ជាតិ
ភ្ញៀវទេសចរមកទស្សនាខេត្តព្រះសីហនុ កើនឡើង៦,៥៦ភាគរយ ដែលក្នុងនោះភ្ញៀវចិនច្រើនជាងគេ
× ភ្នំពេញ៖ ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុក្នុងរយៈពេល៩ខែ នាឆ្នាំ២០១៨នេះមានចំនួន១,៦១០,២៦៩នាក់ មានការកើនឡើង ៦.៥៦ភាគរយ ធៀបនឹង ៩ខែដើមឆ្នាំ២០១៧ ដែលមានចំនួន ១,៥១១,០១៩នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,១៩៥,៤៤០នាក់ និងអន្តរជាតិមានចំនួន ៤១៤,៨២៩នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា ភ្ញៀវទេសចរសំខាន់ មាន១០ប្រទេស ដែលក្នុងនោះភ្ញៀវទេសចរចិននាំមុខគេ មានចំនួន ១៣០.៦៤៤នាក់ កើន៣៨.៥៤ភាគរយ ដែលតាមពីក្រោយដោយភ្ញៀវទេសចរវៀតណាម ២៨.៧៨៧នាក់ កើន៩.៣៦ភាគរយ។ ក្រៅពីនេះមានភ្ញៀវទេសចអង់គ្លេស ២៥.៣៩៧នាក់ ថយចុះ ២.៨២ភាគរយ, រុស្ស៊ី ២៤.៧២២នាក់ កើន ២៣.១៣ភាគរយ, បារាំង ២៣.៤១៧នាក់ ថយចុះ ១៣.៩៤ ភាគរយ, អូស្ត្រាលី ២៣.៧០៩នាក់ ថយចុះ ៣.៥៣ភាគរយ, អាម៉េរិក ២៣.១៦៦នាក់ ថយចុះ ៤.៤០ភាគរយ, ថៃ ២១.៧៦៥នាក់ កើន៣៨.០៥ភាគរយ, អាល្លឺម៉ង់ ២១.២៩៣នាក់ កើន ៣.៣៧ភាគរយ, ម៉ាឡេស៊ី ១៣.៣៩៩នាក់ កើន ៧៣១.៧១នាក់»។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរចេញផ្សាយកាលពីដើមខែកញ្ញា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៨ មានភ្ញៀវទេសចរជនជាតិចិនចំនួន ១,១ លាននាក់ មកទស្សនានៅប្រទេសកម្ពុជាដែលកើន ៧២,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាទៅដឹងឆ្នាំ២០១៧។
លោក ថោង ខុនរដ្ឋ មន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានព្យាករណ៍ថា ប្រទេសកម្ពុជានឹងទាក់ទាញអ្នកទេសចរចិនយ៉ាងហោចណាស់ ១,៧ លាននាក់នៅក្នុងឆ្នាំ ២០១៨ ហើយកើនឡើងដល់ ២,៥ លាននាក់នៅក្នុងឆ្នាំ ២០២០។ ក្នុងឆ្នាំ២០១៧ មានភ្ញៀវទសចរបរទេសមកទស្សនាកម្ពុជាចំនួន៥, ៦លាន ក្នុងនោះមានទេសចរចិន ១,២១ លាននាក់ ហើយទទួលបានចំណូលបាន៣,៦ពាន់លានដុល្លារ៕
Tag:
ទេសចរ
តាំង សុចិត្តគ្រឹស្នា
ខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com