ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ គម្រោង​បង្កើត​ខេត្ត​ថ្មី បាន​ក្លាយជា​សាច់ជ្រូក​៣​ជាន់ សម្រាប់​មន្ត្រី​ខិលខូច​
05, Oct 2018 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ខេត្ត​ថ្មី​ពីរ ដែល​រដ្ឋាភិបាល ប្រកាសថា​នឹង​បង្កើតឡើង ត្រូវបាន​លុបចោល​ទៅវិញ​។ មូលហេតុ​ចម្បង គឺ​មកពី​ប្រមុខ​រដ្ឋាភិបាល ខឹង​នឹង​មន្ត្រី​មួយចំនួន ដែល​ប្រជែង​គ្នា​យក​តំណែង ខណៈ​ខេត្ត​ថ្មី​ទាំងពីរ មិនទាន់​លេចចេញ​រូបរាង​នៅឡើយ​។​

 

 
​ខេត្ត​ថ្មី​ពីរ ដែល​កំពុងស្ថិត​ក្នុង​គ​ម្រោ​ង ដោយ​មិនទាន់​កើតឡើង​ផង ស្រាប់​តែមាន​មន្ត្រី​ខ្លះ  ហ៊ាន​ស្នើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​តែម្តង ដើម្បី​សុំ​កាន់តំណែង​ផ្សេងៗ ជា​ពិ​សេ​តំណែង​ជា​អភិបាល​និង​អភិបាលរង​ខេត្ត រួមទាំង​តំណែង​ជា​ប្រធាន​និង​អនុប្រធាន​មន្ទីរ​ផងដែរ​។ ទង្វើ​របស់​មន្ត្រី​បែបនេះ ធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ហួសចិត្ត​និង​ខឹង​យ៉ាងខ្លាំង ហើយក៏​ប្រកាស​លុបចោល​វិញ នូវ​គម្រោង​បង្កើត​ខេត្ត​ថ្មី​។ 

​ពី​វេទិកា​ស្តីពី​ទិវា​គ្រូបង្រៀន នា​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា អះអាងថា មន្ត្រី​ទាំងនោះ ថែមទាំង​ផ្គូផ្គង​តំណែង​ជាមុន និង​យកលុយ​ពីគ្នា ដើម្បី​ដោះដូរ​យក​តំណែង​។ មេដឹកនាំ​កម្ពុជា ស្តីបន្ទោស​មន្ត្រី​ទាំងនោះ​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ថា​៖«​ឯង​មិនទាន់​សម្រេច​បង្កើត​ឬ​មិនបង្កើត​ផង មក​ចែកគ្នា​ធ្វើ​ចៅហ្វាយខេត្ត​ទៅហើយ​។ ខ្ញុំ ចារ​ទៅវិញ តើ​ប្រញាប់​ងាប់​ទៅណា​? វា ទៅជា​ឆ្កួត​អស់​ទៅ​។ ឥឡូវ​ឈប់ នៅ​ឲ្យ​ស្ងៀម បាន​ហើយ មហាផ្ទៃ កុំ​ធ្វើ​អ្វី​តទៅទៀត​»​។  

​រឿង​មួយទៀត ដែល​ធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន មិន​ស​ប្បាប​យ​ចិត្ត ហើយ​ឈានដល់​សម្រេច​លុបចោល​គ​ម្រោ​ង​បង្កើត​ខេត្ត​ថ្មី គឺ​ដោយសារតែ​គម្រោង​នេះ ត្រូវបាន​បែកធ្លាយ​។ នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់​បែបនេះ​ថា​៖«​ខ្ញុំ​ស្មានតែ​គេ​យកទៅ​សិក្សា​ស្ងាត់ៗ ដូច​កាលពី​បង្កើត​ខេត្ត​ត្បូងឃ្មុំ​...​តែ​នេះ យកទៅ​បញ្ចេញ​តែម្តង ដូចជា​មិន​ដល់​២៤​ម៉ោង​ផង​។ អ៊ីចឹង​ហើយ បានជា​វា​កើតរឿង​។ វា​បាន​ក្លាយទៅជា​សាច់ជ្រូក​៣​ជាន់ សម្រាប់​មន្ត្រី​ខិលខូច​»​។ 

​សំឡេង​របស់​សម្តេច ហ៊ុន សែន ដែល​ថ្លែង​ក្នុង​វេទិកា​ស្តីពី​ទិវា​គ្រូបង្រៀន​




​ក្រោយសម្តេច​​នាយករដ្ឋមន្ត្រី​ប្រកា​សរួច ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​ចេញ​ស​.​ជ​.​ណ​. (​សេចក្តី​ជូន​ដំណឹង​) មួយ​ភ្លាម ដើម្បី​លុបចោល​នូវ​គម្រោង​បង្កើត​ខេត្ត​ថ្មី​។ 

សូមរម្លឹកថា ​គម្រោង​បង្កើត​ខេត្ត​ថ្មី ត្រូវបាន​ក្រសួងមហាផ្ទៃ ដាក់សំណើ​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល កាលពី​អំឡុង​ខែ សីហា ឆ្នាំ​២០១៨ ហើយក៏​ទទួលបាន​ការយល់ព្រម​។ បើតាម​គម្រោង​នេះ ក្នុងចំណោម​ខេត្ត​ថ្មី​ទាំងពីរ មាន​មួយ គ្រោង​បំបែក​ចេញពី​ខេត្តកណ្តាល ហើយ​មួយទៀត គ្រោង​បង្កើត​ចេញពី​ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី​៕    
  
    
 
 

© រក្សាសិទ្ធិដោយ thmeythmey.com