សិល្បៈអន្តរជាតិ
អន្តរជាតិ
លោក Charles Aznavour ម្ចាស់​បទ «Et Pourtant» (​ទោះយ៉ាងណា​) ស្លាប់​ក្នុង​អាយុ​៩៤​ឆ្នាំ​
02, Oct 2018 , 12:11 pm        
រូបភាព
លោក Charles Aznavour អ្នក​ចម្រៀងបារាំង អាមេនី ទទួលមរណភាពក្នុងអាយុ​៩៤ឆ្នាំ។ រូបថត AFP
លោក Charles Aznavour អ្នក​ចម្រៀងបារាំង អាមេនី ទទួលមរណភាពក្នុងអាយុ​៩៤ឆ្នាំ។ រូបថត AFP
ដោយ: រួបរួម
​លោក Charles Aznavour ជា​អ្នកចម្រៀង​ដ៏​ល្បីឈ្មោះ​របស់​បារាំង ដែលមាន​ដើមកំណើត​ពី​គ្រួសារ​អា​មេ​នី បានទទួល​មរណភាព​ក្នុង​អាយុ​៩៤​ឆ្នាំ កាលពី​ថ្ងៃទី​១ ខែតុលា នៅ​តំបន់ Mouries ប្រទេស​បារាំង​។ លោក Charles បាន​និពន្ធ និង​ច្រៀង​ចម្រៀង​រាប់ពាន់​បទ ដែល​ក្នុងនោះ​មាន​បទ «Et Pourtant» ដែល​លោក ស៊ីន ស៊ី​សាមុត យកទៅ​បកស្រាយ​ជា​ភាសា​ខ្មែរ ក្រោម​ចំណងជើង​ថា «​ទោះយ៉ាងណា​» ផងដែរ​។

 
​លោក Charles Aznavour ត្រូវបាន​ចាត់ទុកជា​អ្នកចម្រៀង​ម្នាក់​របស់​បារាំង ដែលមាន​ភាពល្បីល្បាញ​នៅក្រៅ​ពិភព​ហ្វ្រ​ង់​កូ​ហ្វូ​ន [​អ្នក​និយាយ​ភាសា​បារាំង​] ផងដែរ ដោយសារ​ព័ត៌មាន CNN និង Times ចាត់ទុក​លោក​ថា មាន​ភាព​អស្ចារ្យ​មិន​ចាញ់​លោក Bob Dylan, Frank Sinatra និង Elvis Presley នោះឡើយ​។​
 
​ចាប់ផ្តើម​អាជីព​នៅ​ឆ្នាំ​១៩៤៦ លោក Charles បាន​និពន្ធ និង​ច្រៀង​ជាង​១​ពាន់​បទ ហើយ​ត្រូវបាន​បកប្រែ​ជា​ភាសា​ជាច្រើន ដូចជា​អង់គ្លេស អេ​ស្ប៉ា​ញ អាល្លឺម៉ង់ អា​មេ​នី រុស្ស៊ី និង​ភាសា​កា​បែ​ល ជាដើម​។ លោក​បានចាប់ផ្តើម​ល្បីល្បាញ ក្រោយ​បង្ហាញខ្លួន​នៅលើ​ទូរទស្សន៍ Tele Paris នៅ​ឆ្នាំ​១៩៥៥​។​
 
​បទ​ចម្រៀង​ល្បីល្បាញ​របស់លោក កាលពី​អំឡុង​ឆ្នាំ​១៩៦០ រួមមាន Tu t’laisses aller (១៩៦០), Il faut savoir (១៩៦១), Les comédiens (១៩៦២), La mamma (១៩៦៣), Et pourtant (១៩៦៣), Hier encore (១៩៦៤), For Me Formidable (១៩៦៤), Que c'est triste Venise (១៩៦៤), La Bohème (១៩៦៥), Emmenez-moi (១៩៦៧) និង​បទ Désormais (១៩៦៩) ជាដើម​។​
 
​បទ​ភាគច្រើន​របស់លោក រៀបរាប់​ពី​ស្នេហា និង​អនុ​ស្សារី​យ៍​កន្លងមក​ផុត​ទៅ ដែល​ក្នុងនោះ​មាន​បទ «Et Pourtant» ដែល​ត្រូវបាន​អធិរាជ​សំឡេង​មាស​ខ្មែរ ស៊ីន ស៊ី​សាមុត យកទៅ​បកស្រាយ​ជា​ភាសា​ខ្មែរ ក្រោម​ចំណងជើង​ថា «​ទោះយ៉ាងណា​» ផងដែរ​។​
 
 
នៅ​ឆ្នាំ​២០០០ ពេល​ឈានដល់​អាយុ​៧៦​ឆ្នាំ លោក​បានប្រកាស​ឈប់​ពី​អាជីព​របស់ខ្លួន ទាំង​ការ​ច្រៀង ការនិពន្ធ​បទ​ចម្រៀង ការសម្តែង និង​ការសរសេរ​សៀវភៅ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក Charles ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការលើក​កម្ពុជា​ទំនាក់ទំនង​ការទូត​រវាង​បារាំង និង​អា​មេ​នី​ផងដែរ ចាប់ពី​ឆ្នាំ​១៩៩៥​។ នៅ​ឆ្នាំ​២០០៨ លោក​ទទួលបាន​សញ្ជាតិ​អា​មេ​នី​នៅ​ឆ្នាំ​២០០៨ បន្ទាប់មក​លោក​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អា​មេ​នី​ប្រចាំ​ស្វី​ស និង​ជា​តំណាង​អចិន្ត្រៃយ៍​របស់​ប្រទេសមួយ​នេះ ប្រចាំ​អង្គការសហប្រជាជាតិ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com