយនឹង​ការ​សម្រុក​ទិញ​ក​កង់​បី​ឥណ្ឌា​ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន​នេះ បាន​បង្កើត​ទីផ្សារ​ប្រកួតប្រជែង​កាន់តែខ្លាំង សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​មួយ​នេះ​។ ព្រោះថា​កង់​បី​ឥណ្ឌា​កាន់តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ធ្វើឱ្យ​ចំណូល​ពីរ​បរ​នេះ ថមថយ​ជាង​ពេលមុន ជាង​ពាក់កណ្ដាល​ឯណោះ​។ បញ្ហា​នេះ បានធ្វើឱ្យ​អ្នករក​ទទួលទាន បារម្ភ​ពី​ទីផ្សារ​កង់​បី​ឥណ្ឌា​ទៅ​ថ្ងៃមុខ ដែល​អាច​ជួបនឹង​បញ្ហា​ទីផ្សារ​ដូច​កង់​បី​ខ្មែរ​យ៉ាង​ដូច្នោះ​ដែរ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖
 


 
​កង់​បី​ឥណ្ឌា​ហាក់​មមាញឹក​ខ្លាំង​នា​រយៈពេល​ចុងក្រោយ​នេះ​។ ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប បែរមក​ជិះ​កង់​បី​ឥណ្ឌា​ដែលមាន​តម្លៃថោក​ជាងកង់​បី​ខ្មែរ​។ ចំណែក​ភ្ញៀវទេសចរ​ក្នុងស្រុក ដែល​ធ្វើដំណើរ​មក​កម្សាន្ត​ខេត្តសៀមរាប ពួកគេ​ក៏​ងាក​មក​ជិះ​កង់​បី​ឥណ្ឌា​ដែរ ដោយសារ​ងាយស្រួល​ហៅ មិនបាច់​តថ្លៃ និង​មាន​តម្លាភាព​រវាង​អ្នករត់ និង​អ្នកជិះ​ជាដើម​។​
 
​កំណើន​កង់​បី​ឥណ្ឌា មាន​សន្ទុះ​កើន​ខ្លាំង​សម្រាប់​ទីផ្សារ​នៅ​ខេត្តសៀមរាប​។ ចំនួន​កង់​បី មានការ​កើនឡើង​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​២ ទៅ​៣​ខែ​មុន ដែលមាន​ត្រឹម​ប្រមាណ ១០០​គ្រឿង​តែប៉ុណ្ណោះ តែ​បច្ចុប្បន្ន​វា​បាន​កើន​ឡើងដល់​ប្រមាណ ៥០០​គ្រឿង​ហើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នករត់​កង់​បី​ឥណ្ឌា​មួយរូប​។​


 
​សម្រាក​ពី​ការដឹក​ភ្ញៀវ កង់​បី​របស់លោក ឡាយ បាន​ឈប់​ចត​នៅក្បែរ​រង្វង់​មូល​នាគ​បាញ់​ទឹក​ផ្សារ​ចាស់​។ ខ្ញុំ​មាន​ពេល​ចូលទៅ​សាកសួរ​ព័ត៌មាន​ពី​របរ​ដឹក​ភ្ញៀវ​របស់លោក ឡាយ បន្តិច​។ លោក ឡាយ ដែល​ធ្លាប់​រត់​កង់​បី​ជាង​១០​ឆ្នាំ​មក​នោះ បាន​ផ្លាស់ប្ដូរ​មក​ទិញ​កង់​បី​ឥណ្ឌា ក្នុងតម្លៃ ៣,៤៥០​ដុល្លារ កាលពី​៣​ខែ​មុន​។ លោក​បាន​ប្រៀបធៀប​ថា កាលពីពេល​លោក​ទើប​ទិញ ប្រភេទ​កង់​បី​ថ្មី​នេះ មាន​ប្រមាណ ១០០​គ្រឿង​ទេ តែ​ឥឡូវ​បរិមាណ​បាន​កើន​ដល់​ប្រហែល ៤០០​ទៅ ៥០០​គ្រឿង ដែល​ធ្វើឱ្យ​របរ​នេះ មិនសូវ​ល្អ​ដូច​មុន​ឡើយ​។

លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​ កាលពី​ដំបូង កង់​បី​ឥណ្ឌា​ពិតជា​រកចំណូលបាន​ខ្ពស់​ជាងកង់​បី​ខ្មែរ​ពិតប្រាកដ​មែន តែ​សព្វថ្ងៃ នៅពេល​ទីផ្សារ​កាន់តែ​ចង្អៀត ចំណូល​ពី​កង់​បី​ទាំង​២​នេះ ប្រហាក់ប្រហែលគ្នា តែ​ខុសគ្នា​ត្រង់​ថា កង់​បី​ឥណ្ឌា​បាន​ចំណូល​រាល់ថ្ងៃ​ដែល​ពឹង​លើ​ទីផ្សារ​ទូទៅ និង​ជិតៗ​ច្រើន ចំណែក​ង់​បី​ខ្មែរ ពឹង​លើ​ការ​កក់​ពី​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ទៅ​តំបន់​ប្រាសាទ និង​កង់​បី​ប្រចាំការ​នៅតាម​សណ្ឋាគារ​ជាដើម​។ លោក ឡាយ ពន្យល់ថា កង់​បី​ឥណ្ឌា​ពឹង​លើ​ទីផ្សារ​ក្នុង​ក្រុង​ខ្លាំង មូលហេតុ​ប្រហែល​មកពី​ការផ្សព្វផ្សាយ​មិនទាន់បាន​ទូលំទូលាយ ដូច្នេះ​ទើប​វា​រៀង​ចង្អៀត​បន្តិច​សម្រាប់​ទីផ្សារ​ភ្ញៀវ​អឺរ៉ុប សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​ថ្មី​នេះ​។​
 
