ភ្នំពេញ៖ ក្នុងសវនាការ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ចៅក្រមនៃតុលាការខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសតំណាងសហគមន៍៤នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ក្រោមបទចោទ «ប្រើប្រាស់ហិង្សារលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ដែលមានឧកញ៉ា តាន់ តាក់ និងឧកញ៉ា ឡុញ វណ្ណ: ជាអ្នកប្តឹង។
រយៈពេល១ឆ្នាំនេះ ចៅក្រម កំណត់ឲ្យតំណាងសហគមន៍ទាំង៤នាក់ ជាប់ពន្ធនាគារ៧ខែ ហើយ៥ខែទៀត ត្រូវព្យួរ។ ប៉ុន្តែ បើគិតទៅ តំណាងសហគមន៍ទាំងនោះ ត្រូវជាប់ពន្ធនាគារតែ២ខែទៀតប៉ុណ្ណោះ នឹងត្រូវដោះលែងវិញហើយ ដោយសារតែពួកគេ ត្រូវបានចាប់ខ្លួន និងជាប់ឃុំជិត៥ខែរួចមកហើយ។
ក្រៅពីកំណត់ឲ្យជាប់ពន្ធនាគារ ចៅក្រម នៅតម្រូវឲ្យតំណាងសហគមន៍ទាំង៤នាក់ បង់ប្រាក់១០លានរៀល ក្នុងម្នាក់ៗ ថែមទៀត ដើម្បីយកទៅឲ្យឧកញ៉ាទាំង២ ទុកជាការសងជំងឺចិត្ត។ តំណាងសហគមន៍ទាំង៤នាក់ រួមមាន លោក ញ៉ាញ់ ជាតិ លោក មែន ខេន លោក កៅ ហេង និង លោកស្រី ឡុច ទូច។ ជម្លោះដីធ្លីនេះ កើតឡើងនៅសហគមន៍អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ពេលសមត្ថកិច្ច នាំខ្លួនចេញពីសវនាការ ទៅកាន់រថយន្ត ដើម្បីដឹកទៅពន្ធនាគារ លោកស្រី ឡុច ទូច បានស្រែកខ្លាំងៗយ៉ាងដូច្នេះថា៖«តុលាការនេះ ពុករលួយ តុលាការនេះ អយុត្តិធម៌។ គេ អ្នកខុសសោះ មិនយកគេ ដាក់គុកទេ តែមកយកម្ចាស់ដី ដាក់គុក។ សូមឲ្យសម្តេច ហ៊ុន សែន ជួយ។ សហគមន៍យើងទាំងអស់ នាំគ្នាដង្ហែលទៅភ្នំពេញ ដើម្បីសុំឲ្យដោះលែង។ មានតែសម្តេចទេ [ដែលអាចជួយបាន]»។
មានប្រជាពលរដ្ឋ មិនតិចជាង១០០នាក់នោះទេ ដែលមកពីបណ្តាសហគមន៍នានា បានទៅស្រែកតវ៉ា នៅមុខតុលាការខេត្តព្រះសីហនុ ខណៈចៅក្រម កំពុងបើកសវនាការកាត់ទោសអ្នកទាំង៤។ ប្រជាពលរដ្ឋទាំងនោះ សម្តែងការសោកស្តាយ៉ាងខ្លាំង ដោយអ្នកខ្លះស្រែកទ្រហោយំ ក្រោយទទួលដំណឹងថា អ្នកទាំង៤ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ និងតម្រូវឲ្យបង់ប្រាក់ជួនឧកញ៉ាទាំង២។
លោក ស៊ុយ ឈុនហាក់ មេធាវីការពារក្តីឲ្យតំណាងសហគមន៍ទាំង៤នាក់ មិនទាន់អាចសម្រេចចិត្តឲ្យច្បាស់នោះទេ ថាលោក នឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ឬយ៉ាងណា។ លោក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា លោក ត្រូវទៅពិភាក្សាជាមួយកូនក្តី ជាមុនសិន។ ប៉ុន្តែ លោក ហ៊ានសន្និដ្ឋានថា កូនក្តីរបស់លោក អាចនឹងសម្រេចិត្តប្តឹងទៅសាលាឧទ្ធរណ៍ ដោយសារតែពួកគេ មិនសុខចិត្តនឹងការសម្រេចរបស់តុលាការខេត្តព្រះសីហនុនោះទេ។
មេធាវីរូបនេះ រៀបរាប់ថា ប្រជាពលរដ្ឋ ដោយរួមមានទាំងកូនក្តីរបស់លោកផង បាននាំគ្នាទៅរស់នៅលើដីធ្លីនោះ តាំង១៩៩២មកម្ល៉េះ។ លោក បន្តថា ក្រោយមក តំបន់នោះ ក៏ក្លាយទៅជាដីរដ្ឋ មិនមែនជាដីឯកជនទេ។
លោក សង្កត់ធ្ងន់បែបនេះថា៖«បើដីរដ្ឋ ត្រូវឲ្យរដ្ឋជាអ្នកប្តឹង មិនមែនបុគ្គលណាមួយ មកប្តឹងទេ។ ខ្ញុំ សូមបញ្ជាក់ថា អ្នកប្តឹងនោះ គ្មានគុណសម្បត្តិគ្រប់គ្រាន់ មកធ្វើជាដើមបណ្តឹងទេ»៕