រថយន្ត
អន្តរជាតិ
អាហ្វ្រិកខាងត្បូង និងម៉ារ៉ុក ជាទីផ្សាររថយន្តដ៏ធំជាងគេនៅទ្វីបអាហ្វ្រិក
× អាហ្វ្រិកខាងត្បូង និងម៉ារ៉ុក គ្របដណ្តប់ស្ទើរតែ៩០ភាគរយនៃទីផ្សាររថយន្តនៅក្នុងទ្វីបអាហ្វ្រិកទាំងមូល ដោយមិនមែនត្រឹមតែជាទីតាំងនៃផលិតផលក្នុងស្រុកប៉ុណ្ណោះនោះទេ ប៉ុន្តែប្រទេសទាំងពីរ ជាគោលដៅទាក់ទាញដ៏ធំនៃក្រុមហ៊ុនយានយន្តក្រៅប្រទេស។
ក្រុមហ៊ុន Renault-Psa, Toyota, Volkswagen, Mercedes, Hyundai និងFord ជាដើមសុទ្ធតែបានឈានជើងចូលក្នុងទីផ្សារអាហ្វ្រិក។ នៅអាហ្វ្រិកខាងត្បូង រថយន្តប្រមាណ៤០០ ០០០គ្រឿងត្រូវបានលក់ដាច់ជារៀងរាល់ឆ្នាំ ពោលគឺមានភាគរយច្រើនជាងទ្វីបអាហ្វ្រិកទាំងមូលទៅទៀត។
នៅម៉ារ៉ុកឯណោះវិញ ក្រុមហ៊ុន PSA របស់បារាំង បានបើកដំណើរការរោងចក្រដែលអាចផលិតបានរថយន្តប្រមាណ៩០ ០០០គ្រឿង ក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងមជ្ឈឹមបូព៌ា។ ក្រុមហ៊ុនដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ Renault ក៏មើលឃើញពីសក្តានុពលនៅអាល់ហ្សេរីផងដែរ។
ទោះបីជាមានការវាយលុកពីបណ្តាក្រុមហ៊ុនក្រៅស្រុកយ៉ាងណាក្តី ប៉ុន្តែទីផ្សារនៅអាហ្វ្រិកទាំងមូល ក៏ប្រឹងឈរជើងយ៉ាងរឹងមាំផងដែរ។ ក្រុមហ៊ុនម៉ារ៉ុក Laraki មានផលិតផលរថយន្ត Fulgura, Borac និង Epitome រួមទាំងរថយន្តទំនើបជាច្រើនទៀត។
នៅអាហ្វ្រិកខាងត្បូង ក្រុមហ៊ុនអាហ្វ្រិកក៏មានចំនួនច្រើនផងដែរ ក្នុងនោះមានដូចជា Perana Performance Group, Z-One , Birkin Cars ដែលផលិតរថយន្តប្រភេទកីឡា S3 Roaster និងLotus Super 7 ជាដើម។ បន្ថែមពីលើនេះ ក្រុមហ៊ុន Bailey Edwards Cars ក៏មានឈ្មោះល្បីល្បាញផងដែរលើផលិតរថយន្តប្រណាំងដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនជប៉ុន អឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត។ Advanced Automotive Design ជាក្រុមហ៊ុនដ៏ល្បីល្បាញមួយផ្សេងទៀតរបស់អាហ្វ្រិកខាងត្បូង ដែលបានផលិតម៉ូដែល Shaka Giotto និង Shaka Nynya។
ម៉ូដែលមកពីបណ្តាប្រទេសអាហ្វ្រិកផ្សេងទៀតរួមមាន Saroukh el-Jamahiriya របស់លីប៊ី Kiira EV នៃក្រុមហ៊ុន Kiira Motors Corporation របស់អ៊ូហ្គង់ដា Wallyscar របស់ទុយនីស៊ី IVM Uzo និង IVM Umu នៃក្រុមហ៊ុន Innoson Vehicle Manufacturing (IVM) របស់នីហ្សេរីយ៉ា Kantaka របស់ហ្គាណា និង Mobius នៃក្រុមហ៊ុន Kenya Vehicle Manufacturers (KVM) របស់កេនយ៉ា ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com