​ដើមឡើយ លោក ឡាយ មាន​របរ​រត់​កង់​បី​ខ្មែរ តែដោយសារ​ភ្ញៀវទេសចរ​កាន់តែ​ថមថយ​ទៅ លោក​ក៏​សម្រេចចិត្ត​លក់​កង់​បី​ខ្មែរ​ចោល ដោ​យមក​ទិញ​កង់​បី​ឥណ្ឌា​វិញ ព្រោះ​គិតថា អាច​ដឹក​ភ្ញៀវ​ក្នុងស្រុក​ជំនួស​ភ្ញៀវទេសចរ ដែលមាន​ពេល​ឡើង និង​ធ្លាក់ចុះ​តាម​រដូវ​កាល​។ លោក​បន្ថែមថា ពលរដ្ឋ​ខ្មែរ​មានការ​ពេញនិយម​ក្នុងការ​ជិះ​យានជំនិះ​បែប​ទំនើប​នេះ​ច្រើន បូករួម​និង​ជនបរទេស​ដែល​ធ្វើការ និង​រស់នៅ​ស្រុក​ខ្មែរ​ផងដែរ​។​
 
​ខ្ញុំ​មិនទាន់​ទៅណា​ឆ្ងាយ​ទេពី​តំបន់​ផ្សារ​ចាស់ ដែល​សម្បូរ​កង់​បី​ឥណ្ឌា និង​ជាទី​ប្រជុំជន​ដ៏​សំខាន់​របស់​ក្រុង​សៀមរាប​។ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កង់​បី​លោក ឡាយ ខ្ញុំ​បាន​ទៅ​ជួប​សាកសួរ​លោក ជី​ង ម៉ាន ម្ដង​។ លោក ជី​ង ម៉ាន ទើបនឹង​ទិញ​កង់​បី​ឥណ្ឌា​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ហើយ​លោក​ហាក់​សប្បាយរីករាយ​ចំពោះ​របរ​ថ្មី​នេះ​ជាខ្លាំង​។​
 
​លោក ជី​ង ម៉ាន ទិញ​កង់​បី​ឥណ្ឌា​ក្នុងតម្លៃ ៣,៦៥០​ដុល្លារ គឺ​ថ្លៃ​ជាង​លោក ឡាយ ទិញ​កាលពី​៣​ខែ​មុន​។ កង់​បី​លោក ជី​ង ម៉ាន បាន​ភ្ជាប់​ប្រព័ន្ធ Pass App របស់​ក្រុមហ៊ុន ដូច​លោក ឡាយ​ដែរ ដែល​ងាយស្រួល​ទំនាក់ទំនង​ជាមួយ​អតិថិជន និង​ទីផ្សារ​ទូលំទូលាយ​។ ក្នុងការ​ភ្ជាប់​សេវា​នេះ លោក​ត្រូវ​បែងចែក​ចំណូល​ជាមួយ​ក្រុមហ៊ុន ដោយ​ក្នុង​មួយ​ជើង​លោក​ត្រូវ​កាត់​សេវា​ទៅ​ក្រុមហ៊ុន​ចំនួន​ប្រមាណ ៧០០​រៀល​។ ក្នុង​មួយថ្ងៃ​លោក​អាច​រត់​បាន​ប្រមាណ ១០​ម៉ឺន​រៀល និង​ក្រោយ​កាត់​ចំណាយ​ហើយ លោក​អាច​សល់​លុយ​ពី​៧ ទៅ​៨​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ផងដែរ​។ កង់​បី​លោក ជី​ង ម៉ាន ដឹកជញ្ជូន​ភាគច្រើន​នៅ​តំបន់​ជិតៗ ហើយ​ក្នុង​មួយ​ជើង​តម្លៃ​៤​ពាន់​រៀល ប៉ុន្តែ​ការដឹកជញ្ជូន​សឹង​មិនមាន​ពេល​សម្រាក​ក៏មាន​។​


 
​លោក ជី​ង ម៉ាន មើលឃើញ​ទីផ្សារ​កង់​បី​ឥណ្ឌា​សព្វថ្ងៃនេះ​ល្អ​សម្រាប់​មុខរបរ​មួយ​នេះ​។ លោក​និយាយ​ដោយ​ទឹកមុខ​ញញឹម​ថា ជា​រៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ក៏​លោក​អាច​រកបាន ១០​ដុល្លារ​ដែរ មុនពេល​ចូល​ផ្ទះ ហើយ​អាច​រកបាន​ច្រើនជាង​នេះ បើ​លោក​តស៊ូ​រត់​ដោយ​មិន​ដាក់​កាលវិភាគ​សម្រាក​នោះ​។​
 
