ជាតិ
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
របរ​ដាល់អំបុក​លក់ នាំ​ឲ្យ​ជីវភាព​គ្រួសារ​អ្នកស្រី ធ​ល ម៉ាច លែង​ខ្វះមុខ ខ្វះក្រោយ​
08, Oct 2018 , 10:31 am        
រូបភាព
ដោយ:
​ព្រៃវែង​៖ នៅក្រោម​ផ្ទះ អ្នកស្រី ធ​ល ម៉ាច និង លោក ថៃ ឈឿន មាន​ភ្ញៀវ​ចេញចូល​ជា​រៀងរាល់ថ្ងៃ ដោយ​អ្នក​ទាំងនោះ សុទ្ធតែជា​ម៉ូយ​ដុំ​ដែល​ទិញ​អំបុក​យកទៅលក់​បន្ត​។ គ្រួសារ​កសិករ​ដែលរ​ស់​នៅ​ភូមិ​ក្បាលដំរី ឃុំ​ថ្ម​ពូន ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង មួយ​នេះ ប្រកប​របរ​ដាល់អំបុក​លក់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​។​


«​ពួក​ខ្ញុំ​ត្រូវ​ក្រោក​តាំងពី​ម៉ោង​៥​ព្រឹក​ដើម្បី​ជាន់​អំបុក ហើយ​បន្តធ្វើ​រហូតដល់​ពេល​ល្ងាច​»​។ អ្នកស្រី ធ​ល ម៉ាច បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន ThmeyThmey25 យ៉ាង​ដូច្នេះ​។ ស្ត្រី​វ័យ​៥៥​ឆ្នាំ​រូបនេះ បាន​អះអាង​បន្ថែមថា ក្នុង​មួយថ្ងៃ គ្រួសារ​របស់​អ្នកស្រី​ផលិត​អំបុក បាន​ពី​១៥០​ទៅ​២០០​កំប៉ុង​ដើម្បី​បោះ​ឲ្យ​ម៉ូយ​ប្រចាំ​។​
 

​អំបុក​ស្រូវ​ថ្មី​មួយ​កំប៉ុង​មានតម្លៃ​៨០០​រៀល ហើយ​បើតាម​សង្វាក់​នៃ​ការផលិត អ្នកស្រី ធ​ល ម៉ាច និង​ស្វាមី អាច​រកចំណូលបាន​ពី​១២​ម៉ឺន ទៅ​១៦​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ដែលមាន​កូន និង​ចៅ​សរុប​៤​នាក់​ក្នុងបន្ទុក​។​



​ចាប់តាំងពី​ដើមឆ្នាំ​២០១៨ មក គ្រួសារ​មួយ​នេះ ហាក់ដូចជា​ធូរស្រាល​កម្លាំង​ជាង​មុន ព្រោះតែ​លោក ថៃ ឈឿន បាន​កែច្នៃ​ត្បាល់​ដោយ​ដាក់​ម៉ាស៊ីន​ជំនួស​ឲ្យ​ការជាន់​ចុះ​ជាន់ឡើង​ដោយ​ជើង​។ អ្នកស្រី ធ​ល ម៉ាច បញ្ជាក់ថា​៖ «​ថ្វីត្បិតតែ​សព្វថ្ងៃ យើង​ដាល់​បាន​ច្រើនជាង​មុន​ដោយសារ​កម្លាំង​ម៉ាស៊ីន​ក៏ដោយ ប៉ុន្តែ​យើង​នៅតែ​មិនអាច​ផ្គត់ផ្គង់​តាម​តម្រូវការ​អតិថិជន​ឡើយ​»​។​


​ស្ត្រី​វ័យ​៥៤​ឆ្នាំ​រូបនេះ បាន​អះអាងថា អំបុក​របស់គាត់​មាន​រសជាតិ​ផ្អែម ទន់ ស្រួយ ឆ្ងាញ់ និង​មាន​ក្លិប​ក្រអូប ដោយ​ផលិត​ចេញពី​ប្រភេទ​ពូជស្រូវ​រំដួល និង​អ៊ី​អ៊ែរ ដែល​ទើបតែ​ប្រមូល​ផល​បាន​ថ្មីៗ​។ តម្រូវការ​ខ្ពស់បំផុត​គឺ​នា​អំឡុង​នៃ​ពិធីបុណ្យ​ទាន​ធំៗ ។​

​បើតាម​លោក ថៃ ឈឿន អាយុ​៥៥​ឆ្នាំ ភូមិ​ចំនួន​៣​នៃ​ស្រុក​ក​ញ្ច្រៀ​ច រួមមាន​ភូមិ​ថ្ម​ពូន ភូមិ​ព្រះឥន្ទ​ស្មត់ និង​ភូមិ​ក្បាលដំរី មាន​ប្រជាពលរដ្ឋ​ជាច្រើន​ប្រកប​របរ​ដាល់អំបុក​ល​ក់​។ «​ទោះបី​នឿយហត់​បន្តិច​ក៏ដោយ តែ​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ យើង​សប្បាយ​ដែល​ទទួលបាន​ចំណូល​ទ្រទ្រង់​ជីវភាព​គ្រួសារ បន្ថែម​ពីលើ​របរ​ធ្វើស្រែ​»​។ នេះ​ជាការ​អះអាង​ព្រមៗ​គ្នា​របស់លោក ថៃ ឈឿន និង​អ្នកស្រី ធ​ល ម៉ាច​។ 



​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv


 

© រក្សាសិទ្ធិដោយ thmeythmey.com