​កន្លងមក គេ​សង្កេតឃើញថា របរ​រត់​កង់​បី​ភាគច្រើន​ជាការ​ងារ​បុរស តែ​វា​ចម្លែក​បន្ដិច បើ​ការងារ​នេះ​មាន​ស្ដ្រី​រក​ដែរនោះ​។ ខ្ញុំ​បាន​ជួប​អ្នកស្រី សំ នៅលើ​ដងផ្លូវ​ស៊ី​វុត្ថា នៅ​កែង​សណ្ឋាគារ​មួយកន្លែង​ក្បែរ​ផ្សារ​ចាស់​ដែរ​។ អ្នកស្រី បាន​ឈប់​សុំ​ចត​នៅ​កៀន​ផ្លូវ និង​កំពុង​ពិនិត្យមើល​ទូរ​សព្ទ ដែល​ដាក់​ភ្ជាប់​ផ្នែក​ខាងមុខ កង់​បី​ថ្មី​របស់​អ្នកស្រី​។ គាត់​ប្រាប់ថា ទើបនឹង​ដូរ​មក​ទិញ​កង់​បី​ឥណ្ឌា​នេះ ទើបនឹង​បាន​២,៣​ថ្ងៃនេះ​ទេ ដោយសារ​ទ្រាំ​នឹង​ទីផ្សារ​រត់​កង់​បី​ខ្មែរ​មិនបាន​។​
 
​អ្នកស្រី សំ ធ្លាប់​រត់​កង់​បី​ខ្មែរ​ជាង​មួយឆ្នាំ​មកហើយ ដោយ​ដាក់​វេន​ជាមួយ​ប្ដី​អ្នកស្រី ឆ្លាស់​វេន​គ្នា​រត់​ជាប្រចាំ​ថ្ងៃ​។ ជាមួយនឹង​កង់​បី​ឥណ្ឌា ដែល​ត្រូវ​ប្រើ​ប្រព័ន្ធ​ភ្ជាប់​ផែនទី​ក្នុងការ​ដឹកជញ្ជូន​ភ្ញៀវ ដើមឡើយ​ធ្វើឱ្យ​អ្នកស្រី សំ ដែលមាន​កម្រិតវប្បធម៌​មិនសូវ​ខ្ពស់ មាន​ភាពស្មុគស្មាញ​បន្ដិច​មែន តែ​ឥឡូវនេះ​គាត់​បាន​យល់ច្បាស់​ចំពោះ​បច្ចេកវិទ្យា​ថ្មី​នេះ​បាន​ច្រើន ធ្វើឱ្យ​គាត់​ងាយស្រួល​ក្នុងការ​ស្វែងរក​ទីកន្លែង​ដែល​ភ្ញៀវ​ហៅ​។​
 
​ទៅ​ថ្ងៃមុខ បើ​ទីផ្សារ​កង់​បី​ឥណ្ឌា​នៅ​ល្អ អ្នកស្រី សំ មានបំណង​ទិញ​មួយគ្រឿង​ទៀត ដើម្បី​ពង្រីក​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​។ តែ​នៅ​ចំពោះមុខ​នេះ ទីផ្សារ​មិនទាន់​ទូលំទូលាយ កំណើន​កង់​បី​ឥណ្ឌា​កាន់តែច្រើន អ្នកជិះ​នៅ​តិច​នៅឡើយ អ្នកស្រី សំ ថា​មិនទាន់​សម្រេច​ទិញ​ទេ ដោយ​ខ្លា​ចរត់​មិន​រួច ណាមួយ​គ្រួសារ​អ្នកស្រី​នៅជាប់​បំណុល​ធានា​គារ​មួយផ្នែក​ផង​នោះ​។​
 
​ចំណែក​លោក ឡាយ លោក​ក៏​បង្ហាញ​ការបារម្ភ​ចំពោះ​ទីផ្សារ​កង់​បី​ឥណ្ឌា​ដែរ​។ លោក​មើលឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​នៅមានកម្រិត​នៅឡើយ ក្នុងការ​ដឹងឮ​ពី​មធ្យោបាយ​ដឹកជញ្ជូន​មួយ​នេះ ហើយ​ពួកគេ​មួយចំនួន​នៅតែ​ជិះ​ម៉ូតូឌុប និង​កង់​បី​ខ្មែរ​នៅឡើយ​។ មួយវិញទៀត គឺ​កំណើន​អ្នករត់​ស៊ី​កង់​បី​ឥណ្ឌា​នេះ កាន់តែ​កើនឡើង​ពីមួយ​ថ្ងៃទី​មួយថ្ងៃ ធ្វើឱ្យ​ទីផ្សារ​មាន​ភាព​ចង្អៀត​ខ្លះ​ដែរ​៕
 

Tag:
 កង់​បី​ឥណ្ឌា​
 ​យានយន្ត​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com